ក្រុមជាតិសាសន៍ភាគតិច Ogiek និង Sengwer នៅក្នុងប្រទេសកេនយ៉ាបានឱ្យដឹងថា អាជ្ញាធរបានបណ្ដេញពួកគេដោយបង្ខំចេញពីព្រៃ Mau និង Embobut និងបានដុតបំផ្លាញផ្ទះសម្បែងរាប់រយខ្នង បណ្ដាលឱ្យមនុស្សជាច្រើនគ្រួសារគ្មានផ្ទះសម្បែងរស់នៅ ចំពេលមានវិបត្តិជំងឺកូវីដ១៩។ រដ្ឋាភិបាលកេនយ៉ាបានចាប់ផ្ដើមការបណ្ដេញចេញកាលពីឆ្នាំមុន ដោយបានអះអាងថា សហគមន៍ជាតិសាសន៍ភាគតិចដែលរស់នៅក្នុងព្រៃ បានបំផ្លិចបំផ្លាញបរិស្ថាន។ ក្រុមអ្នកការពារសិទ្ធិមនុស្ស បានឱ្យដឹងថា ក្រុមជាតិសាសន៍ភាគតិចទាំងនេះការពារព្រៃឈើពីការប្រម៉ាញ់សត្វ និងការកាប់ឈើខុសច្បាប់។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានធ្វើឡើងតាមកម្មវិធី Zoom កាលពីពេលថ្មីៗនេះ សហគមន៍ជាតិសាសន៍ភាគតិចនានានៅក្នុងប្រទេសកេនយ៉ា បានប្ដឹងតវ៉ាអំពីការរំលោភបំពាន និងការបណ្ដេញចេញម្ដងហើយម្ដងទៀតឱ្យពួកគេចាកចេញពីព្រៃដែលពួកគេអះអាងថាជាផ្ទះរបស់ពួកគេអស់ជាច្រើនសតវត្សរ៍មកហើយ។
អ្នកស្រី Milka Chepkorir តំណាងឱ្យសហគមន៍ Sengwer។ អ្នកស្រីបាននិយាយថា ការរាតត្បាតនៃជំងឺកូវីដ១៩ មិនបានបញ្ឈប់អាជ្ញាធរកេនយ៉ានពីការបណ្ដេញប្រជាពលរដ្ឋ Sengwer ចេញពីផ្ទះសម្បែងឡើយ។
អ្នកស្រីបាននិយាយថា៖ «នេះគឺជាការបណ្ដេញចេញមួយដែលពិតជាប៉ះពាល់ដល់ពួកយើងក្នុងរូបភាពផ្សេង ដោយសារតែវាជាការបណ្ដេញចេញក្នុងអំឡុងពេលកំពុងមានវិបត្តិជំងឺកូវីដ១៩។ វាជាការបណ្ដេញចេញនៅចំពេលដែលក្មេងៗមិនបានរៀននៅក្នុងសាលា ហើយដោយសារតែគ្មានកន្លែងទៅ ពួកគេបានក្លាយខ្លួនជាជនគ្មានផ្ទះសម្បែងស្នាក់នៅ ហើយវាកើតឡើងចំពេលរដូវរងាបំផុតប្រចាំឆ្នាំនៅតំបន់លើភ្នំ»។
ការពីពេលថ្មីៗនេះ គ្រួសារមួយចំនួននៃសហគមន៍ Ogiek ត្រូវបានបណ្ដេញចេញពីព្រៃដែលជាផ្ទះរបស់ពួកគេ។ លោក Daniel Kobei បាននិយាយថា លោក និងជាតិសាសន៍ភាគតិច Ogiek ៥ ម៉ឺននាក់ផ្សេងទៀត បានជួបប្រទះរឿងបណ្ដេញចេញនេះពេញមួយជីវិតទៅហើយ។
លោក Kobei បាននិយាយថា៖ «យើងចង់បង្ហាញឱ្យច្បាស់ថា ជាតិសាសន៍ភាគតិច Ogiek បានក្លាយជាប្រធានបទនៃការបណ្ដេញចេញ។ ហេតុការណ៍បណ្ដេញចេញមួយកាលពីពេលថ្មីៗនេះ បានធ្វើឱ្យមនុស្ស ៣០០ គ្រួសារគ្មានផ្ទះសម្បែងស្នាក់នៅ ហើយពួកគេត្រូវបានអ្នកជិតខាងផ្ដល់កន្លែងឱ្យស្នាក់នៅ»។
បើយោងតាមអង្គការសិទ្ធិមនុស្ស Human Rights Watch ជាតិសាសន៍ភាគតិចប្រមាណ ៥ ម៉ឺនគ្រួសារត្រូវបានគេបណ្ដេញចេញពីព្រៃ Mau ហើយ ៦ ពាន់គ្រួសារទៀតទើបតែត្រូវបានគេបណ្ដេញចេញពីព្រៃនេះក្នុងពេលប៉ុន្មានខែថ្មីៗនេះ។
អង្គការសិទ្ធិមនុស្សនេះក៏បានកត់សម្គាល់ផងដែរថា នៅក្នុងកាលៈទេសៈមួយចំនួន អាជ្ញាធរបានប្រើកម្លាំងដើម្បីបណ្ដេញប្រជាជនចេញពីព្រៃ។ អង្គការនេះបានឱ្យដឹងថា មនុស្សមួយចំនួនបានរងរបួសដោយសារការវាយដំ ហើយផ្ទះជាច្រើនខ្នងត្រូវបានដុតបំផ្លាញ។
លោក Cyrus Oguna អ្នកនាំពាក្យរដ្ឋាភិបាលកេនយ៉ា បានច្រានចោលការចោទប្រកាន់របស់អង្គការ Human Rights Watch នេះ ដោយបានបញ្ជាក់ថា ក្ដីបារម្ភរបស់ពួកគេ «ត្រូវបានជំរុញឡើងដោយសកម្មភាពតស៊ូមតិមួយចំនួន មិនមែនដោយសារការស្រាវជ្រាវនោះទេ»។
លោកក៏បាននិយាយទៀតថា រដ្ឋាភិបាលនឹងការពារព្រៃឈើសម្រាប់អ្វីដែលល្អសម្រាប់ប្រទេសជាតិ ប៉ុន្តែក្នុងលក្ខខណ្ឌមនុស្សធម៌។
លោក Peter Kitelo នាយកអង្គការ Community Land Action Now (CLAN) ដែលជាបណ្ដាញមួយតំណាងឱ្យសហគមន៍កសិករ និងព្រៃឈើ បាននិយាយថា ការបណ្ដេញចេញបានកើតឡើងជាច្រើនទស្សវត្សមកហើយក្រោមលេសនៃការអភិរក្ស។
លោក Kitelo និយាយដូច្នេះថា៖ «ភាគច្រើននៃទីតាំងដែលត្រូវបានគេបណ្ដេញចេញ សុទ្ធសឹងជាទីតាំងដែលមានព្រៃឈើល្អបំផុត។ នៅពេលបច្ចុប្បន្ននេះសម្រាប់សហគមន៍ជាតិសាសន៍ភាគតិច Ogiek នៃព្រៃ Mount Elgon ពួកគេត្រូវបានគេបណ្ដេញឱ្យឡើងទៅលើភ្នំ ដោយហេតុថា ព្រៃឈើល្អៗគឺនៅចង្កេះភ្នំ។ តើអ្វីនឹងត្រូវកើតឡើងចំពោះព្រៃទាំងនោះ? អស់រយៈពេលជាច្រើនឆ្នាំមកហើយ គេឃើញមានការកាប់ព្រៃឈើ ហើយឥឡូវនេះមិនមានព្រៃឈើទៀតទេ។ ព្រៃឈើធម្មជាតិគឺឥឡូវនេះមានតែនៅកន្លែងដែលមានសហគមន៍នេះរស់នៅតែប៉ុណ្ណោះ»។
រដ្ឋាភិបាលចង់ឱ្យប្រទេសកេនយ៉ាមានព្រៃឈើគ្របដណ្ដប់ឱ្យបានចំនួន ១០% នៅត្រឹមឆ្នាំ ២០២២ ដែលនៅពេលបច្ចុប្បន្ននេះមានតែ ៧% ប៉ុណ្ណោះ។
អ្នកស្រី Chepkorir មកពីសហគមន៍ជាតិសាសន៍ភាគតិច Sengwer បាននិយាយថា វិធីល្អបំផុតតទៅមុខ គឺរដ្ឋាភិបាលត្រូវទទួលស្គាល់សិទ្ធិរបស់សហគមន៍ជាតិសាសន៍ Ogiek និង Sengwer ក្នុងការរស់នៅក្នុងព្រៃ និងធ្វើការជាមួយពួកគេដើម្បីសម្រេចឱ្យបាននូវការអភិរក្សព្រៃឈើប្រកបដោយជោគជ័យ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា