តុលាការអ៊ីរ៉ាក់បានកាត់ទោសប្រហារជីវិតមនុស្ស៤០នាក់ចំពោះការពាក់ព័ន្ធនៅក្នុងការកាប់សម្លាប់ទាហានរាប់រយនាក់ដែលពួកគេចាប់បាននៅក្នុងទីក្រុង Tikrit ភាគខាងជើង។
តុលាការក្នុងរដ្ឋធានីបាកដាដបានចោទប្រកាន់ក្រុមបុរសមួយក្រុមកាលពីថ្ងៃអង្គារ ដែលពួកគេទាំងអស់ជាជនជាតិអ៊ីរ៉ាក់ ហើយបានកាត់ទោសប្រហារជីវិតពួកគេដោយការព្យួរក។ មនុស្ស៧នាក់ បានរួចខ្លួនពីបទចោទប្រកាន់ពីព្រោះតែការខ្វះភស្តុតាង។
ទាហានទើបជ្រើសរើសរាប់រយនាក់ ភាគច្រើនជាអ្នកកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីដបានត្រូវបាញ់សម្លាប់បន្ទាប់ពីក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាម បានកាន់កាប់រដ្ឋធានីរបស់ខេត្តនោះហើយនិងកាន់កាប់មូលដ្ឋានទ័ពអាកាស Speicher ដែលកាលពីពេលមុនបានប្រើប្រាស់ដោយកងទ័ពសហរដ្ឋអាមេរិក។ ពួកជនសកម្មប្រយុទ្ធ បានចាប់ទាហានប្រហែល១ពាន់៧រយនាក់ដែលបានព្យាយាមរត់គេចខ្លួន។
ក្រុមរដ្ឋឥស្លាម បានចេញផ្សាយវីដេអូដែលបានបង្ហាញទាហានត្រូវបានគេបាញ់សម្លាប់ខណៈដែលត្រូវគេបង្ខំឲ្យដេកផ្កាប់មុខនៅក្នុងស្នាមភ្លោះ។
ក្រុមមន្រ្តីតុលាការ និយាយថា ពួកជនសកម្មប្រយុទ្ធជាង៦រយនាក់ រងការចោទប្រកាន់ពីការចូលរួមក្នុងការសម្លាប់រង្គាលនេះ។ កាលពីខែកក្កដា ឆ្នាំ២០១៤ មនុស្ស២៤នាក់ បានរងការចោទប្រកាន់ហើយបានត្រូវកាត់ទោសប្រហារជីវិត។ ពួកគេកំពុងរង់ចាំការសម្រេចការប្តឹងឧទ្ធរណ៍របស់ពួកគេ។
ក្រុមអង្គការសិទ្ធិមនុស្ស បានរិះគន់ការកាត់ទោសនោះ ដោយនិយាយថា ការកាត់ទោសនោះ មិនបានធ្វើទៅតាមបទដ្ឋានអន្តរជាតិទេ៕