ប្រទេសរុស្ស៊ីបានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងធ្វើការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកដែលបានធ្វើឡើងទៅលើប្រទេសរបស់ខ្លួនដោយសារវិបត្តិប្រទេសអ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ីបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅក្នុងគេហទំព័ររបស់ខ្លួនថា រដ្ឋាភិបាលទីក្រុងមូស្គូនឹងចាត់វិធានការតបតវិញដែលនឹងមិនចាំបាច់ដូចអ្វីដែលទណ្ឌកម្មកំណត់ទៅលើប្រទេសរុស្ស៊ីនោះទេ។ ក្រសួងការបរទេសរុស្ស៊ីបានប្រាប់ឲ្យដឹងទៀតថា សហរដ្ឋអាមេរិកមិនត្រូវមានគំនិតថា ខ្លួនអាចបន្តការដាក់ទណ្ឌកម្មនេះដោយគ្មានផលវិបាកជាអវិជ្ជមានសម្រាប់ខ្លួនឯងនោះទេ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័របញ្ជិការបស់សហព័ន្ធកាលពីថ្ងៃពុធថា ខ្លួនកំពុងបន្ថែមមនុស្ស២៨នាក់ទៅក្នុងបញ្ជីដាក់ទណ្ឌកម្មដើម្បីរឹតបន្តឹងការរឹតត្បិតដែលបានធ្វើឡើងកាលពីពេលមុនទៅលើរុស្ស៊ី។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា បុគ្គលទាំង២៩នាក់នោះកំពុងធ្វើផ្ទុយនឹងផលប្រយោជន៍ខាងសន្តិសុខជាតិ ឬគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងចាត់វិធានការនេះដើម្បីបញ្ជាក់ពីប្រសិទ្ធិភាពនៃការដាក់ទណ្ឌកម្មដែលមានស្រាប់លើប្រទេសរុស្ស៊ីចំពោះការរំលោភច្បាប់អន្តរជាតិហើយនិងការអុជអាលឲ្យមានជម្លោះក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន៕