អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនអភិបាលក្រុងកែប លោក ខេង យ័ន ទាក់ទងនឹងការយកតួនាទីទៅប្រើប្រាស់ខុសច្បាប់ ស្របពេលដែលរដ្ឋាភិបាលបានសម្រេចដកតំណែងមន្រ្តីរូបនេះ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល និងតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ខេង យ័ន ត្រូវបានអាជ្ញាធរឃាត់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ហើយអាជ្ញាធរកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ នេះបើតាមលោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ។
លោក សយ ចាន់វិចិត្រ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការឃាត់ខ្លួនលោក ខេង យ័ន និងការសម្រេចបញ្ចប់មុខតំណែងជាអភិបាលក្រុងកែបនេះ ដោយសារតែការប្រើប្រាស់តួនាទី ដើម្បីទទួលបានអត្ថប្រយោជន៍ដែលខុសច្បាប់។ ប៉ុន្តែលោកថ្លែងថា លោកមិនទាន់អាចបញ្ជាក់ថា តើអភិបាលក្រុងកែបរូបនោះ បានប្រព្រឹត្តកំហុសលើបញ្ហាអ្វីឡើយ ខណៈអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកកំពុងរៀបចំសំណុំរឿងនេះបញ្ជូនទៅតុលាការ។
លោកថ្លែងថា៖ «បាទ ដោយសារតែឥឡូវនេះក្នុងដំណាក់ការដែលយើងរៀបចំសំណុំរឿង ខ្ញុំអាចជម្រាបត្រឹមថា ការឃាត់ខ្លួនគាត់នេះ គឺដោយសារតែគាត់ក្នុងនាមជាអភិបាលក្រុង គាត់ប្រើប្រាស់នូវតួនាទីរបស់គាត់ហ្នឹង គឺដើម្បីទទួលបាននៅអត្ថប្រយោជន៍ដោយខុសច្បាប់»។
នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្ដី លោក ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងរបស់លោក ខេង យ័ន ពីអភិបាលនៃគណៈអភិបាលក្រុងកែប និងភ្ជាប់ជាមួយការសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «ថ្ងៃនេះ ខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ «ការវះកាត់» តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែបដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ»។
លោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប ប្រាប់វីអូអេថា លោកមិនដឹងថាតើអភិបាលក្រុងកែប លោក ខេង យ័ន នោះ ប្រព្រឹត្តកំហុសអ្វីឡើយ។
លោកថ្លែងថា៖ «ខាងខេត្ត រដ្ឋបាលខេត្ត អត់ទាន់ដឹងពីមូលហេតុច្បាស់លាស់ទេ»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ប្រាប់វីអូអេថា លោកគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយចំពោះការបោសសម្អាតមន្រ្ដីពុករលួយ។ លោកបន្តថាដើម្បីបោសសម្អាតមន្រ្ដីពុករលួយ លោកជំរុញឱ្យរដ្ឋាភិបាលគួរពិនិត្យមើលលើការអនុវត្តច្បាប់តាមក្រសួង តួនាទីរបស់មន្រ្ដីដែលមានចែងតាមមុខជំនាញដែលមានគួរអនុវត្តឱ្យបានត្រឹមត្រូវ។ លោកបន្ថែមថាប្រសិនបើមានភាពមិនប្រក្រតី ការកេងប្រវ័ញ្ច ឬការប្រព្រឹត្តអំពើពុករលួយ អាជ្ញាធរគួរតែយកច្បាប់អំពើពុករលួយមកអនុវត្ត។
លោកថ្លែងថា៖ «បើសិនយើងអាចជំរុញការអនុវត្តច្បាប់ឱ្យត្រូវ យើងនឹងអាចដោះស្រាយបញ្ហាបាននៅក្នុងក្របខណ្ឌអនុវត្តការងាររបស់ក្រសួងហ្នឹង។ បើសំខាន់យើងឃើញថាមានគម្លាតរវាងការអនុវត្តច្បាប់ហើយនិងការដាក់វិន័យជាធម្មតា ទោះបីជាមន្រ្ដីហ្នឹងត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ច ការប្រព្រឹត្តអំពើពុករលួយ ក៏ប៉ុន្ដែជាទូទៅ គឺទៅជាការដាក់វិន័យរដ្ឋបាលទៅវិញ ជៀសជាងការអនុវត្តច្បាប់ដែលមានជាធរមាន»។
គួរបញ្ជាក់ថា មុនឈានដល់ការបញ្ចប់តំណែងនិងឃាត់ខ្លួនជាផ្លូវការ ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការ លោក ខេង យ័ន និងនាយករដ្ឋបាលសាលាក្រុងកែបមួយរូបទៀតត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែត្រូវបានដោះលែងវិញ។
លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបកស្រាយកាលនោះថាវាមិនមែនជាការឃាត់ខ្លួនឡើយ ហើយវាគ្រាន់តែជាការហៅសួរនាំ និងស៊ើបអង្កេតតែប៉ុណ្ណោះ។ លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ចំពោះនាយករដ្ឋបាលសាលាក្រុងកែបមួយរូបទៀតនោះមិនមានការឃាត់ខ្លួនអ្វីឡើយនាពេលនេះ ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយកំពុងតែស៊ើបអង្កេតបន្តទៀត៕
វេទិកាបញ្ចេញមតិ