ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែប កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ ក្រោមការចោទប្រកាន់ពីបទរំលោភអំណាច និងបទលាងសម្អាតប្រាក់។ នេះបើតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ និងតំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ។
លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿងនេះទៅតុលាការទាក់ទងនឹងបទចោទទាំងពីរនោះ ដោយសារតែលោក ខេង យ័ន បានប្រើប្រាស់អំណាច និងតួនាទីដែលជាអភិបាលក្រុងកែប ដើម្បីទទួលបានប្រាក់ក្រៅច្បាប់ពីសេវានគរូបនីយកម្ម សំណង់ និងសូរិយោដី។ លោកបន្ថែមថា លោក ខេង យ័ន មិនមានសិទិ្ធក្នុងការយកប្រាក់ពីសេវាទាំងនោះឡើយ។
លោក សយ ចាន់វិចិត្រ ថ្លែងថា៖ «គាត់អត់មានសិទិ្ធទៅយកលុយពីគេពាក់ព័ន្ធទៅនឹងការមកសុំសេវាទេ។ អ្នកដែលគាត់សុំស្នើសេវាហ្នឹង (សេវានគរូបនីយកម្ម សំណង់ និងសូរិយោដី) គាត់អត់មានសិទិ្ធស្នើសុំទេ។ គាត់អត់មានសិទិ្ធទៅធ្វើចឹងទេ ប៉ុន្ដែប្រើតួនាទីរបស់គាត់ហ្នឹង គឺដើម្បីយកផលប្រយោជន៍ហ្នឹង»។
លោកបន្ដថា ចំពោះបទចោទប្រកាន់ទាក់ទងនឹងការលាងសម្អាតប្រាក់ ដោយសារតែលោក ខេង យ័ន បានយកប្រាក់ដែលបានពីការយកថ្លៃសេវានោះទៅប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន។
កាលពីចុងសប្តាហ៍ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរ លោក ខេង យ័ន ក្រោមបទចោទរំលោភអំណាច និងបទលាងសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ ប្រសិនបើរកឃើញកំហុស និងតាមមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្ដី លោក ហ៊ុន ម៉ាណែត បានសម្រេចបញ្ចប់មុខតំណែងរបស់លោក ខេង យ័ន ពីអភិបាលនៃគណៈអភិបាលក្រុងកែប។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់នៅលើហ្វេសប៊ុករបស់លោកថា៖ «ថ្ងៃនេះ ខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី ៥ គឺ «ការវះកាត់» តាមរយៈការចុះហត្ថលេខាដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែបដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ»៕
វេទិកាបញ្ចេញមតិ