មេដឹកនាំគណបក្សសង្គ្រោះជាតិបានស្នើសុំឱ្យអ្នកគាំទ្រនៅថ្នាក់មូលដ្ឋានបន្តជឿជាក់លើការដឹកនាំរបស់បក្ស និងនៅរួបរួមគ្នាដោយកុំចុះចាញ់យុទ្ធសាស្រ្តបំបែកបំបាក់របស់គណបក្សកាន់អំណាច។
ការថ្លែងនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិជំរុញឱ្យមានការគោរព«វប្បធម៌សន្ទនា»ដែលមិនមានការរិះគន់ ដោយពាក្យសំដីធ្ងន់ៗដាក់គូប្រជែងនយោបាយ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសកម្មជន និងថ្នាក់ដឹកនាំមូលដ្ឋានប្រមាណជា៥០០នាក់ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅក្រុងកំពត ខេត្តកំពត កាលពីព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា លោកកឹម សុខាបានបញ្ជាក់ថា៖
«ការរួមគ្នាជាកត្តាសំខាន់ណាស់ដែលយើងអត់ត្រូវបែកបាក់គ្នាទេ ហើយកត្តាជ័យជម្នះរបស់គូប្រកួតរបស់យើងនេះដែលបានជោគជ័យកន្លងមកនេះគឺដោយសារយុទ្ធសាស្រ្តរបស់គេគឺយុទ្ធសាស្រ្តបំបែកបំបាក់ដើម្បីត្រួតត្រា»។
បើទោះបីជាលោក កឹម សុខា មិនបញ្ជាក់ចំថាគណបក្សម្ខាងទៀតជាគណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែលោកបានលើកយកវិធីដែលគណបក្សនោះបំបែកសំឡេង គឺគណបក្សរាជនិយមហ៊្វុនស៊ីនប៉ិចរបស់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់លោកតា សឺនសាន ជាដើម។
លោកបានបន្ថែមថា៖ «មិនមែនរឿងថ្មីទេនេះយុទ្ធសាស្រ្តរបស់គេ ហើយយើងដឹងយុទ្ធសាស្រ្តគេ ហើយយើងនៅតែធ្វើអញ្ចឹងទៀតគឺអន់មែនទែន។ អញ្ចឹងបើគេចង់បំបែកយើង ហើយយើងទៅបុកបំបែកគ្នាទៀតនេះយើងអន់ណាស់»។
VOA មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទេ ប៉ុន្តែក្នុងពេលកន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បានសម្តែងភាពល្អូនល្អឺនជាមួយនឹងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងរិះគន់លោក កឹម សុខា ដោយមានការបញ្ចេញឱ្យដឹងពីការធ្លាប់ព្រមានអនុប្រធានគណបក្សរូបនេះថាអាចស្លាប់បាត់បង់ជីវិត បើសិនជាគាត់ហ៊ានធ្វើសកម្មភាពណាជ្រុលប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។
លោក ហ៊ុន សែន ក៏បានលើកឡើងជាច្រើនដងពីវប្បធម៌សន្ទនារបស់លោក និងលោក សម រង្ស៊ីដោយស្នើសុំឱ្យបញ្ចប់ការសងសឹកគ្នា។
ថ្លែងប្រាប់អ្នកគាំទ្រក្នុងពិធីសាធារណៈមួយកាលពីចុងខែមេសា លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ឱ្យបញ្ចប់ទៅនយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។ រឿងនេះវាបានកើតឡើងច្រំដែលនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ អ្នកគាំទ្រខាងណេះ ក៏ទទួលគ្រោះថ្នាក់ដោយសារខាងណោះឈ្នះ... ពេលដែលខ្ញុំនៅកាន់អំណាចអ្នកណាក៏នៅជាមួយបានទាំងអស់»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកំពុងអនុវត្តនូវអ្វីដែលគេហៅថា«វប្បធម៌សន្ទនា» បន្ទាប់ពីការជាប់គាំងនយោបាយអស់រយៈពេលជិតមួយឆ្នាំ បន្ទាប់ពីការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០១៣។
វប្បធម៌ថ្មីនេះបានធ្វើឱ្យអ្នកតាមដាននយោបាយមួយចំនួនរិះគន់ ថាបានធ្វើឱ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ហើយមានអ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនក៏បានសម្តែងការមិនពេញចិត្តដោយសារតែគេមើលឃើញថា មានភាពទន់ភ្លន់ខ្លាំងទៅលើគណបក្សកាន់អំណាច។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាននៅខែកុម្ភៈ ឆ្នាំ២០១៧ ដែលអាចនឹងពិនិត្យមើលថា តើវប្បធម៌ថ្មីនេះនឹងនៅតែជួយគណបក្សប្រឆាំងរក្សាបានសន្ទុះ ដែលខ្លួនទទួលបានកាលពីជិតពីរឆ្នាំមុនទៀតឬយ៉ាងណា៕