សភាជាតិដែលមានតែអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ៦៨រូប នៅថ្ងៃច័ន្ទនេះ បានបោះឆ្នោត អនុម័តជាឯកច្ឆន្ទ អនុញ្ញាតឲ្យ ស្ថាប័នតុលាការបន្តចាត់ការរឿងក្ដី លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលរងការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងអំពើសញ្ចរកម្ម។
ការបោះឆ្នោតដោយតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង នៅគ្រាដែលអ្នកតំណាងរាស្ត្រ៥៣រូបនៃគណបក្សប្រឆាំង បានធ្វើពហិការមិនចូលប្រជុំសភា ហើយរង់ចាំទទួលញត្តិពីសកម្មជន និងអ្នកគាំទ្ររបស់ខ្លួន ដើម្បីយកទៅថ្វាយព្រះមហាក្សត្រខ្មែរព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។
ការបោះឆ្នោតសម្រេចនេះ ក៏ត្រូវធ្វើឡើង បន្ទាប់ពីតុលាការបានដាក់លិខិតមួយទៅសភា រៀបរាប់ពីវិធានការណ៍ច្បាប់ប្រឆាំងនឹង លោក កឹម សុខា និងការណ៍ដែលលោកខកខាន មិនបានចូលខ្លួនបំភ្លឺចំនួនពីរលើកនៅសាលាដំបូងរាជធានីភ្នំពេញ។
ក្រុមអ្នកតំណាងរាស្ត្រ ដែលនាំយកញត្តិពីក្រុមសកម្មជន និងអ្នកគាំទ្ររបស់ខ្លួន ទៅថ្វាយព្រះមហាក្សត្រ បានជួបការរារាំងពីអាជ្ញាធរមានសមត្ថកិច្ចតាមរយៈការបិទផ្លូវប្រហែលជាជាងមួយម៉ោង។
ប៉ុន្តែពួកគេ នៅតែអាចយកញត្តិដែលមានស្នាមផ្ដិតមេដៃជិត ២០ម៉ឺនមេដៃ ថ្វាយព្រះមហាក្សត្រខ្មែរបានដដែល បន្ទាប់ពីមានការសម្របសម្រួលជាមួយនឹងមន្ត្រីប៉ូលិសនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីតំណាងរាស្ត្រនៃគណបក្សប្រឆាំង។
ការដាក់ញត្តិនេះ មានបំណងសុំឲ្យព្រះមហាក្សត្រ ជួយពនិត្យ និងមានព្រះរាជអន្តរាគមន៍ បញ្ឈប់ការរំលោភលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រពីសំណាក់អំណាចតុលាការ។
លោក ហេង សំរិន ប្រធានសភាជាតិ បានប្រកាសពីសំឡេងយល់ព្រមរបស់អ្នកតំណាងរាស្ត្រគណបក្សគ្រប់គ្រងប្រទេស ចំពោះការអនុញ្ញាតឲ្យស្ថាប័នតុលាការ បន្តនីតិវិធីរបស់ខ្លួន នៅមុនការដង្ហែញត្តិនេះ។
ប្រធានសភាជាតិពីខាងគណបក្សប្រជាជនកម្ពុជារូបនេះ បានប្រកាសសំឡេងយល់ព្រមអនុម័តនៅពីមុខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានឥទ្ធិពលយ៉ាងដូច្នេះថា៖
«ការអនុម័តរបស់អង្គសភាអម្បាញ់មិញនេះ ខ្ញុំសូមប្រកាសថា អង្គសភា បានអនុម័តឲ្យសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី លើករណីឯកឧត្ដម កឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម»។
នៅមុនការប្រកាសនេះ លោក ហេង សំរិន ក៏បានសួរទៅក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ថាតើមានសមាជិកសមាជិការូបណា ចង់ទាមទារឲ្យតុលាការផ្អាកការចោទប្រកាន់លោក កឹម សុខា បន្ទាប់ពីការបោះឆ្នោតនោះ តែពុំមានអ្នកតំណាងរាស្ត្ររូបណាបញ្ចេញយោបល់នោះទេ។
នៅក្រោយពេលសភា ដែលគ្របដណ្ដប់ដោយសមាជិកមកពីគណបក្សគ្រប់គ្រងប្រទេសផ្ដល់ការយល់ព្រមឲ្យតុលាការបន្តនីតិវិធីរបស់ខ្លួនក្នុងសំណុំរឿងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនោះ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានហៅការបោះឆ្នោតរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ថាជាការរំលោករដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។
«ការបង្កើតឲ្យមានការបោះឆ្នោតខុសច្បាប់ ជាពិសេសច្បាប់កំពូលរបស់ជាតិ ច្បាប់រដ្ឋធម្មនុញ្ញ ដោយឲ្យមានការបោះឆ្នោត ៥០បូកមួយ ដែលមិនមានចែងទាល់តែសោះនេះ ជាការបំពានធ្ងន់ធ្ងរណាស់»។
លោកបានថ្លែងថា ក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាច មិន គោរពមាត្រា ៨០ នៃ រដ្ឋធម្មនុញ្ញ ដែលបានសរសេរថា ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចអាចឃាត់ខ្លួន ឬចាប់ខ្លួនតំណាងរាស្ត្របាន ទាល់តែតំណាងរាស្ត្រនោះ បានប្រព្រឹត្តបទល្មើសជាក់ស្ដែង ហើយករណីផ្សេងទៀត ដើម្បីចាប់ខ្លួនតំណាងរាស្ត្របាន លុះត្រាតែ មានសំឡេងយល់ព្រមពីរដ្ឋសភា ២ភាគ៣។
លោក សុន ឆ័យបន្តថា ប្រសិនបើដកអភ័យឯកសិទ្ធិហើយតែតំណាងរាស្ត្រនោះ មិនត្រូវបានរកឃើញថា បានប្រព្រឹត្តបទល្មើសណាមួយ នោះសភាអាចបោះឆ្នោតផ្ដល់សិទ្ធិឲ្យតំណាងរាស្ត្រនោះវិញតាមសំឡេង៣ភាគ៤។
លោកអះអាងថា លោក កឹម សុខា ពុំបានប្រព្រឹត្តបទល្មើសជាក់ស្ដែងដូចការចោទប្រកាន់ពីតុលាការនោះទេ។
យ៉ាងណាក៏ដោយ ផ្នែកខ្លះនៃលិខិតរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលផ្ញើជូនលោក ហេង សំរិនកាលពីសប្ដាហ៍មុន បានពន្យល់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ យល់ឃើញថា ការប្រព្រឹត្តរបស់ លោក កឹម សុខា ដែលមិនចូលខ្លួនមកឆ្លើយបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការទាំងពីរលើកនេះ គឺជាបទល្មើស តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា៖
«រាល់បុគ្គលណា ដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សី នៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីការកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១០០.០០០សែន (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល»។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធមិនធ្វើការអធិប្បាយ បន្ទាប់ពីការអនុម័តរបស់សភានៅព្រឹកនេះ។
លោកបានប្រាប់ VOA ថាលោកជាប់បេសកកម្មនៅក្រៅប្រទេស។
ទាក់ទិនការដាក់ញត្តិមកដល់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង តំណាងគណបក្សប្រឆាំងមកពីបណ្ដាខេត្តនានានៅទូទាំងប្រទេស បានប្រាប់ទៅអ្នកចូលរួមក្នុងពិធីប្រគល់ញត្តិទីស្នាក់ការការកណ្ដាលគណបក្សសង្គ្រោះជាតិស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថា អាជ្ញាធរមូលដ្ឋាន បានគំរាមកំហែង និងឃាត់ខ្លួនសកម្មជនខ្លួននៅក្នុងការប្រមូលស្នាមមេដៃដើម្បីធ្វើញត្តិ តែពុំមានការឃុំខ្លួននោះទេ។
លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធ មិនធ្វើការអធិប្បាយអំពីរឿងឃាត់ខ្លួននេះ តែលោកថា ករណីលោក កឹម សុខា ថាគឺ ជារឿងបុគ្គលតែប៉ុណ្ណោះ។
«ស្រុកទេសយើងវាមិនទៅដល់
លោកឧត្ដមសេនីយ៍ ក៏ពុំបានអធិប្បាយទៅលើហេតុផលនៃការណ៍ដែលអាជ្ញាធរមានសមត្ថកិច្ច បើកផ្លូវឲ្យក្រុមអ្នកតំណាងរាស្ត្រយកញត្តិទៅថ្វាយព្រះមហាក្សត្រខ្មែរនោះដែរ។
ក្រោយពីក្រុមអ្នកតំណាងរាស្ត្របានវិលត្រឡប់ពីព្រះបរមរាជវាំង លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងថា មន្ត្រីព្រះបរមរាជវាំងបានចេញមកទទួលញត្តិពីក្រុមអ្នកតំណាងរាស្ត្រ តែលោកមិនទាន់បញ្ជាក់ថា ព្រះមហាក្សត្រខ្មែរទ្រង់មានព្រះរាជតម្រិះយ៉ាងណានោះទេ៕