ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កេនយ៉ា​មាន​បញ្ហា​បំពុល​ដោយ​ប្លាស្ទិក​យ៉ាងខ្លាំង


រូបឯកសារ៖ បុរស​អ្នក​រើស​អេតចាយ​ម្នាក់​សម្រាក​នៅ​ជិត​​ហ្វូង​សត្វ​ត្រដក់ នៅ​លើ​គំនរ​សំរាម​ នៅ​តំបន់​អនាធិបតេយ្យ ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។
រូបឯកសារ៖ បុរស​អ្នក​រើស​អេតចាយ​ម្នាក់​សម្រាក​នៅ​ជិត​​ហ្វូង​សត្វ​ត្រដក់ នៅ​លើ​គំនរ​សំរាម​ នៅ​តំបន់​អនាធិបតេយ្យ ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

ពិភព​លោក​កំពុង​មាន​បញ្ហា​បំពុល​ដោយ​ប្លាស្ទិកយ៉ាង​ខ្លាំង។ នេះ​ជា​បញ្ហា​ធំ​ដែល​យើង​ត្រូវ​ប្រឈម។ ពិភពលោក​ទាំងមូល​ត្រូវ​ការ​ឲ្យ​ប្រទេស​នីមួយៗស្វែងរក​ដំណោះ​ស្រាយ​ដ៏​ច្នៃប្រឌិត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ អ្នកការពារ​បរិស្ថាន​ថ្លែង​ថា លែង​មាន​ពេល​ដើម្បី​គ្រាន់​តែ​និយាយ​ទៀត​ហើយ គឺ​ដល់​ពេល​ត្រូវ​ចាត់​វិធានការ។

ការធ្វើ​ឲ្យ​ស្ទះ​ប្រព័ន្ធ​លូទឹក ​គឺ​ជា​សត្រូវ​លេខ១​របស់​សាធារណៈ​ជន នេះ​បើ​តាម​សម្តី​របស់​អ្នកការពារ​បរិស្ថាន។

លោក Amos Wemanya នៃ​អង្គការ Greenpeace Africa ថ្លែង​ថា៖ «ការ​បំពុល​ដោយ​ប្លាស្ទិក គឺ​ជា​បញ្ហា​ដ៏ធំ​មួយ ហើយ​អ្វី​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ដ៏ធំ​នេះ គឺ​វត្ថុ​ជ័រ​ដែល​គេ​ប្រើ​តែ​មួយ​ដង​ហើយ​បោះ​ចោល​ ដែល​ក្នុង​នោះ​រួម​ទាំង​ដប​ជ័រ​ផងដែរ។ សារធាតុ​ដែល​គេ​យក​ទៅ​ធ្វើ​វត្ថុ​ជ័រទាំង​នោះ ហៅ​កាត់​ថា P-E-T»។

ប្រទេស​កេនយ៉ា​បាន​យក​ដបជ័រ​ដែល​គេ​ប្រើ​តែម្តង​ហើយ​បោះចោល​ទាំងនោះ​យក​ទៅ​ច្នៃជា​វត្ថុប្រើប្រាស់ឡើង​វិញ​តែ​៣០​ភាគរយ​តែ​ប៉ុណ្ណោះ ​ក្រៅ​ពី​នោះ​អាច​បោះ​ចោល​ទៅ​ក្នុង​ទឹក ឬ នៅ​ពាសវាល​ពាសកាល​លើ​ដី។

អ្នកស្រី ​Lucy Luo Minghui បុគ្គលិក​រោងចក្រ Weeco ដែល​ជា​រោងចក្រ​ច្នៃ​ប្លាស្ទិក ធ្វើជា​វត្ថុ​ប្រើប្រាស់​ឡើងវិញ ថ្លែង​ថា៖ «សម្រាប់​ក្រុមហ៊ុន​របស់​ខ្ញុំ យើង​ត្រូវការ​សំបក​ដបជ័រ​៣ពាន់​តោន​ក្នុង​មួយ​ខែ។ ក៏ប៉ុន្តែ ឥឡូវ​នេះ យើង​ទិញ​បាន​តែ​ប្រមាណជា ៧៥០ តោន​ប៉ុណ្ណោះ ក្នុង​មួយ​ខែ ដោយសារ​គ្មាន​សំបក​ដបជ័រ​គ្រប់គ្រាន់​ទេ»។

និយាយ​ឲ្យ​ច្បាស់​ទៅ សំបក​ដបជ័រ​គឺ​មិន​ខ្វះ​នោះ​ទេ ក៏ប៉ុន្តែ​បញ្ហា​គឺ​ត្រង់​ថា សំបក​ដបជ័រ​ទាំងនោះ កខ្វក់​ខ្លាំង​ពេក រហូត​ដល់​ម្ចាស់​រោងចក្រ​ច្នៃ​ប្លាស្ទិក​ធ្វើជា​វត្ថុ​ប្រើប្រាស់​ឡើងវិញ មិន​ទិញ​យក។

អង្គការ PETCO ជា​អង្គការ​ឃ្លាំមើល​ការច្នៃ​ប្លាស្ទិក​ធ្វើជា​វត្ថុ​ប្រើប្រាស់​ឡើងវិញ។ អ្នកស្រី Joyce Gachugi ជា​នាយិកា​គ្រប់គ្រង​អង្គការ PETCO ប្រចាំ​នៅ​ប្រទេស​កេនយ៉ា។

អ្នកស្រី ថ្លែង​ថា៖ «ជាការពិត​របៀប​កែច្នៃ​ល្អ​បំផុត គឺ​ត្រូវ​មាន​រោងចក្រ​ផលិត​ដប​ជ័រ​ដែល​ធ្វើ​ពី​ដបជ័រ​ប្រើប្រាស់​រួច។ សូម្បីតែ​យើង​នៅ​ប្រទេស​កេនយ៉ា​នេះ​យើង​ចង់​ឲ្យ​មាន​ការកែឆ្នៃ​ធ្វើ​ដប​ជ័រ ពី​ដបជ័រ​ដែរ»។

ក្រុមហ៊ុន​ផលិត​ផ្លាស្ទិក​ធំៗ បាន​បង្កើត​អង្គការ PETCO នេះ​ឡើង​ជា«កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្រប់គ្រង​ខ្លួន​ឯង​»សម្រាប់​ឧស្សាហកម្មច្នៃ​ប្លាស្ទិក​ធ្វើជា​វត្ថុ​ប្រើប្រាស់​ឡើងវិញ។ អ្នកស្រី Joyce Gachugi ថ្លែង​ថា ស្ថានភាពដែល​ល្អនោះ គឺ​រោងចក្រ​នីមួយៗ​គួរតែ​ច្នៃ​ផលិតផល​របស់​ខ្លួនឯង​ឲ្យក្លាយជា​ផលិតផល​ប្រើប្រាស់​វិញ​បាន។

អ្នកស្រី Joyce Gachugi ថ្លែង​ថា៖ «យើង​ត្រូវ​ដឹង​ថា ធនធាន​របស់​យើង​មក​ពីណា វត្ថុ​ធាតុដើម​មក​ពីណា។ បញ្ហា​មួយ​ដែល​យើង​ប្រឈម​នៅ​ប្រទេស​កេនយ៉ា​សព្វថ្ងៃ​នេះ គឺ​យើង​មិនបាន​បែងចែក​សំរាម​ទៅ​តាម​ប្រភេទ​ឲ្យ​បាន​ត្រឹមត្រូវ។ ដូច្នេះ បញ្ហា​ដែល​មាន​ឥឡូវ​នេះ គឺ​មាន​សំបក​ដប​ជ័រ​ដែល​កខ្វក់​នោះ​ជាច្រើន»។

សហគ្រិន​នានា និយាយ​ថា មាន​ឱកាស​ដែល​កំពុងតែ​រង់ចាំ ដែល​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ ក៏ប៉ុន្តែ ​អ្នក​ការពារ​បរិស្ថានថ្លែង​ជា​យូរណាស់​មក​ហើយ​ថា វត្ថុ​ជ័រ​ដែល​ប្រើ​តែ​ម្តង​ហើយ​បោះចោល គឺ​ជា​ឫសគល់​នៃ​បញ្ហា។

លោក Amos Wemanya នៃ​អង្គការ Greenpeace Africa ថ្លែង​ថា៖ «អ្វី​ដែល​សាជីវកម្ម​ទាំងនេះ ត្រូវ​ធ្វើ​គឺ វិនិយោគ​ក្នុង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ ហើយនឹង​អភិវឌ្ឍ​ឲ្យ​មាន​ជម្រើស​ផ្សេង​ក្រៅពី​សារធាតុ​ធ្វើ​ពី​ជ័រ។ ឧទាហរណ៍ ​យើង​ធ្លាប់​ប្រើ​ដប​ធ្វើ​កែវ នៅ​ប្រទេស​កេនយ៉ា​នេះ។ ក៏ប៉ុន្តែ ដូច​អ្នក​ដឹង​ហើយ ថា​គេ​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ណាស់​ពី​ដប​ប្លាស្ទិក ដូច្នេះ ពួកគេ មិន​សុខចិត្ត ទៅ​វិនិយោគ​លើ​ប្រព័ន្ធ​ប្រើប្រាស់​ឡើងវិញ​ ដែល​យើងត្រូវ​ឲ្យ​ដប​ទៅ​វិញ ដើម្បី​បាន​ប្រាក់​តម្កល់​នោះ​ទេ»។

ប្រទេស​កេនយ៉ា បាន​ទទួល​ជោគជ័យ​ក្នុង​ការហាម​ប្រាម​មិន​ឲ្យ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​ក្នុង​ឆ្នាំ ២០១៧ ហើយនឹង​បាន​ដាក់​បម្រាម​មិន​ឲ្យ​ប្រើប្រាស់​ដប​ប្លាស្ទិក​នៅ​តាម​ឆ្នេរ​សមុទ្រ និង​សួន​សាធារណៈ។ សកម្មជន​ការពារ​បរិស្ថាន​អះអាង​ថា បើ​មិន​ដាក់​បម្រាម​មិន​ឲ្យ​ប្រាស់​វត្ថុ​ដែល​មាន​សារធាតុ P-E-T ទេ​នោះ ការច្នៃ​ប្លាស្ទិក​ធ្វើជា​វត្ថុ​ប្រើប្រាស់​ឡើងវិញ គ្រាន់តែ​ជា​ដំណោះស្រាយ​ដ៏​តូច​មួយ សម្រាប់​បញ្ហា​ដ៏​ធំ​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG