ជម្លោះការទូតអំពីការដាក់ពង្រាយទាហាន និងរថក្រោះរបស់តួកគី នៅប្រទេសអ៊ីរ៉ាក់ នៅតែបន្តកាន់ខ្លាំងឡើង ដោយអ៊ីរ៉ាក់ចោទប្រកាន់រដ្ឋាភិបាលអង់ការ៉ាថា បានបំពានលើកិច្ចព្រមព្រៀងដកទ័ពរបស់ខ្លួន និងគំរាមថានឹងប្រើកម្លាំងទ័ព។ ប៉ុន្តែទោះបីជាមានការគាបសង្កត់ពីអន្តរជាតិក៏ដោយ រដ្ឋាភិបាលអង់ការ៉ាបានច្រានចោលការព្រមានទាំងនេះ ដោយអះអាងថាការពង្រាយទ័ពនោះ គឺដើម្បីការពារកម្លាំងទ័ពដែលកំពុងបង្វឹកកងទ័ពប្រឆាំងនឹងពួករដ្ឋឥស្លាម។
រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ាក់ លោក Ibrahim al-Jaafari បាននិយាយនៅក្នុងសេចក្តីព្រមានមួយទៅឲ្យរដ្ឋាភិបាលអង់ការ៉ាថា ប្រសិនបើយើងត្រូវបង្ខំឲ្យប្រយុទ្ធដើម្បីការពារអធិបតេយ្យភាពរបស់យើងនោះ យើងនឹងប្រយុទ្ធ។
ការគំរាមនេះកើតឡើងនៅពេលរដ្ឋាភិបាលក្រុងបាកដាដ (Baghdad) ចោទប្រកាន់រដ្ឋាភិបាលទីក្រុងអង់ការ៉ាថា ទើបតែបានដកទ័ព និងរថក្រោះដែលដាក់ដើម្បីការពារជំរុំហ្វឹកហ្វឺនរបស់ខ្លួននៅក្រុង Bashiqa នៅភាគខាងជើងក្នុងប្រទេសអ៊ីរ៉ាក់ តែមួយចំណែកប៉ុណ្ណោះ។ ប៉ុន្តែ នាយករដ្ឋមន្រ្តីរបស់តួកគី លោក Ahmet Davutoglu បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា កងទ័ពរបស់អ៊ីរ៉ាក់គួរតែផ្តោតអារម្មណ៍លើពួករដ្ឋឥស្លាម។
អ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Carnegieនៅក្រុងព្រុចសែល (Brussels) ឈ្មោះ Sinan Ulgen បាននិយាយថាទោះបីជាមានការគំរាមកំហែងពីរដ្ឋាភិបាលក្រុងបាកដាដក៏ដោយ ក៏រដ្ឋាភិបាលក្រុងអង់ការ៉ាមិនផ្លាស់ប្តូរជំហររបស់ខ្លួនដែរ។
«នាយករដ្ឋមន្រ្តី Davutoglu បាននិយាយថា ប្រទេសតួកគីនឹងរក្សាទុកឲ្យមានកម្លាំងយោធា បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយអាជ្ញាធរប្រចាំតំបន់របស់ពួកឃឺដ (Kurd) ទាំងអស់។ រឿងជម្លោះដែលរដ្ឋាភិបាលក្រុងបាកដាដនិយាយថា ប្រទេសតួកគីបានបញ្ជូនទ័ពមកដាក់នោះ គឺជាការអះអាងតាមការសន្មត់ថា រដ្ឋាភិបាលក្រុងបាកដាដមានការគ្រប់គ្រងពេញលេញលើទឹកដីរបស់ខ្លួន។ ដូចដែលយើងបានដឹងហើយ គឺមានទឹកដីរបស់ប្រទេសអ៊ីរ៉ាក់ច្រើនកន្លែងណាស់ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងបាកដាដ។
រដ្ឋាភិបាលក្រុងអង់ការ៉ាកំពុងតែបង្កើនការរួមសហការជាមួយរដ្ឋាភិបាលតំបន់ពាក់កណ្តាលស្វយ័តឃឺដរបស់អ៊ីរ៉ាក់ ដែលមានចំណងការទូតតឹងតែងជាមួយរដ្ឋាភិបាលក្រុងបាកដាដ។ បច្ចុប្បន្នកងកម្លាំងទ័ពឃឺដអ៊ីរ៉ាក់កំពុងកាន់កាប់តំបន់ជាច្រើនដែលនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
ប្រធានទីមួយនៃកុងស៊ុលរបស់តួកគីប្រចាំនៅរដ្ឋធានីតំបន់ឃឺដអ៊ីរ៉ាក់ លោក Aydin Selcen បាននិយាយថា រដ្ឋាភិបាលក្រុងអង់ការ៉ាជឿថា រដ្ឋាភិបាលក្រុងបាកដាដទេដែលនឹងត្រូវដកថយ។
«ទីមួយ ការជំរុញប្រទេសជិតខាងដែលជាសមាជិករបស់អង្គការណាតូ (NATO) និងជាប្រទេសសំខាន់មួយឲ្យចេញពីក្រុង Bashiqa មិនមែនជារឿងរបស់ពួកគេឡើយ ហើយទីពីរ គឺពួកគេក៏មិនមានសមត្ថភាពធ្វើដូច្នោះដែរ»។
រដ្ឋាភិបាលក្រុងបាកដាដកំពុងតែស្វែងរកការដាក់សម្ពាធពីអន្តរជាតិលើរដ្ឋាភិបាលក្រុងអង់ការ៉ា។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងអង់ការ៉ាដកកម្លាំងទ័ពរបស់ខ្លួនចេញ ដែលជាកម្លាំងជំហរមួយគាំទ្រដោយសម្ព័ន្ធអារ៉ាប់។ ប៉ុន្តែ អ្នកវិភាគ Ulgen បាននិយាយថា កត្តាសំខាន់មួយពីក្រោយជំហរដ៏រឹងមាំរបស់អង់ការ៉ា គឺដោយសារជំនឿថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ (Tehran) នៅពីក្រោយរាល់សកម្មភាពរបស់រដ្ឋាភិបាលក្រុងបាកដាដ។
«យោងតាមក្រុមអាជ្ញាធរតួកគី ប្រតិកម្មនៅក្នុងទីក្រុងបាកដាដបានផ្ទុះឡើងដោយសារសុន្ទរកថាមួយចំនួនរបស់អតីតនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Maliki ដែលបានថ្លែងក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់»។
រដ្ឋាភិបាលក្រុងអង់ការ៉ា និងក្រុងតេហេរ៉ង់កំពុងតែផ្តល់ការគាំទ្រដោយឡែកពីគ្នាទៅលើភាគីដែលជាគូបដិបក្ខនឹងគ្នានៅក្នុងសង្រ្គាមស៊ីវិលរបស់ស៊ីរីដែលជាការប្រជែងគ្នាមួយកំពុងរីករាលដាលពេញតំបន់។ រដ្ឋាភិបាលក្រុងតេហេរ៉ង់ក៏កំពុងតែសហការជាមួយរដ្ឋាភិបាលក្រុងមូស្គូ ដែលរដ្ឋាភិបាលក្រុងអង់ការ៉ាកំពុងតែមានចំណងការទូតតឹងតែងជាមួយផងដែរ។ អតីតអ្នកការទូតរបស់តួកគី លោក Selcen បានឲ្យដឹងថា ភាពតានតឹងកាន់តែខ្លាំងជាមួយរដ្ឋាភិបាលក្រុងបាកដាដអាចជាវិបត្តិមួយកាន់តែដុនដាបសម្រាប់រដ្ឋាភិបាលក្រុងអង់ការ៉ា។
«ស្ថានការណ៍មានភាពរសើបខ្លាំងណាស់ដែលអាចនឹងផ្ទុះអាវុធគ្រប់ពេល ហើយឥឡូវនេះមានចលនាខុសៗគ្នាជាច្រើន ដែលរដ្ឋាភិបាលក្រុងអង់ការ៉ាត្រូវរកវិធីទប់ទល់»។
ប៉ុន្តែអ្នកសង្កេតការណ៍លោក Ulgen និយាយថា ថ្នាក់ដឹកនាំរបស់តួកគីបានកំណត់ច្បាស់ថា ខ្លួននឹងមិនចុះញោមដោយសារគូប្រជែងឡើយ ហើយធានាថា ខ្លួននឹងមានសំឡេងក្នុងការសម្រេចអំពីអនាគតរបស់តំបន់៕
ប្រែសម្រួលដោយ៖ សើ សាយ្យាណា