ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Kerry អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​លើ​សកម្មភាព​របស់​រុស្ស៊ី​នៅ​ស៊ីរី


លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​ John Kerry ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ពេល​ជួប​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​លោក​ Jean-Marc Ayrault រដ្ឋ​មន្ត្រី​ការបរទេស​បារាំ​ង​នៅ​ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃទី​៧ ខែ​តុលា។
លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​ John Kerry ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ពេល​ជួប​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​លោក​ Jean-Marc Ayrault រដ្ឋ​មន្ត្រី​ការបរទេស​បារាំ​ង​នៅ​ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃទី​៧ ខែ​តុលា។

លោក​ John Kerry​ រដ្ឋមន្ត្រី​ការបរទេសស.រ.អា.​ ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​រុស្ស៊ី ​និង​ស៊ីរី។​ លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ដូច្នេះ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​សុក្រ​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​បារាំង​ Jean-Marc Ayrault ​ដែល​បំពេញ​ទស្សនកិច្ច​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

នៅ​ក្រោយ​មាន​ការ​វាយ​ប្រហារ​មួយ​លើ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​២០​នាក់​ស្លាប់​ និង​នាំឱ្យ​មាន​មនុស្ស​១០០​នាក់​ទៀត​ត្រូវ​របួស​ លោក​ Kerry ​បាន​មាន​ប្រសាសន៍​ថា​ ត្រូវ​មាន​អ្នក​មនុស្ស​ទទួល​ខុស​ត្រូវ​ដល់​អំពើ​ហិង្សា​ដែល​រាល​ដាល​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​បាន​មាន​ប្រសាសន៍​ថា៖ «ប្រទេស​រុស្ស៊ី​និង​របប​គ្រប់គ្រង​របស់​លោក​ Assad ​នៅ​ជំពាក់​ពិភព​លោក​លើស​ពី​អ្វី​ដែល​យើង​អាច​ពន្យល់​បាន​អំពី​ហេតុអ្វី​បាន​ជា​ពួក​គេ​នៅ​តែ​វាយ​ប្រហារ​លើ​មន្ទីរ​ពេទ្យ​និង​អាគារ​ពេទ្យ​ និង​លើ​ពួក​ស្ត្រី​និង​ក្រុមកុមារ​តទៅ​ទៀត»។ លោក​បាន​និយាយ​បន្ថែម​ថា​ សកម្មភាព​នេះ​តម្រូវឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដ៏​ត្រឹម​ត្រូវ​មួយ​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម។

កិច្ចព្រមព្រៀង​មួយ​រវាង​លោក Kerry ​និង​លោករដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​ Sergei Lavrov ​កាល​ពី​ខែមុន​អាច​បង្កើត​សម្ព័ន្ធភាព​ប្រឆាំង​នឹង​ភេរវកម្ម​ថ្មី​មួយ​បាន​ប្រសិន​បើ​មាន​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​មួយ​សប្តាហ៍​ដែល​ជា​រយៈពេល​មួយ​គ្រប់​គ្រាន់​សម្រាប់​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ឱ្យ​បាន​ទៅ​ដល់​តំបន់​មាន​ផល​ប៉ះពាល់​ដោយ​សារ​សង្គ្រាម​នេះ។ ​គ្មាន​ការ​សម្រេច​លក្ខខណ្ឌ​ណា​មួយក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​ទេ​ ហើយ​ការ​វាយ​ប្រហារ​តាម​អាកាស​ក៏​នៅ​បន្តធ្វើត​ទៅ​ទៀត។​

លោក​ Kerry ​បាន​បញ្ឈប់​ការ​ពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រទេសរុស្ស៊ី​អំពី​ភាព​ជា​ដៃ​គូ​យោធា​រវាង​ស.រ.អា.​និង​ប្រទេស​រុស្ស៊ី​កាល​ពី​ដើម​សប្តាហ៍​នេះ។

លោក​ Kerry ​បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​នេះ​ការ​វាយ​ប្រហារ​ទាំង​នេះ​មិន​មែន​ជា​ចៃដន្យ​ទេ​ ​វាហួស​ពី​ចៃ​ដន្យ​ទៅ​ទៀត។ នេះ​ជា​យុទ្ធ​សាស្ត្រ​មួយ​ដែល​មាន​គោលដៅ​ធ្វើ​ឱ្យ​ពួក​ជន​ស៊ីវិល​ភ័យ​ខ្លាច​ខ្លាំង ​និង​ដើម្បី​សម្លាប់​ពួក​ជន​ទាំង​ឡាយ​ណា​ដែល​រារាំង​គោលដៅ​យោធា​របស់ពួក​គេ»។

មាន​មនុស្ស​៥០.០០០នាក់​បាន​បាត់​បង់​ជីវិត​រួច​ទៅ​ហើយ​ក្នុង​ប្រទេស​ស៊ីរី​ ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​សង្គ្រាម​នេះ​កាល​ពី​ឆ្នាំ​២០១១​មក។​ លោក ​Staffan de Mistura ​ប្រេសិត​ពិសេស​របស់​អ.ស.ប.​សម្រាប់​ប្រទេសស៊ីរី​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ផ្នែក​ខាង​កើត​នៃ​ក្រុង ​Aleppo អាច​ត្រូវ​បំផ្លាញ​ទាំង​ស្រុង​មិន​ហួស​ពី​ដំណាច់​ឆ្នាំ​នេះ​ទេ​ ដោយសារ​មាន​សកម្មភាព​យោធា​ដ៏​ឃោរឃៅ​ជានិច្ច​នៅ​ក្នុង​ក្រុង​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG