ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ពិចារណា​ជំនួប​ពិភាក្សា​យោធា​ជាមួយ​រុស្ស៊ី​អំពី​ជម្លោះ​នៅ​ស៊ីរី


លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ​John Kerry នៅឯ​សាល​មួយ​នៃ​សេតវិមាន​ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥។
លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ​John Kerry នៅឯ​សាល​មួយ​នៃ​សេតវិមាន​ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥។

សហរដ្ឋ​អាមេរិក ​បាន​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​ពុធ​ម្សិលល​មិញ​ថា ​ខ្លួន​កំពុង​ពិចារណា​ការស្នើ​ពី​ប្រទេស​រុស្ស៊ី​ដើម្បី​ធ្វើ​ការ​ចរចា​រវាង​យោ​ធា​និង​យោធា​អំ​ពី​ជម្លោះ​ក្នុង​ប្រទេស​ស៊ីរី​ ទោះ​បី​សហរដ្ឋ​អាមេរិកបាន​ព្រមាន​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ថា ​ការគាំទ្រ​របស់​រុស្ស៊ី​ដល់​ប្រធានា​ធិបតី​ស៊ីរី ​Bashar Al- Assad ​ធ្វើ​ឲ្យសង្គ្រាម​រីក​កាន់​តែ​ធំ​ឡើងៗ​នៅ​ក្នុង​ប្រទេស​នេះ​ក៏ដោយ។

​លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ​John Kerry ​បាន​បញ្ចេញ​សំណើ​នោះ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចរចា​ជាមួយ​រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី ​Sergei Lavrov។ ​អ្នកការទូត​កំពូល​សហរដ្ឋ​អាមេរិក​រូបនេះ ​បាន​លើក​ឡើង​ថា ​លោក​ពេញ​ចិត្ត​គំនិត​នេះ​ ហើយ​មន្រ្តីសេតវិមាន ​ក្រសួង​ការបរទេស​និង​ក្រសួង​ការពារ​ប្រទេស​ ​កំពុង​ពិចារណា​សំណើ​នោះពីព្រោះ​ពួកគេ​មិន​បាន​យល់​ច្បាស់​លាស់​អំពី​គោល​បំណង​របស់​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ីរី​បន្ទាប់​ពី​មាន​ការ​ប្រមូល​ផ្តុំ​យោ​ធា​របស់​រុស្ស៊ី​នៅ​ពេល​ថ្មីៗ​នេះ​ក្នុង​ប្រទេស​ស៊ីរី។

លោករដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិកាំង ​John Kerry ​បាន​មាន​ប្រសាសន៍​ថា៖​ «លោកអ្នក ​មាន​ការ​សន្ទនា​ដើម្បី​ធ្វើ​កិច្ចការ​នោះ។​ នេះ​ជា​ការ​សំខាន់​ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ ​ការ​គិតខុស​ ហើយ​កុំ​ដាក់​ខ្លួន​របស់យើង​ក្នុង​ស្ថានភាព​ដ៏​លំបាក​ដែលមិន​គួរ​កើត​មាន​ឡើង‍»។

​លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ​ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា ​លោក​បាន​ព្រមាន​រដ្ឋ​មន្រ្តី​ការ​បរទេស​រុស្ស៊ី ​Lavrov ​អំពី​ការ​បង្កើន​ការ​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

​លោរដ្ឋ​មន្រ្តី​ការបរទេស​ Kerry ​មាន​ប្រសាសន៍​ថា៖ «​ខ្ញុំបាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ការបន្ត​គាំទ្រ​របស់​រុស្ស៊ី​ដល់​លោក​ Assad ​បាន​ធ្វើ​ឲ្យ​ជម្លោះ​នោះ​រីកកាន់​តែ​ធំ​ឡើងៗ​ហើយ​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​គោល​បំណង​រួម​របស់​យើង​នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​លទ្ធិ​ជ្រុល​និយម‍»។

​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​រុស្ស៊ី​បាន​បញ្ចូន​រថក្រោះ ​ទី​ប្រឹក្សា​យោ​ធា ​អ្នក​បច្ចេក​ទេស​ហើយ​និង​ឆ្មាំ​ការពារ​សន្តិសុខ​ទៅកាន់​ប្រទេស​ស៊ីរី ​ទំនង​ជាក្នុង​គោល​បំណងបង្កើត​ទីតាំង​ទ័ព​អាកាស​នៅជិត​ទី​ក្រុង ​Latakia ​ក្បែរ​មាត់​សមុទ្រ​ដែល​ជាទី​តាំង​ដ៏​រឹង​មាំ​របស់​លោក Assad៕

XS
SM
MD
LG