រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ាក់បានស្ម័គ្រចិត្តធ្វើជាអ្នកសម្របសម្រួលនៅក្នុងជម្លោះរវាងប្រទេសអ៊ីរ៉ង់និងប្រទេសអារ៉ាប៊ីសាអូឌីតដែលជាប្រទេសជិតខាងនោះ។
ភាពតានតឹងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរបានកើនកម្តៅខ្លាំងកាលពីសប្តាហ៍មុនដោយសារការកាត់ទោសប្រហារជីវិតរបស់ប្រទេសអារ៉ាប៊ីសាអូឌីតទៅលើបព្វជិត Shi'ite ដ៏សំខាន់មួយរូប ហើយអ្នកតវ៉ាដ៏ខឹងសម្បារបានប្រជុំគ្នានៅស្ថាតទូតរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងទីក្រុងតេហេរ៉ង់។ បន្ទាប់មកប្រទេសអារ៉ាប៊ីសាអូឌីតបានសម្រេចកាត់ចំណងការទូតជាមួយនឹងប្រទេសអ៊ីរ៉ង់។
លោក Ibrahim al-Jaafari រដ្ឋមន្រ្តីក្រសួងការបរទេសរបស់អ៊ីរ៉ាក់បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយនឹងដៃគូអ៊ីរ៉ង់របស់លោកគឺលោក Mohammad Javad Zarif ថា ការដាក់តួនាទីជាអ្នកសម្របសម្រួលរបស់អ៊ីរ៉ាក់នៅក្នុងតំបន់នេះជួយដល់ការបន្ធូរបន្ថយនូវភាពតានតឹង។
ប្រទេសរុស្ស៊ីក៏បានស្ម័គ្រចិត្តធ្វើជាអ្នកសម្របសម្រួលដែរ ហើយលោក John Kerry រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានពិភាក្សាជាមួយនឹងភាគីទាំងសងខាង ទាំងលោក Zarif និងលោករដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីតគឺលោក Adel al-Jubeir។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកគឺលោក John Kirby បានថ្លែងកាលពីថ្ងៃអង្គារថា លោក Kerry បាននិយាយតាមទូរស័ព្ទជាមួយនឹងថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់និង អារ៉ាប៊ីសាអូឌីតមួយចំនួនដើម្បីព្យាយាមបង្កើតភាពស្ងប់ស្ងាត់ឡើងវិញ ដោយជំរុញឲ្យពួកគេប្រើប្រាស់ការសន្ទនានិងចងចាំថា មានបញ្ហាធំៗមួយចំនួនទៀតនៅក្នុងតំបន់ រួមទាំងស្ថានភាពក្នុងប្រទេសស៊ីរីនិងប្រទេសយេម៉ែនជាដើម៕