ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រឈម​នឹង​ភាព​សុំា​ទៅ​នឹង​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុនចាញ់


រូបឯកសារ៖ អ្នក​ជំងឺ​ដែល​មាន​មេរោគ​គ្រុនចាញ់​កំពុង​សម្រាក​ព្យាបាល​នៅ​ជំងឺ​នៅ​មន្ទីរពេទ្យ​ដែ​ល​មាន​តែ​មួយ​គត់​នៅ​​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា។
រូបឯកសារ៖ អ្នក​ជំងឺ​ដែល​មាន​មេរោគ​គ្រុនចាញ់​កំពុង​សម្រាក​ព្យាបាល​នៅ​ជំងឺ​នៅ​មន្ទីរពេទ្យ​ដែ​ល​មាន​តែ​មួយ​គត់​នៅ​​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា។

ករណី​ឆ្លង​ និង​ជំងឺ​គ្រុនចាញ់​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្លាក់​មក​ត្រឹម​៥,១២០០​ករណី​នាឆ្នាំ​២០១៥។ ចំនួន​នេះ​គឺ​ធ្លាក់​ចុះ​៩ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​ពេញ​នា​ឆ្នាំ​២០១៤។

ជំងឺ​គ្រុនចាញ់​ដែល​មាន​ភាពសុំា​ទៅ​នឹង​ថ្នាំ​បាន​រីករាលដាល​ និង​វិវឌ្ឍ​ខ្លួន​ឯង​យ៉ាង​ឆាប់​រហស័​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​អនុ​តំបន់​ទន្លេមេគង្គ​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​អ្នកជំនាញ​សុខាភិបាល​កំពុង​រិះរក​វិធី​ផ្សេងៗ​ រួមទាំង​ការ​ផ្លាស់ប្តូរ​ថ្នាំ​ជា​ញឹកញយ​ ​ដើម្បី​ទប់ទល់​នឹង​ការ​សុំា​ថ្នាំ​យ៉ាង​ឆាប់​រហ័ស​នេះ។ ការណ៍​នេះ​ដែល​ជា​ក្តីបារម្ភ​របស់​អង្គការ​សុខពិភព​លោក និង​អង្គការ​ដៃគូ​នានា។

ទោះ​ជា​អត្រាឆ្លង​នៃ​ជំងឺ​គ្រុនចាញ់​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្នុង​ប្រទេស​តំបន់​ទន្លេមេគង្គ​ធា្លក់​ចុះ​ក៏​ដោយ​នៅ​ក្នុង​ឆ្នាំ​២០១៥​ ក៏​ការ​រីករាល​ដាល​នៃ​ជំងឺ​គ្រុនចាញ់​ដែល​មាន​ភាព​សុំា​ទៅ​នឹង​ថ្នាំ​ នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​មន្ត្រី​សុខាភិបាល​ជាតិ​ និង​អន្តរជាតិ។ នេះ​បើយោង​តាម​ក្រុម​មន្ត្រី​សុខាភិបាល​កម្ពុជា។​ ស្ថិតិ​នា​ឆ្នាំ២០១៥​កន្លង​មក​បាន​បង្ហាញ​ពី​ការ​ជោគជ័យ​នៃ​ការ​កាត់​បន្ថយ​ភាព​ឆ្លង​នៃ​ជំងឺ​គ្រុនចាញ់​ធម្មតា​ក្នុង​ប្រទេស​កម្ពុជា។

ក៏​ប៉ុន្តែ​ ជំងឺ​គ្រុនចាញ់​ ​ដែល​មាន​ភាព​សុំា​ទៅ​នឹង​ថ្នាំ​អាតេម៉ីសានិន​ (Artemisinin) ដែល​គេ​ចាត់​ទុក​ថា​ ជា​ថ្នាំ​តែ​មួយ​ប្រទេស​ភេទ​ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​គ្រុនចាញ់​នេះ។​ ភាព​សុំា​ថ្នាំ​នៃ​ជំងឺ​គ្រុនចាញ់​ប្រភេទ​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ២០០៦​ នៅ​ខេត្ត​បៃលិន​ ដែល​ជា​អតីត​តំបន់​កាន់កាប់​ដោយ​ពួក​ខ្មែរ​ក្រហម។​

​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ ​នៃ​ក្រសួង​សុខាភិបាល​ បាន​ប្រាប់​ VOA​ ថា​ ករណី​ឆ្លង​ និង​ជំងឺ​គ្រុនចាញ់​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្លាក់​មក​ត្រឹម​៥,១២០០​ករណី​នាឆ្នាំ​២០១៥។ ចំនួន​នេះ​គឺ​ធ្លាក់​ចុះ​៩ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​ពេញ​នា​ឆ្នាំ​២០១៤។ ​លោក​បន្ត​ថា​ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនចាញ់​ក៏​ធ្លាក់​មក​នៅ​ត្រឹម​១០នាក់​ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៤​ ដែល​មាន​ដល់​ទៅ​១៨​នាក់​នោះ។​

​យ៉ាង​ណា​ក៏​ដោយ​ លោក​វេជ្ជបណ្ឌិត​រូប​នេះ​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ជំងឺ​គ្រុនចាញ់​ដែល​មាន​ប្រភេទ​សុំា​ទៅ​នឹង​ថ្នាំ​ បាន​ឆ្លង​រាលដាល​យ៉ាង​លឿន​ពី​ខេត្ត​មួយ​ចំនួន ដែល​នៅ​ភាគ​ខាង​លិច​ប្រទេស​កម្ពុជា​ទៅ​ភាគ​ឦសាន្ត​នៃ​ប្រទេស​នេះ​ រួម​ទាំង​ខេត្ត​រតនៈគីរី ​និង​មណ្ឌលគីរី​ជាដើម។

«នៅ​ក្នុង​នេះ​ ​យើង​បាន​ធ្វើ​ការ​កំណត់​តាមរយៈ​ការ​សិក្សា​ ដែល​យើង​ធ្វើការ​អង្កេត​តាម​ដាន​រហូត​មក​ដល់​ឆ្នាំ​២០១៣​កន្លង​មក​នេះ។ ​កាល​លើក​មុន​យើង​បាន​កំណត់​ថា​ ការ​សុំា​ថ្នំា​ហ្នឹង​មាន​ត្រឹម​តែ​៦ខេត្ត​ទេ។ ​ប៉ុន្តែ​ឥឡូវ​នេះ ​វា​មាន​ការ​រីករាល​ដាល​ទៅ​កាន់បី​ខេត្ត​ទៀត​ ឡើង​ទៅ​ដល់​៩ខេត្ត​ឥឡូវ​នេះ»។​

ជន​ចំណាក​ស្រុក​ ដែល​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តាម​តំបន់​ច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ជា​ភ្នាក់ងារ​មួយ​ដ៏​សកម្ម​ ដែល​ចម្លង​ជំងឺ​គ្រុនចាញ់​ និង​ធ្វើ​ឲ្យ​ភាព​សុំា​នៃ​ជំងឺ​ទៅ​នឹង​ថ្នាំ​កាន់​តែ​ខ្លាំងឡើង ពេល​ដែល​ពួកគាត់​មិន​បាន​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជ​បញ្ជា​ ឬ​ឲ្យ​បាន​ត្រឹមត្រូវ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ ហ៊ុយ រ៉េកុល។​

ក្នុង​របាយ​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ បាន​បញ្ជាក់​ថា ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​អាតេម៉ីសានិន​(Artemisinin) លាយ​នឹង​ថ្នាំ​ផ្សេង​ទៀត ​នៅ​តែ​ជា​ពិធី​តែ​មួយ​គត់​អាច​ជួយ​ឲ្យ​មាន​ការ​កម្ចាត់​បរាសិត​ Plasmodium falciparum ដែល​ជា​ដើម​ចង​នៃ​ភាព​សុំា​ថ្នាំ​នេះ។

ក៏ប៉ុន្តែ​ វិធានការ​នេះ​បាន​ចាប់​ផ្តើម​បរាជ័យ​ក្នុង​ការ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ប្រភេទ​សុំាថ្នាំ​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​កម្ពុជា ​និង​ក្នុង​តំបន់។ អ្នក​វេជ្ជសាស្ត្រ​ជឿជាក់​ថា​ ការ​វិវឌ្ឍ​របស់​បរាសិត​ជំងឺ​គ្រុនចាញ់​នេះ​ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​អ្វី ​ដែល​គេ​ហៅ​ថា​ K13 ដែល​វា​បាន​វិវឌ្ឍន៍​ខ្លួន​ឯង​យ៉ាង​ឆាប់​រហ័ស។

​លោក​វេជ្ជបណ្ឌិ​ ​ហ៊ុយ រ៉េកុល​ ​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ បាន​ប្រាប់​ VOA ថា​ ដោយ​ហេតុ​នេះ​ហើយ រដ្ឋាភិបាល​កម្ពុជា​ និង​ដៃ​គូអភិវឌ្ឍ​នានា​ បាន​ប្តូរ​ថ្នាំ​ដៃគូ​ ដែល​ប្រើ​ជាមួយ​ថ្នាំ​អាតេម៉ីសានិន​ (Artemisinin) ដែល​ជា​ថ្នាំ​តែ​មួយ​គត់​ក្នុង​ការ​កម្ចាត់​មេរោគ​គ្រុនចាញ់​ក្នុង​រយៈពេល​បួន​ទៅ​ប្រាំឆ្នាំ ដើម្បី​ទប់ទល់​នឹង​ភាព​សុំាថ្នាំ​នៃ​បរាសិត​ Plasmodium falciparum។

«ពាក្យ​បច្ចេកទេស​យើង​និយាយ​ថា​ គេ​រក​ឃើញ​ត្រឹម​តែ​ប្រភេទ​ K13 ។ ឥឡូវ​នេះ​ការ​វិវឌ្ឍ​របស់​ខ្លួន​មេរោគ​នេះ ​គឺ​វា​រឹត​តែ​លឿន​ទៅ​ទៀត ដែល​មាន​ប្រភេទ​ថ្មី​ទៅ​ទៀត​រហូត​ដល់​៥២ គេ​ហៅ​ថា​ K52។ នេះ​បាន​ន័យ​ថា​ វា​ជា​ចំណុច​មួយ​ ដែល​យើង​ត្រូវ​ប្រុងប្រយត្ន័​ទាំង​អស់​គ្នា ថា​ការ​វិវឌ្ឍ​នៃ​បរាសិត​នឹង​មាន​ការ​វិវឌ្ឍ​លឿន​ កាល​ណា​បើ​យើង​នៅ​ប្រើ​ថ្នាំ​ដដែល​ៗ​លើស​ពី​៥ឆ្នាំ​ឡើង​ទៅ»។​

លោក ស៊ីវ សុវណ្ណារត្ន័ ប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ កម្ពុជា​បាន​ប្រើប្រាស់​ថ្នាំ​ផ្សំ​ជាមួយ​អាតេម៉ីសានិន​ (Artemisinin) ចំនួន​បី​ប្រភេទ​រួម​មក​ហើយ ចាប់​តាំង​ពីឆ្នាំ​២០០៨​ បាន​ធ្វើការ​ផ្លាស់​ប្តូវា​ទៅ​វិញទៅ​មក។​ ក៏​ប៉ុន្តែ​លោក​ថា​ ថ្នាំ​ដៃ​គូ​ទាំង​នោះ​ចាប់​ផ្តើម​បរាជ័យ​ក្នុង​ការ​កម្ចាត់​ជំងឺ​គ្រុនចាញ់​ ដែល​មាន​ភាព​សុំា​កាន់​តែ​ខ្លាំង​ឡើងៗ​ នា​ពេល​ចុង​ក្រោយ​នេះ។​

​លោក​បាន​លើក​ករណី​ថ្នាំ​ដៃ​គូ​មួយ​ប្រភេទ​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ DHA Piperaquine​ ​ដែល​បាន​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​ចុង​ឆ្នាំ​២០១​៥​ថា​ ជា​បរាជ័យ​ក្នុង​ការ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ ដែល​មាន​ភាព​សុំា​នឹង​ថ្នាំ។​ នៅ​ក្នុងឆ្នាំ២០១៤​ ​គេ​រក​ឃើញ​ថា​ ​អត្រា​បរាជ័យ​របស់​ថ្នាំ​ប្រភេទ​នេះ​បាន​កើន​ឡើង​ដល់៣០ភាគរយ​ ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា។

អ្នក​ជំនាញ​រូប​នេះ​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា កម្ពុជា​សម្រេច​ប្តូរ​ថ្នាំ​ដៃ​គូ​របស់​ថ្នាំ​អាតេម៉ីសានិន​ (Artemisinin)​ ​ពី​ប្រភេទ​ DHA Piperaquine ទៅ​ជា​ Artesunate mefloquine ដែល​ធ្លាប់​ប្រើ​ម្តង​រួច​មក​ហើយ​នា​អំឡុងឆ្នាំ​២០០៨។ ក៏​ប៉ុន្តែ​ ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​បាន​ចាប់​ផ្តើម​ប្រើប្រាស់​សារជា​ថ្មី​នា​ចុង​ឆ្នាំ​២០១៥​កន្លង​មក​នេះ​ ដោយ​សារ​ភាព​យឺតយ៉ាវ​នៃ​ការ​ដឹកជញ្ជូន។

«អញ្ចឹង​បច្ចុប្បន្ន​ ការ​សន្និដ្ឋាន​ជារួម​គឺ​ការណ៍​ដែល​យើង​ចង់​ containce ​artemisinin resistance (ទប់​កុំឲ្យមាន​ការ​សុំាថ្នាំ ​អាតេម៉ីសានិន)​ នេះ​គឺ​មិន​អាច​ទៅ​រួច​ទេ ពីព្រោះ​វា​មិន​ត្រឹម​តែ​ ​Spread (រាលដាល)​ ទេ។ វា​កើតឡើង​ខ្លួន​វា​ទៀត។​ អញ្ចឹង​មធ្យាយ​តែមួយ​ដើម្បី​ eliminate ​Drug Resistance​ (បំបាត់​ជំងឺ​គ្រុនចាញ់​ប្រភេទ​សុំា​នឹង​ថ្នាំ)​ គឺ​មាន​ន័យ​ថា​ Elimate Malaria (បំបាត់​ជំងឺ​គ្រុនចាញ់)»។​

បរាជ័យនៃ​ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​គ្រុនចាញ់​ប្រភេទ​សុំា​នឹង​ថ្នាំ​នេះ​គឺ​ជា​ក្តីបារម្ភ​របស់​សកល​លោក។ អ្នក​ជំនាញ​ធ្លាប់​បាន​ព្រមាន​ផង​ដែរ​ថា​ ជំងឺ​គ្រុនចាញ់​ប្រភេទ​ថ្មី​ និង​ការវិវឌ្ឍ​នៃ​ភាព​សុំា​ទាំង​នេះ​អាច​នឹង​រាល​ដាល​ទៅ​ដល់​ប្រទេស​មួយ​ចំនួន ​នៅ​ក្នុង​តំបន់​សាហារា​ (Saharan)​ នៃ​ទ្វីប​អាហ្វ្រិក ជាទី​ដែល​អត្រា​ស្លាប់​នៃ​ជំងឺ​គ្រុនចាញ់​មាន​កម្រិត​ខ្ពស់​ដល់​ទៅ​៩០​ភាគរយ។

អង្គការ​សុខភាព​ពិភពលោក (WHO)​ បាន​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​មួយ​ ដើម្បី​កម្ចាត់​ជំងឺ​គ្រុន​ចាញ់​ចេញ​ពី​បណ្តា​ប្រទេស​ក្នុង​អនុតំបន់ទន្លេមេគង្គ​ឲ្យ​បាន​ត្រឹម​ឆ្នាំ២០៣០។ ប្រទេស​ក្នុង​តំបន់​ដែល​រួម​មាន កម្ពុជា​ ថៃ​ ឡាវ​ និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត បាន​ទទួល​ស្គាល់​ និង​រួម​ចំណែក​ក្នុង​ផែនការ​យុទ្ធសាស្ត្រ ដែល​អាច​ចំណាយ​ទឹកប្រាក់​ប្រហែលជាង​៣ពាន់លាន​ដុល្លារ​នេះ​ផង​ដែរ។

ដោយ​ឡែក​នា​ចុង​ខែ​មករា​កន្លង​ទៅ​ ប្រទេស​កម្ពុជា​ក៏បាន​ប្រកាស​ពី​គម្រោង​ថ្នាក់​ជាតិ​របស់​ខ្លួន​រយៈពេល​៥ឆ្នាំ​ ក្នុង​ការ​កម្ចាត់​ជំងឺ​គ្រុនចាញ់​នេះ​ ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​១៤២លាន​ដុល្លារ​សហរដ្ឋអាមេរិក។

លោក​វេជ្ជបណ្ឌិត​ ហ៊ុយ រ៉េកុល​ បានឲ្យ​ VOA ​ដឹង​ថា​ ស្ថាបន័​របស់​លោក​កំពុង​តែ​រក​មូលនិធិ​ពាក់​កណ្តាល​ផ្សេង​ទៀត​ពី​ដៃ​គូ​អភិវឌ្ឍន៍​នានា​ ដើម្បី​បំពេញ​ផែនការ​យុទ្ធសាស្ត្រ​នេះ។​

អ្នក​ជំនាញ​ដដែល​ក៏​បាន​បន្ត​ថា​ ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥ឆ្នាំ​នេះ​គឺជា​ផ្នែក​មួយ​របស់​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​២៥​ឆ្នាំ​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ នាឆ្នាំ​២០១១​ ហើយ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ផ្តោត​លើ​ទិស​ដៅ​ប្រាំ​ចំណុច។

លោក​ ហ៊ុយ រ៉េកុល​ បន្តថា៖​«ទី​១​ទាក់ទង​នឹង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាល។​ ទី២​គឺ​ការ​ទប់​ស្កាត់​ភ្នាក់ងារ ​ដោយ​ប្រើប្រាស់​មុង​ ឬ​ក៏​វិធានការណ៍ ​បង្ការ​ការ​ចម្លង​ពី​ភ្នាក់ងារ​មូស​ផ្សេង​ទៀត។​ ទី៣​គឺ​ទាក់ទង​ទៅ​នឹង​ការ​ទប់ទល់​ឱសថ​ក្លែងក្លាយ។ ទី៤​គឺ​ពង្រឹង​ប្រពន្ធ័​អង្កេត​តាម​ដាន​ ហើយ​និង​ទី៥​គឺ​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​សុខភាព​ លើក​កម្ពស់​សុខភាព​សហគមន៏»។​

លោក​ថា​ ផែនការ​ទាំង​នេះ​ត្រូវបាន​គេ​អនុវត្ត​ដោយ​មាន​ប្រសិទ្ធិភាព​ទូទាំង​ប្រទេស​កម្ពុជា​ ហើយ​លោក​ក៏​មាន​ជំនឿ​ថា​ ជំងឺ​គ្រុនចាញ់​ប្រភេទ​ដែល​សុំា​ថ្នាំ​នេះ​នឹង​ត្រូវ​បាន​កម្ចាត់​ចេញ​ពី​ប្រទេស​កម្ពុជា​ ដូច​ជំងឺ​មួយ​ចំនួន​ទៀត​ផងដែរ៕

XS
SM
MD
LG