លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានគណបក្សសង្គ្រោះជាតិនិងអនុប្រធានគណបក្សនេះគឺលោក កឹម សុខា យ៉ាងចាស់ដៃសារជាថ្មីម្តងទៀតនាថ្ងៃពុធនេះ។ នាយករដ្ឋមន្ត្រីដែលកាន់អំណាច ជាង៣០ឆ្នាំបានថ្លែងថា វប្បធម៌សន្ទនានិងភាពត្រូវរ៉ូវគ្នារបស់គណបក្សទាំងពីរគឺគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាអាចនឹងបែកបាក់ទៅវិញប្រសិនបើថ្នាក់ក្រោមរបស់គណបក្សជំទាស់នៅតែព្យាយាមរិះគន់លោកនោះ។
«ខ្ញុំបាននិយាយហើយថាគ្រាន់តែត្រូវរ៉ូវគ្នារវាង ហ៊ុន សែន និង សម រង្ស៊ី គឺវាមិនគ្រប់គ្រាន់ទេ។ វាត្រូវការមនុស្សទាំងអស់។ អញ្ចឹងសូមផ្តាំផ្ញើទៅកាន់ឯកឧត្ដម សម រង្ស៊ី សូមឲ្យអប់រំផ្ទៃក្នុងបក្សឲ្យបាន បើឯកឧត្ដមធ្វើមិនបានទេ អាវប្បធម៌សន្ទនា ត្រូវលុបចោលក៏លុបទៅ។ កើតហើយត្រូវលុបចោលវិញក៏លុបទៅ»។
លោក ហ៊ុន សែន បានមានប្រសាសន៍ដូច្នោះក្នុងពិធីសម្ពោធរោងចក្រចម្រាញ់ដូងប្រេងមួយនៅក្នុងខេត្តព្រះសីហនុនៅព្រឹកថ្ងៃពុធនេះ។
ការលើកឡើងរបស់លោកហ៊ុន សែនគឺមិនបានប៉ុន្មានថ្ងៃក្រោយពេលដែលលោកនិងលោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានធ្វើការណាត់ជួបសន្ទនាជាមួយពលករខ្មែរនៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចសន្ទនាគ្នានាថ្ងៃសៅរ៍សប្ដាហ៍មុនពេលនោះលោក ហ៊ុន សែនបានប្រាប់លោកសម រង្ស៊ីថាកុំឲ្យមានការសងសឹកគ្នាទៅវិញទៅមកប្រសិនបើថ្ងៃថា មួយលោកធ្លាក់ពីអំណាចហើយលោក សម រង្ស៊ី ក្លាយជានាយករដ្ឋមន្ត្រីវិញនោះ។
ថ្លែងទៅកាន់ប្រជារាស្ត្រនិងអ្នកគាំទ្រ នាពេលព្រឹកថ្ងៃពុធនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាការលើកឡើងនាពេលនោះ គ្រាន់តែជាឧទាហរណ៍តែប៉ុណ្ណោះទេ ហើយត្រូវគេយកមកបកស្រាយខុស។ ជាពិសេស លោកបានឲ្យដឹងថា លោក កឹម សុខា ពេលថ្មីៗនេះបានប្រើសេចក្ដីថ្លែងការណ៍របស់លោកនាទីក្រុងគូឡាឡាំពួ ទៅជាសង្គ្រាមចិត្តសាស្ត្រវាយប្រហារលោកនិងគណបក្សប្រជាជនកម្ពុជា។
ជាងនេះទៀតលោក ហ៊ុន សែន បានចោទថាលោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិនៅតែព្យាយាមរិះគន់លោកនិងគណបក្សប្រជាជនកម្ពុជាដោយប្រើពាក្យ«កុម្មុយនិស្តផ្តាច់ការ»៖
«បន្ថែមជាមួយនោះ ឯកឧត្តម កឹម សុខា គាត់ទៅថ្លែងនៅតាកែវថាបើគាត់ឈ្នះគណបក្សសង្គ្រោះជាតិឈ្នះគាត់មិនទៅសងសឹកទេ។ បន្ថែមដោយសង្គ្រាមចិត្តសាស្ត្រថា CPP ត្រៀមចាញ់ហើយរហូតដល់ថានាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឈរឈ្មោះតទៅទៀត»។
លោកហ៊ុនសែនបានបន្តថាលោកនឹងនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជា ហើយនឹងឡើងធ្វើជាប្រធានគណបក្សមួយបន្ទាប់ពីប្រធានគណបក្សរបស់លោកគឺលោកជាស៊ីម ដែលមានជំងឺចាស់ជរាទៅហើយ។ ជាងនេះទៀត លោកបានឲ្យដឹងថាលោក សាយ ឈុំដែលជាប្រធានស្តីទីរបស់ព្រឹទ្ធសភានិងបន្តតំណែងជាប្រធានព្រឹទ្ធសភាផងដែរប្រសិនបើ លោក ជា ស៊ីម លាកចាកលោកនេះ។
គណបក្សនយោបាយធំៗទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានស្រុះស្រួលផ្នែកនយោបាយជាមួយគ្នាក្រោមការសន្ទនានិង បង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីមួយដែលមានសមាសភាពគណៈកម្មាធិការ៩រូប។ ការសន្ទនានេះគឺបន្ទាប់ពីការជាប់គាំងនយោបាយជិត១ឆ្នាំក្រោយពេលបោះឆ្នោតនាឆ្នាំ២០១៣។
VOA មិនអាចទាក់ទង លោក សម រង្ស៊ី និង លោក កឹម សុខា ដើម្បីសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែលោកយ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់ VOA ថាគណបក្សរបស់លោកគ្មានអ្វីត្រូវតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេដោយហេតុថាវប្បធម៌សន្ទនាគឺធ្វើត្រឹមថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរដើម្បីដោះស្រាយបញ្ហាជាតិធំៗតែប៉ុណ្ណោះ៖
«ជាគោលការណ៍វប្បធម៌សន្ទនាសម្រាប់ថ្នាក់ដឹកនាំខាងគណបក្សកាន់អំណាចនិងគណបក្សមិនកាន់អំណាចគឺត្រូវពិភាក្សាគ្នារិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាប្រទេសជាតិធំៗ ហើយរឿងផៃ្ទក្នុងគណបក្សគឺយើងនៅដាច់ពីគ្នា»។
លោក ហ៊ុន សែន ក៏បាន បានគំរាមចំៗថានឹងអាចមានសង្គ្រាមស៊ីវិលកើតឡើងប្រសិនបើមានការសងសឹកណាមួយកើតឡើង ពេលដែលលោកអស់ពីតំណែងនោះ។
នេះគឺជាលើកទីពីរហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនធ្វើការព្រមានចំៗដល់លោក កឹម សុខា។ កាលពីពាក់កណ្តាលខែមិនាកន្លងទៅលោក ហ៊ុន សែនព្រមានលោក កឹម សុខា ដោយចោទថាអនុប្រធានគណបក្សជំទាស់រូបនេះប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកនៅក្នុងរយៈពេលធ្វើបាតុកម្មក្រោយពេលបោះឆ្នោតនោះ៕