ក្រុមអ្នកឃ្លាំមើលសវនាការកាត់ទោសលោក កឹម សុខា មេដឹកនាំបក្សជំទាស់ក្នុងសំណុំរឿងក្បត់ជាតិ បានថ្លែងនៅថ្ងៃសុក្រនេះថា សវនាការរយៈពេលពីរថ្ងៃចុងក្រោយនៃសប្តាហ៍ទីប្រាំរបស់លោក កឹម សុខា បានបង្ហាញឲ្យឃើញភាពចម្រូងចម្រាសនៃឯកសារភស្តុតាង និងភាពលម្អៀងរបស់តុលាការ សម្រាប់គូភាគីតតាំងក្តី។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដែលជាអង្គការសិទ្ធិមនុស្សមួយក្នុងចំណោមអង្គការផ្សេងទៀតដែលបានតាមដានដំណើរការកាត់ក្តីនេះបានប្រាប់ VOA ថា៖ «ក្នុងសប្តាហ៍ទីប្រាំនេះ យើងឃើញមានភាពចម្រូងចម្រាសច្រើន ជាការណ៍ពិតហ្នឹងចម្រូងចម្រាសតាំងពីនីតិវិធី នៅក្នុងសប្តាហ៍ទីបួនម្ល៉េះរឿង ពាក់ព័ន្ធទៅនឹងការបញ្ជាក់ទៅលើការដាក់ភស្តុតាង ឬក៏ទទួលភស្តុតាងហ្នឹង គឺមានភាពមិនសុចរិតភាព អីជាដើមហ្នឹងឯង»។
លោកបន្ថែមថា៖ «ហើយការធ្វើហឹ្នង គឺមានការចម្រូងចម្រាស ទាំងភាគីអយ្យការ ភាគីដើមបណ្តឹងរដ្ឋប្បវេណី ហើយនិងភាគីមេធាវីការពារក្តីឲ្យលោក កឹម សុខា អីជាដើម។ អ៊ីចឹងរឿងហ្នឹង គឺបន្តដេញដោលគ្នា ស្ទើតែគ្រប់ដំណាក់កាលនៃសវនាការ នៃសប្តាហ៍នីមួយៗទាំងអស់ហ្នឹង ហើយបើយើងបញ្ជាក់មកសប្តាហ៍ចុងក្រោយនេះ រឹតតែមានស្ថានភាពតានតឹងទៅទៀត»។
មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់រូបនេះ បានពណ៌នាថា ស្ថានភាពដែលតានតឹងខ្លាំងនោះ គឺនៅពេលក្រុមស្មាក្តីរបស់លោក កឹម សុខា បោះបង់ទីលានតតាំងក្តី នៅពេលពួកគេត្រូវបានកាត់បន្ថយសិទ្ធិក្នុងការបញ្ចេញមតិ និងការកើតមាននូវភាពលម្អៀងរបស់ចៅក្រមលើការផ្តល់ពេលសម្រាប់តស៊ូមតិដល់ភាគីស្មាក្តីសងខាង។
«ភាគីចៅក្រមក្រុមប្រឹក្សាវិញ គឺកាន់តែមានការស្របជាមួយនឹងតំណាងភាគីតំណាងអយ្យការ ភាគីខាងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីជាដើមអ៊ីចឹង ហើយផ្តល់ឱកាសច្រើនទៅដល់ខាងភាគីទាំងពីរហ្នឹង ទាំងតំណាងអយ្យការ ទាំងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីហ្នឹង ចឹងហើយ សម្ពាធមកភាគីមេធាវីការពារក្តីលោក កឹម សុខា ហ្នឹងជាបន្តបន្ទាប់ចឹងទៅរហូតទៅដល់មានសភាពតានតឹងខ្លាំង ហើយក្នុងភាគីហ្នឹង គឺយើងឃើញហើយ មានការដាក់សម្ពាធហ្នឹងហាក់ដូចជា លក្ខណៈផ្ចាញ់ផ្ចាលគ្នា ហើយយកចាញ់យកឈ្នះគ្នា ដោយមានពាក្យមិនសមរម្យជាច្រើន ដែលយើងមិនគួរណាប្រើក្នុងនាមចៅក្រមក្តី ឬក៏មេធាវីក្តីហ្នឹង យើងមិនគួរប្រើទេ ដូចជាពាក្យមេធាវីទំនើងអីចឹង ដែលធ្វើឲ្យមានការប៉ះទង្គិចនៅក្នុងផ្លូវអារម្មណ៍របស់អ្នកទាំងអស់ហ្នឹង»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣ ខែកញ្ញា នៅឆ្នាំ ២០១៧ ភ្លាមៗក្រោយពេលវីដេអូរបស់លោកជាង១ម៉ោងដែលលោកបានថ្លែងនៅឆ្នាំ ២០១៣ នៅក្នុងប្រទេសអូស្ត្រាលីអំពីយុទ្ធសាស្ត្ររបស់លោក ដើម្បីប្រជែងជាមួយដៃគូនយោបាយគឺគណបក្សកាន់អំណាចនោះ ត្រូវប្រទះឃើញបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកឡើងវិញ។
លោក កឹម សុខា ត្រូវបានចោទពីបទ «សន្ទិដ្ឋិភាព» ឬរួមគំនិតជាមួយបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិក បានបដិសេធការចោទប្រកាន់នេះ។
លោក កន សាវាង្ស មន្រ្តីសម្របសម្រួលអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែល យល់ថា ការបង្ហាញភស្តុតាងនៅក្នុងសវនាការកាត់ទោសលោក កឹម សុខា បានក្លាយជាបញ្ហាធំមួយដែលគ្របដណ្តប់ទីលានរកយុត្តិធម៌ឲ្យលោក កឹម សុខា។
«អ៊ីចឹង យើងឃើញថា បញ្ហានេះ ហាក់ដូចជាមានការពង្វាង ឬមួយក៏ជាចំណុចមួយដែលដូចជាមិនច្បាស់លាស់នៃការបញ្ជាក់អំពីឯកសារហ្នឹងថា តើពេលណា ឬក៏បកស្រាយយ៉ាងម៉េចបាទ នេះគឺអ្វីដែលយើងមើលឃើញ គឺថាបញ្ហារឿងពាក់ព័ន្ធហ្នឹងឯកសារហ្នឹង គឺរឿងធំតែម្តងបាទ»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកចៅក្រម កូយ សៅ ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសវនាការលោក កឹម សុខា និងលោក លី ច័ន្ទតុលា មេធាវីដើមបណ្តឹងរដ្ឋប្បវេណី ឬជាអ្នកការពារក្តីឲ្យរដ្ឋាភិបាលកម្ពុជាបានទេ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមស្មាក្តីទាំងបួនរូបរបស់មេដឹកនាំគណបក្សជំទាស់លោក កឹម សុខា បានដើរចេញពីបន្ទប់តុលាការ ហើយបានចោទប្រកាន់ពីភាពមិនប្រក្រតីនៃបំណែកភស្តុតាងមួយ និងការណ៍ដែលពួកគេមិនត្រូវបានអនុញ្ញាតឲ្យលើកពីការមិនសុខចិត្តរបស់ពួកគេនៅក្នុងតុលាការ។
បំណែកភស្តុតាងស្ថិតក្នុងការសួរដេញដោលនោះ គឺជាសេចក្តីថ្លែងការណ៍រួមមួយដែលលោកចៅក្រម សេង លាង អះអាងថា ធ្វើឡើងដោយលោក សម រង្ស៊ី និងលោក កឹម សុខា ក្នុងអំឡុងពេលនៃការបង្កើតគណបក្សសង្គ្រោះជាតិ។
បំណែកភស្តុតាងនេះគឺស្ថិតក្នុងកញ្ចប់ឯកសារមួយមានលេខសម្គាល់១២៦ ដែលដើមឡើយតំណាងអយ្យការលោក ប្លង់ សុផល ថា ជាឯកសារ«លេខ៥»។
ក្រុមស្មាក្តីលោក កឹម សុខា បានតវ៉ាយ៉ាងខ្លាំងមុនពេលពួកគេដើរចេញពីសវនាការកាលពីថ្ងៃព្រហស្បតិ៍ ដោយអះអាងថា ពួកគេមិនដែលទទួលបានឯកសារលេខ១២៦នេះទេ។
លោក ចាន់ ចេន សហមេធាវីមួយរូបរបស់លោក កឹម សុខា បានស្នើឲ្យចៅក្រមប្រគល់ឯកសារនេះ ទៅសហភាតារបស់លោកដែលមកការពារក្តីក្រោយគេឲ្យលោក កឹម សុខា គឺលោក អាង ឧត្តម ដែលរងការស្តីបន្ទោសយ៉ាងចាស់ដៃពីលោកចៅក្រមកូយ សៅ ចំពោះការតវ៉ាប្រឆាំងនឹងប្រភពនៃសំណុំឯកសារលេខ១២៦ដែលមានជាង១០០០ សន្លឹកនោះ។
លោក ផែង ហេង សហមេធាវីមួយរូបរបស់លោក កឹម សុខា ប្រាប់ VOA ថា ខាងក្រុមស្មាក្តីរបស់លោក កឹម សុខា កំពុងរង់ចាំមើលថា លោក អាង ឧត្តម បានទទួលឯកសារគ្រប់គ្រាន់ហើយឬនៅ។ លោកបន្ថែមថា ក្រុមស្មាក្តីនឹងបន្តចូលរួមនីតិវិធីកាត់ទោសលោក កឹម សុខា ដដែល ឯការតវ៉ានឹងធ្វើបន្តទៀត ប្រសិនបើក្រុមស្មាក្តីពើបប្រទះនឹងភាពមិនប្រក្រតីទៀតនោះ។
«បាទអាស្រ័យលើគុណភាពឯកសារសិន យើងមើលថា មានសុចរិតភាពអត់ គុណភាពអត់ យើងមិនមែន ទៅការពារក្តីតាម គេថា កៗ ខៗ អាហ្នឹង កូនក្តីគេម៉េច ពឹងពាក់ឲ្យយើងទៅធ្វើជាអ្នកច្បាប់ ដើម្បីមើលនីតិវិធីឲ្យ»។
យ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលការកាត់ក្តីលើកឡើងថា សំណុំរឿងរបស់លោក កឹម សុខា នេះ គឺមានចរិតនយោបាយ ដែលពិបាកនឹងបញ្ចប់តាមផ្លូវតុលាការនោះ។ ពួកគេថា ការកាត់ទោសលោក កឹម សុខា នឹងមិនអាចធ្វើឡើងតែប្រមាណ២ ឬ៣ខែនោះទេ ព្រោះបើពិនិត្យទៅលើភស្តុតាងដែលយកមកគាំទ្រអង្គហេតុនីមួយៗមានភាពចម្រូងចម្រាសច្រើន ហើយតុលាការក៏ត្រូវហៅភាគីផ្សេងទៀត ដែលមានការជាប់ពាក់ព័ន្ធ ដូចបទចោទប្រកាន់មកលើលោក កឹម សុខា ផងដែរ។
លោក ផែង ហេង មេធាវីការពារក្តីលោក កឹម សុខា មានប្រសាសន៍ថា លោកទុកឲ្យមហាជនវាយតម្លៃទៅលើសំណុំរឿងរបស់លោក កឹម សុខា ថា មានជាប់ហេតុផលនយោបាយ ឬក៏ជារឿងដែលត្រូវរកស និងខ្មៅ ទៅតាមសំណៅច្បាប់នៃប្រព័ន្ធយុត្តិធម៌កម្ពុជា។
ដោយឡែកភាគីមេធាវីដើមបណ្តឹងរដ្ឋាភិបាល បានលើកឡើងនៅក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេមិនចង់មានការអូសបន្លាយពេលនៃសវនាការ ដោយសារតែការតវ៉ាមិនឈប់ឈរចំពោះឯកសារភស្តុតាងនីមួយៗនោះទេ ព្រោះពួកគេក៏ចង់បានយុត្តិធម៌សម្រាប់រដ្ឋាភិបាលកម្ពុជាផងដែរ៕