ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានតែងតាំងប្រធានមន្ទីរពេទ្យគន្ធបុប្ផាគឺលោកវេជ្ជបណ្ឌិត Beat Richner ជាទីប្រឹក្សាក្រសួងសុខាភិបាលដោយមានឋានៈស្មើរដ្ឋលេខាធិការ។ នេះបើតាមសេចក្តីចម្លងព្រះរាជក្រឹត្យតែងតាំងដែល VOA ទទួលបាន។
ការតែងតាំងនេះបន្ទាប់ពីលោកបានចូលរួមជួយដល់វិស័យសុខាភិបាលអស់រយៈពេលជាង២០ឆ្នាំ។
លោកវេជ្ជបណ្ឌិត Beat Richner មានវ័យ៦៩ឆ្នាំជាជនជាតិស្វីស ហើយគឺជាគ្រូពេទ្យកុមារនិងជាអ្នកលេង Cello ម្នាក់ផងដែរ។ បច្ចុប្បន្នលោកជាប្រធានមូលនិធិគន្ធបុប្ផា ដែលបានបង្កើតឡើងក្នុងទីក្រុងហ្ស៊ូរិក (Zurich) ក្នុងឆ្នាំ១៩៩១។
ជារៀងរាល់ឆ្នាំមន្ទីរពេទ្យគន្ធបុប្ផាទទួលព្យាបាលកុមារក្រីក្រកម្ពុជាជាងកន្លះលាននាក់។ ហើយមូលនិធិរបស់លោកបានរៃអង្គាសថវិកាជួយមកដល់កម្ពុជាមានទំហំ៣៧០លានដុល្លារចាប់តាំងពីបង្កើតមក។