លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបន្តបដិសេធមិនចូលខ្លួនតាមដីកាបង្គាប់ឲ្យចូលខ្លួនពីសាលាដំបូងរាជធានីភ្នំពេញ ដោយសំអាងថា លោកនៅមានអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្រ្ត។
អ្នកនាំពាក្យគណបក្សប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសប្រាប់អ្នកសារព័ត៌មាននៅឯទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រនេះថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រកាន់គោលជំហរមិនចូលខ្លួនតាមដីកាបង្គាប់ឲ្យចូលខ្លួនពីតុលាការក្រុងភ្នំពេញ ដោយលោកនៅមានអភ័យឯកសិទ្ធិក្នុងតួនាទីជាអ្នកតំណាងរាស្ត្រ។
ការប្រកាសរបស់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមណ្ឌលខេត្តព្រៃវែង កើតឡើងបន្ទាប់ពីលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញដីកាបង្គាប់ឲ្យចូលខ្លួនដល់លោក កឹម សុខា ពីបទចោទប្រកាន់មួយផ្សេងទៀត គឺបទ «បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា ៥៣៨ នៃក្រម ព្រហ្មទណ្ឌ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកសារព័ត៌មានអំពីការមិនទៅបង្ហាញខ្លួនរបស់លោក កឹម សុខា នៅតុលាការក្នុងថ្ងៃទី១៤ ខែមិថុនា នៅទីស្នាក់ការកណ្តាលរបស់គណបក្សយ៉ាងដូច្នេះថា៖
«ឯកឧត្ដម កឹម សុខា បានបញ្ជាក់ម្តងហើយម្តងទៀត លោកជាអ្នកតំណាងរាស្ត្រ លោកមានអភ័យឯកសិទ្ធិ លោកមិនទៅទេ។ ដូច្នេះថ្ងៃ១៤ គាត់មិនទៅទេ។ ក៏ប៉ុន្តែយើងនៅកំពុងតែសិក្សា សិក្សាផ្លូវច្បាប់ជាមួយក្រុមមេធាវី ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ តើការអនុវត្តនោះត្រឹមត្រូវពេញលេញ ឬក៏អត់»។
កាលពីថ្ងៃទី២៦ ខែឧសភា អាជ្ញាធរមានសមត្ថកិច្ចប្រដាប់ដោយអាវុធនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការតាមរកលោក កឹម សុខា អស់រយៈពេលជិតមួយម៉ោង បន្ទាប់ពីលោកបដិសេធមិនចូលខ្លួនទៅបំភ្លឺនៅតុលាការក្នុងនាមជាសាក្សីក្នុងសំណុំរឿងអំពើសញ្ចរកម្មដែលតុលាការក្រុងភ្នំពេញបានចោទមកលើរូបលោក។
បន្ទាប់ពីការតាមរកលោក កឹម សុខា មិនបានជោគជ័យ ព្រះរាជអាជ្ញានៃអយ្យការអមតុលាការក្រុងភ្នំពេញ បានផ្ញើលិខិតនៅថ្ងៃទី២៦ ខែឧសភាដដែលនោះ ជម្រាបលោក ហេង សំរិន ប្រធានសភាជាតិថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើស «បដិសេធក្នុងការចូលខ្លួន»។ សភាជាតិ ដែលមានតែអ្នកតំណាងរាស្ត្រចំនួន៦៨រូបនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា បានសម្រេចឲ្យតុលាការក្រុងភ្នំពេញបន្តចាត់ការ សំណុំរឿងលោក កឹម សុខា ដោយផ្អែកលើលិខិតរបស់ព្រះរាជអាជ្ញានោះ។
VOA ព្យាយាមសុំការអធិប្បាយពីលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ តែមិនទាន់អាចទាក់ទងបានទេនៅថ្ងៃសុក្រនេះ។ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនអធិប្បាយទៅលើនីតិវិធីរបស់តុលាការ ក្នុងការឃាត់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រសិនបើលោកមិនព្រមចូលខ្លួនតាមដីកាបង្គាប់របស់តុលាការ។ លោកបានបង្វែរសំណួរ ទៅអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។ VOA ក៏មិនអាចទាក់ទងលោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានដែរ ដោយទូរស័ព្ទលោកមិនដំណើរការ។
នៅក្នុងសំណុំរឿងលោក កឹម សុខា នេះ មានមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់៤រូបរួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី នៃសមាគមការពារសិទ្ធិមនុស្សអាដហុក និង លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្នរង់ចាំការកាត់ទោស។ លោក ស៊ាង ចែត មេឃុំស្រក ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមនៃគណបក្សប្រឆាំងក៏បានជាប់ឃុំក្នុងសំណុំដដែលនេះដែរ។
ក្រុមមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុកត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី រីឯលោក ស៊ាង ចែត ក៏រងការចោទប្រកាន់ដូចគ្នានេះដែរ។
សំណុំរឿង លោក កឹម សុខា ផ្តើមចេញពីទំនាក់ទំនងស្នេហាមួយដែលគេនៅសង្ស័យថា លោក កឹម សុខា មានជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
សហគមន៍អន្តរជាតិ បានសម្តែងក្តីបារម្ភចំពោះសំណុំរឿងលោក កឹម សុខា នេះ ក្នុងនោះគឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ពួកគេចង់ឲ្យរដ្ឋអំណាចកម្ពុជា បន្តវប្បធម៌សន្ទនា ដើម្បីបន្ធូរនូវភាពតានតឹងនយោបាយនេះ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានហៅការសម្តែងក្តីបារម្ភនេះ ថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ស្ថានបេសកកម្មការទូតមួយចំនួនដែលក្រសួងមិនបញ្ចេញឈ្មោះចំៗ នៅរាជធានីភ្នំពេញ បានសម្តែងនូវការងឿងឆ្ងល់ និងការព្រួយបារម្ភនានា ចំពោះដំណើរការអនុវត្តន៍នីតិវិធីរបស់តុលាការកម្ពុជា។ ក្រសួងការបរទេស បានឆ្លើយតបទៅនឹងការងឿងឆ្ងល់នោះថា ប្រតិកម្មរបស់ស្ថានបេសកកម្មការទូតមួយចំនួនបានបង្ហាញឲ្យឃើញពីការមិនយល់ ឬការមិនចង់យល់អំពីវិធាននៃការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានបន្តថា ការសូកប៉ាន់សាក្សី ត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសប្រជាធិបតេយ្យទាំងអស់ ហើយជាពិសេសនៅក្នុងប្រទេសសមាជិកនៃសហភាពអឺរ៉ុប។ ការផ្តន្ទាទោសនេះ ក៏មានដូចគ្នានៅប្រទេសកម្ពុជាដែរ។ ក្រសួងសង្កត់ធ្ងន់ថា ការបដិសេធមិនចូលខ្លួនមកឆ្លើយបំភ្លឺ តាមការកោះហៅរបស់តំណាងអយ្យការ អាចត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសប្រជាធិបតេយ្យទាំងអស់ ជាពិសេសរដ្ឋសមាជិកទាំងអស់នៃសហភាពអឺរ៉ុប។ នៅប្រទេសកម្ពុជា ក៏មានដូចយ៉ាងនេះដែរ។
យ៉ាងណាក៏ដោយ មន្ត្រីនៃគណបក្សសង្គ្រោះជាតិ បានព្យាយាមការពារលោក កឹម សុខា ដែលមិនព្រមចូលខ្លួនទៅតុលាការនេះ ដោយការប្រៀបធៀបជាមួយមេដឹកនាំកំពូលកម្ពុជាបច្ចុប្បន្នមួយចំនួនដែលត្រូវបានសាលាក្តីខ្មែរក្រហម កោះហៅឲ្យចូលខ្លួន តែមិនព្រមចូលដោយសំអាងលើអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានច្រានចោលការប្រៀបធៀបនេះដែរ ហើយអះអាងថា ការប្រៀបធៀបសំណុំរឿង លោក កឹម សុខា ទៅនឹងសាលាក្តីខ្មែរក្រហម គឺជាការបន្ទាបបន្ថោកសាលាក្តីខ្មែរក្រហម៕