កាសែតនាំមុខមួយរបស់សហរដ្ឋអាមេរិក បានទទួលខ្សែអាត់សំឡេងរបស់លោក John Kerry រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកដែលបានសំដែងនូវការ រកាំចិត្តរបស់លោកជាមួយគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី។
កាសែត The New York Times បានប្រាប់ឲ្យដឹងថា ខ្សែអាត់ថតសំឡេងនោះបានធ្វើឡើងកាលពីខែមុននៅក្នុងទីក្រុងញូវយ៉កនៅឯកិច្ចប្រជុំសម្ងាត់មួយជាមួយក្រុមជនស៊ីវិលស៊ីរី។ កាសែតនោះ បានចុះផ្សាយសេចក្តីដកស្រង់ចេញពីខ្សែអាត់ថតសំឡេងនៅលើគេហទំព័រ របស់ខ្លួនកាលពីថ្ងៃសុក្រម្សិលមិញរួមជាមួយអត្ថបទអំពីកិច្ចប្រជុំនោះ។
គេបានឮលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Kerry បានត្អូញត្អែថា កិច្ចខំប្រឹងប្រែងខាងការទូតមិនបានទទួលការគាំទ្រដោយការគំរាមកំហែងខាងចំណាត់ការខាងយោធាពីរដ្ឋាភិបាលរបស់លោក។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក Kerry បានមានប្រសាសន៍ថា «ខ្ញុំគិតថា អស់លោក អ្នកកំពុងក្រឡេកមើលមនុស្ស៣នាក់ ដែល៤នាក់នៅក្នុងរដ្ឋបាលដែលបានជជែកដេញដោលយ៉ាងខ្លាំងពីការប្រើប្រាស់កម្លាំង ហើយខ្ញុំបានចាញ់នៅក្នុងការជជែកដេញដោលនោះ»។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry ក៏បានប្រាប់ក្រុមដែលបានជួបនៅឯបេសកកម្មប្រទេសហូឡង់ប្រចាំនៅអង្គការសហប្រជាជាតិកាលពីថ្ងៃទី២២ ខែកញ្ញាថា «យើងកំពុងព្យាយាមស្វែងរកដំណោះស្រាយខាងការទូតហើយខ្ញុំយលពីការរកាំចិត្តនេះ។គ្មាននរណារកាំចិត្តរឿងអំពីបញ្ហានេះជាងយើងទេ»។
ក្រុមនោះរួមមានតំណាងរបស់អង្គការស៊ីរី ៤ដែលផ្តល់ការសិក្សាអប់រំ ការជួយសង្គ្រោះនិងសេវាកម្មសុខាភិបាលនៅក្នុងតំបន់នានាដែលពួកឧទ្ទាមកាន់កាប់នៅក្នុងប្រទេស ស៊ីរី ពួកអ្នកការទូតមកពី៣ឬ៤ប្រទេស ហើយនឹងនាយខុទ្ទកាល័យរបស់លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកJohn Kerry និងបេសកជនសម្រាប់ប្រទេសស៊ីរី៕