រដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាជា«ការបំផ្លើស»ដែលបង្កឱ្យមាន«ការយល់ច្រឡំ»ចំពោះការប្រៀបធៀបសំណុំរឿងលោក កឹម សុខា ជាមួយនឹងសំណុំរឿងនៅសាលាក្តីខ្មែរក្រហម។
ប្រតិកម្មនេះកើតមានឡើងបន្ទាប់ពីមានការរិះគន់កាន់តែច្រើនឡើងលើចំណាត់ការរបស់តុលាការក្រុងភ្នំពេញមកលើលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិក្នុងសំណុំរឿងសញ្ចរកម្ម ដោយក្រុមអ្នករិះគន់បានធ្វើការប្រៀបធៀបជាមួយនឹងការខកខានរបស់ឥស្សរជននយោបាយចំនួន៦នាក់នៃគណបក្សកាន់អំណាច មិនព្រមឆ្លើយតបនឹងការកោះហៅរបស់សាលាក្តីខ្មែរក្រហមក្នុងពេលកន្លងមក ឱ្យធ្វើជាសាក្សីក្នុងសំណុំរឿង០០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម ប៉ុន្តែសាលាក្តីមិនបានចាត់ការអ្វីទេ។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយហៅការប្រៀបធៀបនោះថាជា ការ«ខ្វះការសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយលើកិច្ចការដំណើរការរបស់សាលាក្តីខ្មែរក្រហមជាការផ្សព្វផ្សាយដែលគ្មានមូលដ្ឋានច្បាស់លាស់ គឺជាការនិយាយភូតកុហក បំផ្លើសនិងមានចរិតនយោបាយ»។
កាលពីចុងខែឧសភា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយលើកឡើងពីការមិនសហការជាមួយនឹងសាលាក្តីខ្មែរក្រហមដោយឥស្សរជននយោបាយចំនួន៦រូបមកពីគណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះមាន លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងលោក គាត ឈុន អតីតឧបនាយករដ្ឋមន្ត្រីផងដែរ។ អស់លោកទាំងនោះត្រូវបានតុលាការខ្មែរក្រហមកោះហៅតាំងពីឆ្នាំ២០០៩ ឲ្យទៅបំភ្លឺ ចំពោះមុខចៅក្រម។
លោក សម រង្ស៊ី បានចោទជាសំណួរថា៖
«អ្នកទាំងនោះមិនបានទៅបង្ហាញមុខខ្លួននៅតុលាការទេ មកទល់នឹងថ្ងៃនេះ។ តើមាននរណាបានតាមចាប់ជនល្មើសទាំងនោះទេ?»
លោក សម រង្ស៊ី បានបន្ថែមថា «បទល្មើសរបស់បុគ្គលទាំង៦រូបនោះ អាចមានការពាក់ព័ន្ធជាមួយ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាប្រធានបទនៃការស៊ើបអង្កេតរបស់តុលាការខ្មែរក្រហម។ ឧក្រិដ្ឋកម្មបែបនេះមិនមែនជារឿងផ្ទាល់ខ្លួនកំប៉ិកកំប៉ុក ដូចរឿងដែលគេកំពុងតែចោទប្រកាន់លោក កឹម សុខា នោះទេ»។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា យុត្តាធិការរបស់សាលាក្តីខ្មែរក្រហមខុសដោយឡែកពីតុលាការកម្ពុជា ដោយសារតែការនាំខ្លួន ឬឃុំខ្លួនត្រូវទាមទារឱ្យមានការចុះហត្ថលេខារវាងភាគីជាតិ និងអន្តរជាតិ ហើយការកោះហៅថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាកន្លងមក គឺធ្វើដោយភាគីអន្តរជាតិតែម្ខាង ដោយមិនមានការចូលរួមពីសហចៅក្រមជាតិនោះទេ។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានបន្ថែមទៀតថា៖
«ក្នុងស្ថានភាពសព្វថ្ងៃនេះ ករណីនេះវាលែងជាបច្ចុប្បន្នភាពគតិយុត្តិទៀតហើយ» និងថា«ក្នុងសំណុំរឿងតុលាការ រាល់នីតិវិធីតុលាការត្រូវតែធ្វើការដោះស្រាយក្នុងក្របខណ្ឌតុលាការ ដើម្បីជៀសវាងការរំខាន ឬការកេងចំណេញនយោបាយពីមជ្ឈដ្ឋានខាងក្រៅ»៕