លោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry បានរិះគន់ប្រទេសរុស្ស៊ីអំពី «សេចក្តីសម្រេចគ្មានការទទួលខុសត្រូវ និងមិនប្រកបដោយគតិបណ្ឌិត» របស់ប្រទេសនេះក្នុងការគាំទ្រប្រធានាធិបតីស៊ីរី Bashar al-Assad ហើយលោកបានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេសស៊ីរីត្រូវមានធ្វើតទៅទៀត ទោះណាជាមានការផ្អាកកិច្ចចរចារវាងស.រ.អា និងប្រទេសរុស្ស៊ីអំពីការឈប់បាញ់គ្នាក៏ដោយ។
លោក Kerry បានមានប្រសាសន៍កាលពីថ្ងៃអង្គារនៅក្នុងក្រុងប្រ៊ុចសែលថា
«ខ្ញុំចង់និយាយឱ្យបានច្បាស់លាស់ថា យើងមិនបោះបង់ចោលប្រជារាស្ត្រស៊ីរីទេ ហើយយើងក៏មិនលះបង់ការស្វះស្វែងរកសន្តិភាពឡើយ»។
កាលពីថ្ងៃច័ន្ទ ស.រ.អា និងប្រទេសរុស្ស៊ីបានផ្អាកកិច្ចចរចាដើម្បីអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយក្នុងប្រទេសស៊ីរី នៅក្រោយស.រ.អាបានចោទប្រកាន់រដ្ឋាភិបាលក្រុងមូស្គូថា មិនធ្វើតាមការសន្យារបស់ខ្លួនថាបញ្ឈប់ការប្រយុទ្ធគ្នា និងធ្វើឱ្យប្រាកដប្រជាថា ជំនួយសង្គ្រោះបានទៅដល់សង្កាត់ដែលត្រូវឡោមព័ទ្ធ។
លោក Kerry បានមានប្រសាសន៍ថា ស.រ.អា និងប្រទេសរុស្ស៊ីនឹងនៅតែពិភាក្សាបញ្ហាប្រទេសស៊ីរីនៅក្នុងកិច្ចចរចាពហុភាគីធំជាងមុន។
លោក Kerrry បាននិយាយថា លោកខឹងយ៉ាងខ្លាំងនឹងប្រទេសរុស្ស៊ីដែលមិនបានតវ៉ាអំពីការប្រើឧស្ម័នក្លរីន និងគ្រាប់បែកធុងដោយរដ្ឋាភិបាលស៊ីរី៕