ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​អាច​ពន្យា​ការ​បោះ​ឆ្នោត​តែងតាំង​លោក Kavanaugh ជា​ចៅក្រម​តុលាការ​កំពូល​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ


រូបឯកសារ៖ លោក Brett Kavanaugh បេក្ខជន​ចៅក្រម​តុលាការ​កំពូល​
រូបឯកសារ៖ លោក Brett Kavanaugh បេក្ខជន​ចៅក្រម​តុលាការ​កំពូល​

ប្រសិនបើ​ព្រឹទ្ធសភា​បោះ​ឆ្នោត​យល់ព្រម​លើ​ការ​តែងតាំង លោក Kavanaugh នឹង​ជំនួស​តំណែង​លោក​ចៅក្រម Anthony Kennedy ដែល​ចូល​និវត្តន៍។ តុលាការ​កំពូល​អាមេរិក​ដែល​មាន​ចៅក្រម​ទាំង​អស់ ៩ រូប ឥឡូវ​នេះ​កំពុង​ដំណើរការ​ដោយ​មាន​ចៅក្រម​តែ ៨ រូប​ប៉ុណ្ណោះ។

ការ​បោះ​ឆ្នោត​សម្រេច​ចុង​ក្រោយ​របស់​ព្រឹទ្ធសភា​អាមេរិក​លើ​ការ​តែងតាំង​លោក Brett Kavanaugh ជា​ចៅក្រម​តុលាការ​កំពូល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ។

ប៉ុន្តែទោះបីជា​យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សមាជិក​ព្រឹទ្ធសភា​នានា​គ្រោង​នឹង​ពិនិត្យ​របាយការណ៍​របស់​ទីភ្នាក់ងារ FBI អំពី​ការ​ចោទ​ប្រកាន់​លោក Kavanaugh ថា​ បាន​បំពាន​ផ្លូវ​ភេទ​លើ​លោកស្រី Christine Blasey Ford នៅ​ពេល​ដែល​ពួកគេ​រៀន​នៅ​ថ្នាក់​វិទ្យាល័យ និង​បាន​បង្ហាញ​ប្រដាប់​ភេទ​របស់​លោក​ឲ្យ​ស្ត្រី​ម្នាក់​ទៀត​ឃើញ​នៅ​ពេល​ពួកគេ​រៀន​ឆ្នាំ​ទី​មួយ​នៅ​សាកលវិទ្យាល័យ។

លោក Kavanaugh បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

ការ​តតាំង​រវាង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​តែងតាំង​លោក Kavanaugh នេះ បាន​ធ្វើ​ឲ្យ​ព្រឹទ្ធសភា​អាមេរិក​បែកបាក់​គ្នា ដោយ​គណបក្ស​សាធារណរដ្ឋ​ចោទ​ប្រកាន់​គណបក្ស​ប្រជាធិបតេយ្យ​ថា​បាន​បង្អាក់​ដំណើរការ​នេះ​ដោយ​មិន​ទំនង ចំណែក​ឯ​គណបក្ស​ប្រជាធិបតេយ្យ​វិញ ចោទ​ប្រកាន់​គណបក្ស​សាធារណរដ្ឋ​ថា ប្រញាប់​តែងតាំង​លោក Kavanaugh ដោយ​មិន​បាន​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​លើ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​លើ​លោក Kavanaugh។

របាយការណ៍​របស់​ទីភ្នាក់ងារ FBI គឺ​ជា​របាយការណ៍​សម្ងាត់ ហើយ​សមាជិក​ព្រឹទ្ធសភា​នានា​នឹង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​អាន​របាយការណ៍​នេះ​នៅ​ក្នុង​បន្ទប់​សុវត្ថិភាព​ពិសេស​មួយ​នៅ​ក្នុង​សភា។ គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ព័ត៌មាន​មួយ​ណា​នៃ​របាយការណ៍​នេះ​ដែល​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ។

ប្រសិនបើ​ព្រឹទ្ធសភា​បោះ​ឆ្នោត​យល់ព្រម​លើ​ការ​តែងតាំង លោក Kavanaugh នឹង​ជំនួស​តំណែង​លោក​ចៅក្រម Anthony Kennedy ដែល​ចូល​និវត្តន៍។ តុលាការ​កំពូល​អាមេរិក​ដែល​មាន​ចៅក្រម​ទាំង​អស់ ៩ រូប ឥឡូវ​នេះ​កំពុង​ដំណើរការ​ដោយ​មាន​ចៅក្រម​តែ ៨ រូប​ប៉ុណ្ណោះ៕

XS
SM
MD
LG