ក្រោយពីស្ងាត់មួយរយៈលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានដាស់តឿនអ្នកនយោបាយខ្មែរឲ្យឈប់ផ្តេកផ្តួលទៅលើបុគ្គលនិយមដែលបាននាំប្រទេសកម្ពុជាឲ្យធ្លាក់ដុនដាបដូចកាលពីពេលកន្លងមក។
ថ្លែងទៅកាន់អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិនៅក្នុងពិធីជួបជុំគ្នាមួយក្នុងទីក្រុងប៉ារីសប្រទេសបារាំង លោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភាជាតិ មើលឃើញថាការជឿទុកចិត្តទៅលើបុគ្គលពីរបីនាក់ជាគ្រោះថ្នាក់មួយដល់សង្គមកម្ពុជា។
«ខ្ញុំអត់ចង់ឲ្យខ្មែរយើងដើរទៅរកជឿតួឯកទេ។ នេះខ្ញុំឃើញកន្លែងនេះហើយដែលត្រូវការអ្នកតួឯក។ អាតួឯកហ្នឹងហើយដែលនាំឲ្យស្រុកធ្លាក់ទឹក ចេះតែបញ្ចើចបញ្ចើមេដឹកនាំហ្នឹង។ អាខុសក៏ត្រូវតែថាល្អ អាត្រូវក៏នៅតែថាល្អ។ ដល់តែស្រឡាញ់អ្នកដឹកនាំពេក អ្នកដឹកនាំធ្វើខុសនោះៗ[បែរជាយល់ថា]អាហ្នឹង ល្បិចរបស់គាត់ យុទ្ធសាស្ត្ររបស់គាត់ទេ។ គាត់ឆ្លាត គាត់ប៉ុណ្ណឹងគាត់មិនមែនចាញ់បោកគេអាហ្នឹងអ្ហេដែលយើងចេះនិយមតួឯក»។
លោកកឹម សុខាបន្តថា៖
«ខ្ញុំអត់ចង់ ខ្លួនខ្ញុំក៏អត់ចង់ដើរជាតួឯក យើងចង់ទាំងអស់គ្នា ខ្មែរទាំងអស់គ្នាជាតួទាំងអស់គ្នាមិនមែនអ្នកណាម្នាក់គ្រាន់បើជាងអ្នកណាពេកទេ។ កាលណាយើងឲ្យតម្លៃទៅលើមេដឹកនាំពេកគឺជោ ជោហ្នឹងហើយដែលអត់ជាតិ»។
លោកអនុប្រធានគណបក្សជំទាស់ ដែលពុំសូវរិៈគន់រដ្ឋាភិបាលក្រោយមានវប្បធម៌សន្ទនានេះ បានថ្លែងដែរថា អ្នកនយោបាយខ្មែរត្រូវគិតគូពីកម្លាំងយុវជនដែលជាអ្នកបន្តវេនដឹកនាំប្រទេសកម្ពុជា។
«សព្វថ្ងៃនេះ អ្នកដែលគ្រាន់បើ ហើយដែលយើងត្រូវកោតសរសើរ ហើយត្រូវលើកទឹកចិត្តបន្តទៀតដើម្បីសង្គ្រោះជាតិ ដើម្បីជួយជាតិយើងគឺយុវជនខ្មែរ។ ត្រូវគិតពីយុវជនតែម្តង បើគិតយុវជនត្រូវ យើងគាំទ្រយុវជនត្រូវជាតិយើងអត់រលាយទេ»។
ការលើកឡើងរបស់លោកកឹម សុខាគឺធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពីជំនួបអាហារពេលល្ងាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្សីប្រធានគណបក្សសង្គ្រោះជាតិក្នុងលក្ខណៈគ្រួសារដើម្បីបង្កើនភាពកក់ក្តៅនិងពង្រីកវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ។ ជំនួបអាហារនាលា្ងចថ្ងៃសៅរ៍កន្លងមក ពុំមានវត្តមានលោក កឹម សុខាទេ។
នៅក្នុងសារមួយផ្ញើមកវីអូអេនៅថ្ងៃពុធនេះលោកសម រង្ស៊ីប្រធានគណបក្សបានពន្យល់បន្ថែមពីវប្បធម៌សន្ទនាថាវាដូចគ្នាទៅកីឡាដែលអ្នកចូលរួមប្រកួតមិនមែនជាសត្រូវស្លាប់រស់នឹងគ្នាទេគឺតែងតែមានការរាក់ទាក់គ្នានៅមុនពេលប្រកួតនិងក្រោយពេលប្រកួត។ លោកបានបន្ថែមថា៖
«គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជានឹងបន្តប្រឈមមុខដាក់គ្នាលើគោលនយោបាយរៀងៗខ្លួនហើយគណបក្សនិមួយៗនឹងនៅតែ មានគោលបំណងឈានទៅ សម្រេចជោគជ័យក្នុងការបោះឆ្នោតដែលនឹងឈានមកដល់ក្នុងពេលខាងមុខ»។
លោក សុខ ឥសាន្ត អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ប្រាប់វីអូអេថា គណបក្សប្រជាជនកម្ពុជាបានផ្តល់ទៅកម្លាំងយុវជនដោយបានដាក់ឲ្យពួកគេចូលប្រឡូកក្នុងកិច្ចការនយោបាយ ដែលជាការត្រួសត្រាយផ្លូវមួយឲ្យពួកគេឡើងបន្តវេនពីអ្នកនយោបាយចាស់ទុំនៅក្នុងគណបក្ស។
«អាហ្នឹងយើងដឹងហើយការកសាងយុវជនជាទំពាំងស្នងឫស្សីដើម្បីបន្តវេន។ ក៏ប៉ុន្តែការកសាងយុវជនគឺយើងឃើញថា តាមលក្ខការណ៍ គឺថាគណបក្សប្រជាជនដែលជាគណបក្សកាន់អំណាច កសាងយុវជនដើម្បីឲ្យបន្តអំណាចតទៅទៀតក្នុងស្រទាប់យុវជន។ ហើយចំពោះគណបក្សប្រឆាំងគាត់កសាងយុវជនខ្សែគាត់ជាយុវជនគណបក្សប្រឆាំងអញ្ចឹងទៅ។ អាហ្នឹងវាមានលក្ខណៈគ្នាអញ្ចឹងមិនអាចច្របល់គ្នាបានទេទៅតាមជួរ»។
លោកបណ្ឌិតសុខ ទូចសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ ឲ្យដឹងថាគណបក្សទាំងពីរបានគិតគូរលើកម្លាំងយុវជនដូចគ្នាតែកម្លាំងយុវជនមកពីគណបក្សប្រជាជនកម្ពុជាមានឱកាសចូលរួមអនុវត្តការងារនយោបាយច្រើនជាងគណបក្សសង្គ្រោះជាតិ។
«យើងឃើញហើយឃោសនាម្តងៗ យុវជនចូលរួមច្រើនទោះមានលុយគ្មានលុយគ្មានអីក៏ដោយ ប៉ុន្តែ យុវជនបានចំណាយលុយខ្លួនឯងកម្លាំងខ្លួនឯងចូលរួមឃោសនាហ្នឹង។ វាស្មើនឹងការចូលឃោសនារបស់គណបក្សប្រជាជនដែរ ប៉ុន្តែដល់ពេលបានផលប្រយោជន៍អត់មានយុវជនទេ គឺយុវចាស់ទាំងអស់»។
ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានបញ្ចូលកម្លាំងយុវជនទៅកាន់តំណែងក្នុងរដ្ឋាភិបាល និងធ្វើជាអ្នកតំណាងរាស្រ្តនៅក្នុងរដ្ឋសភាជាតិ។ ប៉ុន្តែពួកគេសុទ្ធតែជាកូនចៅរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលកាន់តំណែងគ្រាក់ៗក្នុងជួររដ្ឋាភិបាល៕