ក្រុមសិទិ្ធមនុស្សបាននិយាយថា មនុស្ស ៩ នាក់ បានស្លាប់ រួមទាំងកុមារ ២ នាក់ផងដែរនៅក្នុងដំណើរការបណ្តេញចេញ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៨។ រដ្ឋាភិបាល នៅតែបន្តការបណ្តេញចេញនេះដោយលើកឡើងថា ការបណ្តេញចេញនេះគឺដើម្បីយកព្រៃនេះមកវិញ។
អង្គការការពារសិទិ្ធមនុស្ស Human Rights Watch បានឲ្យដឹងថា ចាប់តាំងពីខែមិថុនាឆ្នាំ ២០១៨ មក សេវាកម្មការពារសត្វព្រៃ ប៉ូលិស និងបុគ្គលិកសន្តិសុខក្នុងតំបន់ បានបណ្តេញក្រុមគ្រួសារដែលរស់នៅក្នុងព្រៃ Mau ដែលស្ថិតនៅក្នុងតំបន់ជ្រលងភ្នំ Rift Valley នៃប្រទេសកេនយ៉ា។
អង្គការការពារសិទិ្ធមនុស្សនេះក៏បានឲ្យដឹងផងដែរថា អ្នកដែលត្រូវបានបណ្តេញចេញខ្លះ ត្រូវបានវាយដំ និងបាត់បង់ជីវិតនៅក្នុងដំណើរការបណ្តេញចេញនេះ។
លោក Otsieno Namwaya គឺជាអ្នកស្រាវជ្រាវនៃអង្គការការពារសិទិ្ធមនុស្ស Human Rights Watch នេះ នៅប្រទេសកេនយ៉ា។
លោកបានថ្លែងថា៖ «យើងកំពុងនិយាយអំពីការស្លាប់របស់មនុស្សចំនួនប្រាំបួននាក់ ដែលពួកគេបានស្លាប់មិនមែនតាមរយៈការបាញ់ប្រហារទេ គឺទាក់ទងដោយផ្ទាល់ទៅនឹងការបណ្តេញចេញ ពីព្រោះអ្នកខ្លះត្រូវបានគេវាយ ហើយអ្នកខ្លះទៀតត្រូវបានគេវាយដោយបំពង់ឧស្ម័នបង្ហូរទឹកភ្នែក ហើយអ្នកខ្លះទៀតបានដួលពេលកំពុងរត់គេច និងបាក់ជើង បាក់ឆ្អឹងជំនីរហើយក្រោយមកបានស្លាប់។ ក្មេងតូចៗយ៉ាងតិចណាស់ ២ នាក់ ដែលមានអាយុក្រោម ៥ ឆ្នាំ បានស្លាប់នៅក្នុងដំណើរការបណ្តេញចេញនេះ។ នេះជាអ្វីដែលយើងត្រូវធ្វើការពិនិត្យមើល មិនមែនព្រងើយកន្តើយនោះទេ»។
ការចោទប្រកាន់នេះ កើតមានឡើងមួយខែបន្ទាប់ពីអាជ្ញាធរកេនយ៉ាប្រកាសផែនការផ្លាស់ទីលំនៅប្រជាជនប្រមាណ ៦ ម៉ឺននាក់ចេញដើម្បីការពារព្រៃនេះ។
រដ្ឋាភិបាលបដិសេធថា មិនបានប្រើកម្លាំងដើម្បីបណ្តេញប្រជាពលរដ្ឋចេញពីព្រៃនេះទេ។ លោក Cyrus Ogunda ជាអ្នកនាំពាក្យរដ្ឋាភិបាល។
លោកថ្លែងថា៖ «រដ្ឋាភិបាលមិនធ្លាប់បណ្តេញប្រជាជនចេញពីព្រៃ Mau ម្តងណាឡើយ។ រដ្ឋាភិបាលមិនដែលប្រើកម្លាំងដើម្បីបណ្តេញអ្នកណាម្នាក់ចេញពីព្រៃ Mau ទេ។ អ្វីដែលកំពុងកើតឡើងនៅព្រៃ Mau គឺជាការស្ម័គ្រចិត្ត។ ប្រជាជនដែលផ្លាស់ចេញពីព្រៃ Mau ពួកគេចេញទៅដោយស្ម័គ្រចិត្ត។ ដូច្នេះ នៅពេលដែលអ្នកនិយាយថា មានមនុស្សត្រូវបានសម្លាប់នៅព្រៃ Mau គឺមិនមែនជាការពិតនោះទេ»។
លោក Bernad Sang គឺជាមេដឹកនាំនៃក្រុមជនដែលត្រូវបានបណ្តេញចេញនៅឆ្នាំ ២០១៨។ លោក Sang បាននិយាយថា លោកនៅចាំថ្ងៃដែលកងសន្តិសុខបានមក តំបន់ព្រៃដែលផ្ទះរបស់លោកមានទីតាំងនៅក្នុងនោះ។
លោក Bernad Sang ថ្លែងថា៖ «កងសន្តិសុខ មកនៅថ្ងៃបណ្តេញចេញនោះយ៉ាងរហ័ស នៅថ្ងៃទី៦ និងទី៧ ហើយចាប់ផ្តើមបណ្តេញពួកយើងចេញនៅថ្ងៃនោះ។ ពួកយើងមិនត្រូវបានប្រាប់ឲ្យត្រៀមខ្លួនទាល់តែសោះ។ ពួកយើងមួយចំនួនត្រូវបានគេវាយ អ្នកខ្លះទៀតបានរងរបួស ហើយផ្ទះមួយចំនួនត្រូវបានគេដុត។ អ្នកខ្លះ បានរងរបួសជើង។
លោក Bernad Sang ជាមនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្សមួយម៉ឺននាក់ ដែលគេថា ត្រូវបានបណ្តេញចេញពីព្រៃ Mau។
កាលពីខែសីហា រដ្ឋនេះ បានផ្តល់ឲ្យសហគមន៍ដែលនៅសេសសល់រយៈពេល ៦០ថ្ងៃ ដើម្បីចាកចេញ។
លោក Bernad Sang បានថ្លែងថា ថ្វីបើពួកគេបានទទួលរយៈពេល ៦០ថ្ងៃ ដើម្បីចាកចេញក៏ពិតមែន ក៏នៅតែមានន័យថា ពួកគេ ត្រូវបានបង្ខំឲ្យចាកចេញពីតំបន់ព្រៃ Mau។
លោក Bernad Sang ថ្លែងថា៖ «រដ្ឋាភិបាលនេះមានភាពប្រាកដប្រជាណាស់។ ឥឡូវនេះ ពួកគេបណ្តេញប្រជាពលរដ្ឋ។ ពួកគេបំផ្លាញផ្ទះប្រជាពលរដ្ឋ។ សូម្បីតែរយៈពេល៦០ថ្ងៃដែលពួកគេផ្តល់ឲ្យប្រជាពលរដ្ឋហ្នឹងមិនទាន់ដល់ពេលកំណត់ផង ពួកគេចាប់ផ្តើមវាយធ្វើបាបប្រជាពលរដ្ឋ និងបំផ្លាញផ្ទះសម្បែងរបស់ពួកគេទៅហើយ»។
តំបន់ព្រៃ Mau មានទំហំ៤សែនហិកតា។ រដ្ឋាភិបាលកេនយ៉ា បានព្យាយាមបណ្តេញអ្នកតាំងទីលំនៅទាំងអស់ដែលរស់នៅក្នុងតំបន់ព្រៃនោះ។ អ្នកការពារបរិដ្ឋានមួយចំនួន ជឿថា ការវាតទីរបស់មនុស្សចូលក្នុងតំបន់ព្រៃនេះ មានចំណែកក្នុងការធ្វើឲ្យមានគ្រោះរាំងស្ងួតនៅក្នុងប្រទេសនេះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់