លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រតិកម្មខ្លាំងៗចំពោះគណបក្សសង្គ្រោះជាតិសារជាថ្មីម្តងទៀត នៅព្រឹកថ្ងៃអង្គារនេះចំពោះការរិះគន់ដែលថា គណបក្សកាន់អំណាចកំពុងតែព្យាយាមបំបែកគណបក្សប្រឆាំង និងគំរាមបោះឆ្នោតទម្លាក់លោក កឹម សុខា អនុប្រធានគណបក្សរូបនេះចេញពីតំណែងអនុប្រធានរដ្ឋសភានាពេលខាងមុខនេះ។ លោកនាយករដ្ឋមន្ត្រីសំអាងថា គូភាគីគឺគណបក្សសង្គ្រោះជាតិបានបំពានលើកិច្ចព្រមព្រៀងនយោបាយ។
ដោយមិនបញ្ចេញឈ្មោះលោក កឹម សុខា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជាបានប្រកាសនៅក្នុងពិធីចែកសញ្ញាប័ត្រនៅសកលវិទ្យាល័យមួយនាទីក្រុងភ្នំពេញថា លោកអនុប្រធានគណបក្សជំទាស់រូបនេះបានរំលោភលើកិច្ចព្រមព្រៀងនយោបាយ ដែលមានឈ្មោះថា«វប្បធម៌សន្ទនា»ដែលបានបង្កើតឡើងរវាងគណបក្សទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា។
លោកនាយករដ្ឋមន្ត្រីបានគំរាមដដែលៗថា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជានឹងអាចបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានសភាជាតិ ប្រសិនបើគណបក្សប្រជាជនកម្ពុជារកឃើញថា លោកបានធ្វើការចោទប្រកាន់ដូចនេះមែន។
«ខ្ញុំបានប្រាប់ទៅរង្ស៊ី។ ខ្ញុំថា ឡើងតាមសន្លឹកឆ្នោតរបស់គណបក្សប្រជាជន ហើយធ្លាក់ចុះមកវិញក៏តាមរយៈសន្លឹកឆ្នោតគណបក្សប្រជាជនដែរ។ វប្បធម៌សន្ធនាតម្រូវឲ្យធ្វើអញ្ចឹង? ដោយសារខ្លួនចូលចិត្តកេះគេអញ្ចឹង គេនៅសុខៗ ទៅកេះគេ ទៅជេរគេ»។
ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា លោកនិងធ្វើការស៊ើបឡើវិញឲ្យជាក់លាក់មុននឹងមានចំណាត់ការណាមួយនោះ។
ការថ្លែងរបស់លោក ហ៊ុន សែន គឺកើតឡើងពីរថ្ងៃក្រោយពេល ដែលលោក កឹម សុខា អនុប្រធានគណបក្សជំទាស់បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននាខេត្តកំពត ដោយលោកប្រាប់ឲ្យប្រុងប្រយ័ត្នចំពោះការបំបែកបំបាក់របស់គូប្រជែងខ្លួនដែលមានជំនាញបំបែកបំបាក់គណបក្សជាច្រើនរួចមកហើយរួមទាំងគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់លោកតា សឺនសានជាដើម។
លោកនាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាង៣០ឆ្នាំនេះ បានបដិសេធថា លោកហើយនឹងគណបក្សប្រជាជនកម្ពុជាមិនបានកំពុងតែព្យាយាមបំបែកលោក កឹម សុខា និងលោកប្រធានគណបក្សគឺលោក សម រង្ស៊ី នោះទេ។
«មានពេលវេលាឯណាទៅបំបែក! បើអ្នកឯងមិនចង់បែក។ អាហ្នឹងគ្មាននរណាគេទប់ជាប់ទេ បើអ្នកឯងចង់បែកនោះ។ ប្រៀបដូចជាប្តីប្រពន្ធអញ្ចឹង បើទោះជាម្តាយក្មេកធ្វើបាបយ៉ាងណាក៏ដោយ បើវាមិនបែក វានៅមិនបែកហ្នឹង កុំឆ្ងល់ពេកអ្នកធ្វើនយោបាយ។ ហើយម៉េចបើមិនបានដៀមដាមឲ្យគេ វារន្ទះបាញ់យ៉ាងម៉េច?»
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលធ្លាប់មានអរិភាពនឹងគ្នាបានចេញសេចក្តីថ្លែងការណ៍រួមកាលពីដើមខែឧសភានេះ បានឯកភាពធ្វើជាដៃគូសន្ទនា ហើយឲ្យសមាជិករបស់ខ្លួនបញ្ឈប់ការលាបពណ៌គ្នា ចៀសវាងការញុះញង់ និងការប្រើពាក្យអសុរស ការជេរប្រមាថ ដោយប្រើពាក្យដូចជា «ពួកកុម្មុយនីស្តផ្តាច់ការ» «អាយ៉ងយួន» «អាក្បត់ជាតិ» «អាលក់ជាតិ» «អាមេចោរ»និង«អាកូនចោរ»ជាដើម។ ហើយក៏មានការឈប់ឱ្យមានការគំរាម និងបំភិតបំភ័យថា នឹងមានសង្គ្រាម និងការគំរាមចាប់ដាក់ពន្ធនាគារជាដើម។
VOA មិនអាចទំនាក់ទំនងលោក កឹម សុខា ដើម្បីសុំអត្ថាធិបាយបានទេ ប៉ុន្តែ លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សទាំងពីរគួរតែមានការណាត់ជួបចរចា សន្ទនាគ្នាជាជាងការឆ្លើយឆ្លងតាមរយៈប្រព័ន្ធឃោសនាជាសាធារណៈ ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើនេះ។ ក៏ប៉ុន្តែលោក យឹម សុវណ្ណ បដិសេធមិនធ្វើការអត្ថាធិប្បាយជំនួសលោកប្រធានស្តីទីគឺលោក កឹម សុខា ចំពោះអ្វីដែលលោកបានថ្លែងនោះទេ។
«ការជជែកគ្នាគឺជាការចាំបាច់។ យើងមិនចង់បញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយ ឆ្លើយឆ្លងទៅវិញទៅមកនោះទេ។ ប៉ុន្តែអ្វីដែលយើងគួរតែជ្រើសរើសគឺអង្គុយជជែកគ្នា។ ហើយបើសិនជាមិនពេញចិត្តនឹងលោកប្រធានស្តីទី ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយជំនួសលោកនោះទេ ពីព្រោះនេះជាមតិរបស់លោកប្រធានស្តីទី។ ក៏ប៉ុន្តែខ្ញុំអាចនឹងជូនយោបល់ថា ភាពខុសគ្នានឹងអាចដោះស្រាយបានតាមរយៈការអង្គុយជជែកគ្នា»។
ដោយឡែក លោក កែម ឡី អ្នកវិភាគសង្គម មើលឃើញថា ការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺក្នុងន័យបំបែកសំឡេងគណបក្សនេះ ហើយគ្រាន់តែវាជាជំហ៊ានដំបូងតែប៉ុណ្ណោះ។
«អាហ្នឹងគ្រាន់តែជាយុទ្ធសាស្ត្ររបស់គាត់ យុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាដើម្បីបំបែកគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែសំខាន់តើគណបក្សសង្គ្រោះជាតិគាត់មានភាពរឹងមាំប៉ុណ្ណា នៅពេលដែលមានខ្យល់ព្យុះ ភ្លៀងផ្គរបែបនេះ។ ហើយមេរៀននេះមិនមែនថ្មីទេ គាត់ធ្លាប់ប្រើដៃនរោត្តមនរណឫទ្ធិ កាលឆ្នាំ១៩៩៣ ឆ្នាំ១៩៩៥ដកឯកឧត្តម សម រង្ស៊ី ចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
លោកយល់ថា គណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ចាស់ទុំផ្នែកនយោបាយនោះ អាចនឹងមានគោលដៅបន្តទៀត ដូចជាការបញ្ចូលគណបក្សមួយនេះទៅក្នុងរដ្ឋាភិបាលជាដើម។
ក្នុងរយៈពេលពីរខែនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការព្រមានដល់លោក កឹម សុខា ដដែលៗ ដោយចោទថា លោកអនុប្រធានគណបក្សជំទាស់នេះបានបំពាន«វប្បធម៌សន្ទនា» រវាងគណបក្សទាំងពីរ។ កាលពីដើមខែនេះ លោកនាយករដ្ឋមន្ត្រីបានព្រមានលុបចោលកិច្ចព្រមព្រៀងនយោបាយនៃគណបក្សទាំងពីរ ដោយចោទថា លោក កឹម សុខា បានប្រើពាក្យ«កុម្មុយនិស្តផ្តាច់ការ» វាយប្រហារលើគណបក្សនយោបាយរបស់លោក និងបានព្យាយាមប្រើសង្គ្រាមចិត្តសាស្ត្រទៀតផង៕