ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេឡូ (cello) លោក​ប៊ីត រិចនើ​សង្គ្រោះ​ជីវិត​កុមារ​ជាង​មួយ​លាន​នាក់


លោក វេជ្ជបណ្ឌិត ប៊ីត រិចនើ (Beat Richner) កំពុង​លេងសេឡូ (cello) ដើម្បី​ប្រមូល​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ធា។
លោក វេជ្ជបណ្ឌិត ប៊ីត រិចនើ (Beat Richner) កំពុង​លេងសេឡូ (cello) ដើម្បី​ប្រមូល​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ធា។

សំឡេង​សេឡូ (cello) ​ដ៏​កំសត់​របស់​លោក វេជ្ជបណ្ឌិត ប៊ីត រិចនើ (Beat Richner) កំពុងដង្ហោយ​ហៅ​រក​ថវិកា សម្រាប់​ជួយ​កុមារ​ជាច្រើន​ដែលកំពុង​រង់ចាំ​ការជួយសង្រ្គោះ​នៅតាម​មន្ទីរពេទ្យ​គន្ធបុប្ជា​នានា នៅក្នុង​ប្រទេស​កម្ពុជា។

ភ្នំពេញ៖ សំឡេង​សេឡូ (cello)​ដ៏​កំសត់​របស់​លោក វេជ្ជបណ្ឌិត ប៊ីត រិចនើ (Beat Richner) កំពុងដង្ហោយ​ហៅ​រក​ថវិកា សម្រាប់​ជួយ​កុមារ​ជាច្រើន​ដែលកំពុង​រង់ចាំ​ការជួយសង្រ្គោះ​នៅតាម​មន្ទីរពេទ្យ​គន្ធបុប្ជា​នានា នៅក្នុង​ប្រទេស​កម្ពុជា។
លោក​វេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ជា​បានឲ្យ​ដឹង​ថា​សំឡេង​ សេឡូ (cello)​ គឺ​ជា​ដួងព្រលឹង​របស់​គាត់ និង​ក្មេង​ៗ​ដែលកំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ទាំង​នេះ។

លោក​នៅតែ​កំពុងបន្ត​កូតសេឡូ (cello) ​អស់រយៈពេល​២០​កន្លងមក ហើយ​ដើម្បី​រកថវិកា​ជួយទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ជា​ និង​ព្យាបាល​កុមារ។

«ជាការណ៍​ពិត គឺ​ការឈឺចាប់​របស់​ក្មេង​ដែលទទួលរងគ្រោះ​ដោយសារ​ជំងឺ​ធ្ងន់​ៗ​ជាច្រើន​នោះ​ គឺ​វា​ហាក់ដូច​ជា​ការបាត់បង់​ព្រលឹង។ ដូច្នេះ​ខ្ញុំខំប្រឹង​លេង​ឲ្យ​ចេញ​ជា​សំឡេង​សេឡូ (cello) ​នេះ​ឡើង​ ដូច​ជា​ការ​អន្ទោង​ព្រលឹង​របស់​ក្មេង​ឲ្យ​ត្រលប់​មក​វិញ។ ហើយ​សំឡេង​សេឡូ (cello)​ នេះ​ជា​សារ​មួយ​សម្រាប់​បញ្ជូន​ទៅ​ប្រាប់​អ្នក​ដែល​បាន​មក​ស្តាប់​ឲ្យ​គេ​យល់​ពី​ការណ៍​ពិត​ ដោយ​គេ​មាន​អារម្មណ៍​អាណិត​អាសូរ​ ហើយគេ​នឹង​ជួយផ្តល់​ជា​ថវិកា​ដល់​មូលនិធិ»។

លោក​វេជ្ជបណ្ឌិត ​ជា​ជាតិ​ស្វីស​ដែល​មាន​វ័យ​៦៥​ឆ្នាំ​រូប​នេះ ​ជា​អ្នក​លេង​សេឡូ (cello)​អាជីព​ម្នាក់​ មុន​ពេល​ដែល​គាត់​បានក្លាយ​ជា​វេជ្ជបណ្ឌិត​នៅ​ឆ្នាំ​១៩៧៣ មក​ម្ល៉េះ។

រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ​មន្ទីរពេទ្យ​គន្ធបុប្ជា​បាន​ទទួល​ការព្យាបាល​កុមារ​ចំនួន​ ១,១៧​លាន​នាក់ ​និង​ពិគ្រោះ​ជំងឺ​ចំនួន​ជាង​ ១១​លាននាក់​។ REUTERS/Samrang Pring
រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ​មន្ទីរពេទ្យ​គន្ធបុប្ជា​បាន​ទទួល​ការព្យាបាល​កុមារ​ចំនួន​ ១,១៧​លាន​នាក់ ​និង​ពិគ្រោះ​ជំងឺ​ចំនួន​ជាង​ ១១​លាននាក់​។ REUTERS/Samrang Pring

នៅ​រៀង​រាល់​ថ្ងៃ​សៅរ៍​ វេលា​ម៉ោង​៧​យប់​ ដល់ម៉ោង​៩​យប់​ នៅ​មន្ទីរពេទ្យ​គន្ធបុប្ជា​ ខេត្ត​សៀមរាប​ភ្ញៀវទេសចរណ៍​គ្រប់ជាតិសាសន៍​យ៉ាងហោចណាស់​ ២០០​នាក់​បានចូល​ស្តាប់​លោក​វេជ្ជបណ្ឌិត​ប៊ីត រិចនើ (Beat Richner) លេងសេឡូ (cello) ​និង​ស្តាប់​ការរៀបរាប់​ពី​ស្ថានភាព​ជំងឺ​របស់​កុមារ​កម្ពុជា​ដែល​បានកើនឡើង​ជាខ្លាំង​និង​មាន​អ្នកជំងឺ​សម្រាកពេទ្យ​យ៉ាង​ច្រើន​កកកុញ​ប្រៀបបាន​ដូច​ជា​ប្រទេស​កំពុង​មាន​សង្រ្គាម។

«ខ្ញុំ​ចាត់ទុក​គាត់​ជា​វីរបុរស​សម្រាប់​ខ្មែរ​យើង​ ថ្វីត្បិតតែ​គាត់​ជា​ជនបរទេស​ក៏ដោយ។ សំខាន់​ថា​អ្វី ដែលគាត់​ធ្វើ​បង្ហាញ​ថា​គាត់​មាន​បេះដូង​ល្អ ​មាន​ទឹកចិត្ត​ក្នុង​ការជួយ​ដល់​មនុស្ស​ជាតិ។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ក៏ដូច​ជា​ការលះបង់​របស់​គាត់​គឺ​ជា​គំរូ​មួយ​ដ៏ល្អ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាពិសេស ​គឺ​អ្នក​ដែល​មាន ​លោក​ឧកញ៉ា​ទាំងអស់​នោះគួរ​តែ​ពិចារណា​យក​តម្រាប់​តាមគាត់»។
​លោក ឆាយ សារ៉ាត់ ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​

បន្ទាប់​ពី​បានដឹង​ការណ៍​ពិត​ដែល​កុមារ​កម្ពុជា​កំពុងតែត្រូវការ​ចាំបាច់​ក្នុងការជួយ​សង្គ្រោះ​ជីវិត​របស់​ពួកគេ ​ភ្ញៀវ​ទេសចរណ៍​ទាំងនោះ​បាន​សម្តែង​ទឹកមុខ​ស្រពាប់ ​ស្រពោន​ បង្កប់​នូវការអាណិត​អាសូរ​ដល់​កុមារ​កម្ពុជា។ ភ្ញៀវ​ទាំងនោះ​ភាគច្រើន​តែងតែ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​នៅពេល​ចប់​កម្មវិធី​ការលេងសេឡូ (cello)​នោះ។

ជាក់ស្តែង​លោក អេនដ្រាយ សិក (Andri Sijg)ជា​ជនជាតិស្វីស​ដែល​មានវត្តមាន​នៅពេល​នោះដែរ។លោក​បានបរិច្ចាគ​ថវិកា​ដោយ​ការ​ភ្ញាក់ផ្អើល។

«ខ្ញុំ​មាន​ការចាប់​អារម្មណ៍​ជា​ខ្លាំង​នៅពេល​បានដឹង​ពីស្ថានភាព​ក្នុង​មន្ទីរពេទ្យ​ និង​ការសម្តែង​របស់​គាត់។ហើយ​នៅពេល​ដែលខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​ស្វីស​វិញ ខ្ញុំ​នឹងធ្វើការ​ផ្សព្វផ្សាយ​ជា​ សាធារណៈ​ជា​បន្ត​ទៀត​ដើម្បី​រកថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​នេះ»។

មន្ទីរពេទ្យ​គន្ធបុប្ជា​មាន​សាខា​ចំនួន​ប្រាំ ​គឺ​នៅ​ទីក្រុង​ភ្នំពេញ​ និង​នៅ​ខេត្ត​សៀមរាប។ មន្ទីរពេទ្យ​គន្ធរបុប្ផា​ទទួល​បាន​កុមារ​មានជំងឺ​កើនឡើង​ជាបន្ត​បន្ទាប់​ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ។

ជាក់ស្តែង​បើប្រៀប​ធៀប​ទៅ​នឹងរយៈពេល​ដូចគ្នា​ ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១២​នេះ ​ទៅនឹង​ឆ្នាំ​កន្លង​មក​មាន​ការកើនឡើង​ចំនួន ​៣០​ភាគរយ។ ពោល​គឺ​កុមារ​មាន​ជំងឺ​ដែល​ចូលសម្រាក​ក្នុង​មន្ទីរពេទ្យ ​បានកើន​ពី​ជាង​៦.០០០​នាក់​ដល់​ជាង​៩.៤៤០​នាក់​ក្នុង​រយៈពេល​១៧ថ្ងៃ។
មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចាប់​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំ​១៩៩២ ​បន្ទាប់​ពី​បាន​បិទទា្វរ​អស់​មួយ​
រយៈ​នៅ​ក្នុង​ពេល​មានសង្គ្រាម​អំឡុង​ពាក់​កណ្តាល​ទសវត្សរ៍​១៩៧០។

រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ​មន្ទីរពេទ្យ​គន្ធបុប្ជា​បាន​ទទួល​ការព្យាបាល​កុមារ​ចំនួន​ ១,១៧​លាន​នាក់ ​និង​ពិគ្រោះ​ជំងឺ​ចំនួន​ជាង​ ១១​លាននាក់​ដោយ​បាន​ចំណាយ​ថវិកា​អស់​ចំនួន​ ៤១០​លាន​ដុល្លារ​អាមេរិក។

រៀងរាល់ថ្ងៃ​នៅ​ម៉ោង​៦​ព្រឹក ​លោក​វេជ្ជបណ្ឌិត​ Beat Richner ​តែងតែ​មាន​វត្តមាន​នៅ​ក្នុង ​មន្ទីរពេទ្យ​រួច​ជាស្រេច​ដើម្បី​ស្តាប់​របាយការណ៍​ពី​ស្ថានភាព​អ្នក​ជំងឺ​កាល​ពីពេល​យប់។ បន្ទាប់​មក​នឹង​មាន​ការប្រជុំ​ខ្លី​មួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ អំពី​ជំងឺ​ដែល​ប្រឈម។
ភាគច្រើន​គាត់​តែងតែ​ទៅ​ពិនិត្យ​ជំងឺ​កុមារ​ណា​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ​និង​សង្រ្គោះ​បន្ទាន់។

ពលរដ្ឋ​កម្ពុជា​ជាមួយ​នឹង​កូៗរង់ចាំទទួល​ការ​ព្យាបាល​ដោយ​ឥតគិត​ថ្លៃ​នៅ​ឯមន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​រាជធានី​ភ្នំពេញ ខែកក្កដា ២០១២។ REUTERS/Samrang Pring
ពលរដ្ឋ​កម្ពុជា​ជាមួយ​នឹង​កូៗរង់ចាំទទួល​ការ​ព្យាបាល​ដោយ​ឥតគិត​ថ្លៃ​នៅ​ឯមន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​រាជធានី​ភ្នំពេញ ខែកក្កដា ២០១២។ REUTERS/Samrang Pring

ក្នុង​១​ថ្ងៃ​គាត់​សម្រាក​ពេល​ថ្ងៃត្រង់​នៅ​ចន្លោះ​ម៉ោង ១១:៣០នាទី ​ដល់​ម៉ោង​១:៣០​នាទី ​នៅ​ពេល​ល្ងាច​ម៉ោង​ប្រមាណ​ជា​ ៥​ឬ ៦​គាត់​ចាកចេញ​ពី​មន្ទីរពេទ្យ។

លោក​វេជ្ជបណ្ឌិត​ Beat Richner ​បាន​ឲ្យ​ដឹង​ថា​ក្រោយពេល​ដែល​គាត់​ពិសារ​បាយ​ល្ងាច​ ហើយ​គាត់​ត្រូវតែ​ទាក់ទង​ទៅ​ប្រទេស​ស្វីស​ដើម្បី​បញ្ជូន​របាយការណ៍​ពី​ស្ថានភាព​ជំងឺ​ផ្សេង​ៗ​ដែល​ បានកើត​មាន​នៅ​ក្នុង​មន្ទីរពេទ្យ​ដល់​ម្ចាស់ជំនួយ​និង​ត្រូវ​ធ្វើ​គម្រោង​ជា​ច្រើនទៀត​សម្រាប់​រក​ជំនួយ​ទ្រទ្រង់​មន្ទីរពេទ្យ​ដែលអ្នក​ជំងឺ​បាន​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ។

នេះ​គឺ​អ្វី​ដែល​ពិបាក​បំផុត​សម្រាប់​គាត់​ដែល​ត្រូវ​ព្យាយាម​តែ​ម្នាក់ឯង​រក​ថវិកា​ឲ្យ​បាន ​យ៉ាងហោច​ណាស់​៣១​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។
ជារៀងរាល់​ឆ្នាំ​លោក​វេជ្ជបណ្ឌិត​ Beat Richner ​តែងតែ​សរសេរ​សំបុត្រ​២ដង​ដើម្បី​ក្រើន​រំលឹក​ទៅ​សមាជិក​ដែល​ជា​អ្នក​ផ្តល់​ជំនួយ​ចំនួន​១០​ម៉ឺន​នាក់​នៅ​ប្រទេស​ស្វីស​និង​ទៅ​លេង​សេឡូ (cello) ​នៅទីនោះ​២​ដង​ផង​ដែរ ​ដើម្បី​រក​ថវិកា​បន្ថែម​ទៀត។

រៀងរាល់​ឆ្នាំ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងប្រាំ​ត្រូវ​ការ​ថវិកា​ចំនួន​៣៦​លាន​ដុល្លារ​អាមេរិក​សម្រាប់​បំពេញ​ប្រតិបត្តិការ​របស់​ខ្លួន។ ក្នុង​នោះ​រដ្ឋាភិបាល​ប្រទេស​ស្វីស​ជួយ​ចំនួន​បីលាន​ដុល្លារ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ចំនួន​ពីរ​លាន​ដុល្លារ ​ហើយ​ក្រៅពីនោះ​គឺ​ជា​ជំនួយ​ពី​សប្បុរសជន ​ដែល​លោក​រិចនើ ​ធ្វើ​ការ​រៃ​អង្គាស ​ជាពិសេស​តាមរយៈ​ការ​លេង​សេឡូ (cello)។

រយៈពេល​២០​ឆ្នាំ​កន្លងមក​នេះ​លោក​វេជ្ជបណ្ឌិត​ Beat Richner ​មិនមាន​ពេល​ឈប់​សម្រាក​ផ្ទាល់ខ្លួន​នោះ​ទេ។ ការខិតខំ​ប្រឹងប្រែង​និង​លះបង់​គ្រប់យ៉ាង​ទៅ​លើ​កុមារ​ដែល​មិនមែន​ជា​ជាតិ​សាសន៍​របស់​ខ្លួន​នេះ​លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹងថា​គាត់​គឺ​ជា​គ្រូពេទ្យ​ម្នាក់​ដូច្នេះ​ការជួយ​សង្រ្គោះ​ជីវិត​មនុស្ស​គឺ​ជារឿង​សំខាន់​ហើយ​ជាពិសេស​លោក​ចង់​ឲ្យ​កុមារ​ក្រីក្រ​នៅ​កម្ពុជា​ទទួល​បាន​ការព្យាបាល​ដូចជា​កុមារ​នៅ​បណ្តា​ប្រទេស​ជឿនលឿន​ដទៃទៀត​ដែរ។

ទោះបីជា​មន្ទីរពេទ្យ​គន្ធបុប្ជា​ទទួល​ការគ្រាំទ្រ​ជឿជាក់​ជាខ្លាំង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា​និង​បាន​គេ​ត្រូវស្គាល់​ថា​បាន​ជួយ​កុមារ​ជាច្រើន​ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​និង​គេចផុត​ពី​ការបាត់បង់​ជីវិត​ យ៉ាងណា​ក៏ដោយ ​ក៏​លោក​វេជ្ជបណ្ឌិត​ប៊ីត រិចនើ ​នៅតែ​ចាត់ទុកថា​លោក​មិនទាន់​បាន​ទទួល​ជោគជ័យ​នៅឡើយ​សម្រាប់​ការផ្តល់​ឲ្យ​ដល់​កុមារ​កម្ពុជា​នោះ។

លោក​បាន​ប្តេជ្ញា​ថា​ លោក​នឹង​ត្រូវប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​របស់​គាត់​ដើម្បី​រកថវិកា​ឲ្យ​បាន​ ៦០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ជា​នា​ពេល ​២០​ឆ្នាំ​ខាង​មុខទៀត​មុនពេល​គាត់​ចាស់​មិនអាច​លេងសេឡូ (cello) ​រក​ថវិកា​តទៅ​ទៀត​បាន។

«បំណង​សំខាន់​របស់​ខ្ញុំ ​ខ្ញុំ​ចង់​បង្កើត​ការគៀងគរ​នូវ​មូលនិធិ​ដ៏​ធំ​មួយ។ ហើយ​ខ្ញុំ​កំពុង​ចាប់ផ្តើម​នូវ​គម្រោង​នេះ ​ដោយមាន​ការសំណូមពរ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ស្វីស ​រដ្ឋាភិបាល​កម្ពុជា​ អង្គការ​អន្តរជាតិ ​និង​ធនាគារ​អន្តរជាតិ​សម្រាប់​ចូលរួម​ក្នុង​មូល​និធិ​នេះ។ ដោយ​គ្រួសារ​កុមារ​៨០​ភាគរយ​នៅ​មាន​ជីវភាព​យ៉ាប់យឺន ​នៅមិនទាន់​មាន​លទ្ធភាព​សម្រាប់​ការចំណាយ​លើ​ការព្យាបាល​ជំងឺ​នៅ​ឡើយ។​ដូច្នេះ​ដរាបណា​ការងារ​គៀងគរ​មូល​និធិ​នេះ ​នៅទាន់​បាន​សម្រេច​នោះ​ទេ​ ខ្ញុំ​មិនទាន់​អាច​និយាយ​បាន​ថា​ការងារ​ដែល​ខ្ញុំបាន​ធ្វើ​កន្លង​មក ​បាន​ទទួល​ជោគជ័យ​នោះ​ទេ»។

កុមារ​កម្ពុជា​ភាគច្រើន​មក​ពី​គ្រួសារ​ក្រីក្រ​បានមក​សម្រាក​ព្យាបាល ​ក្នុង​មន្ទីរពេទ្យ​នេះ​ដែល​ជា​មធ្យម​ចំនួន​១២ម៉ឺននាក់​ក្នុង​មួយ​ឆ្នាំ។ ភាគច្រើន​នៃ​កុមារ​ទាំង​នោះ ​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ងាយ​ស្លាប់​បាន ដូចជា​កុមារ​មាន​ជំងឺ​គ្រុនឈាម ​រលាក​ខួរក្បាល ​របេង ​និង​បេះដូង​ប្រហោងពី​កំណើត​ជា​ដើម។

លោក​សាស្រ្តាចារ្យ​ យ៉ៃ ចន្ទនា ​ជា​នាយក​ផ្នែក​វេជ្ជសាស្រ្ត​នៃ​មន្ទីរពេទ្យ​គន្ធបុប្ជា​ដែល​បាន​ធ្វើការ​ជាមួយ​លោក​វេជ្ជបណ្ឌិត​ប៊ីត រិចនើ ​អស់រយៈពេល​២០​ឆ្នាំ​កន្លង​មក​នេះ​បាន ​ឲ្យ​ដឹង​ថា​លោក​វេជ្ជបណ្ឌិត​ ប៊ីត រិចនើ​ ជា​មនុស្ស​ម្នាក់​ដែល​មាន​ការលះបង់​ខ្ពស់​ដែល​មិនអាច​រក​អ្នកផ្សេង​មក​ជំនួស​បាន​នោះ​ទេ។

«គាត់​រវៀសរវៃ​ណាស់​ខួរក្បាល​គាត់ក្តាប់​ការងារ​ណែន​ណាស់ ​ព្រលឹម​ឡើង​អ្នក​ដែល​យាម​ពីយប់​ត្រូវ​រាយការណ៍​ប្រាប់​គាត់​ទាំងអស់​ទាំង​ភ្នំពេញ ​ជំងឺ​ចូលធ្ងន់​ប៉ុន្មាន ​ស្រាល​ប៉ុន្មាន ​ចូលចំនួន​ប៉ុន្មាន​ក្នុង​១​ថ្ងៃ​ សម្រាល​កូន​១​យប់​ប៉ុន្មាន។ គាត់​ក្តាប់ការងារ​មន្ទីរពេទ្យ​ទៅ​លើ​ជំងឺ​ដោយ​ខ្លួន​គាត់ ​ជំងឺ​ករណី​ដែល​ចូលរាល់​ថ្ងៃ​ដែល​យើង​រាយការណ៍​នោះ​គាត់​សួរ​ហើយ​ថា​បាន​ធ្វើអ្វីខ្លះ ​ត្រូវការ​យក​លទ្ធផល​មក​បង្ហាញ​គាត់​ទៀត ​នេះ​គឺ​ជា​ការងារ​ចម្បង​ធំ​បំផុត​ដែល​ខ្ញុំ​ស្គាល់​គាត់​មក»។

ទោះបីជា​លោក​វេជ្ជបណ្ឌិត​ប៊ីត រិចនើ ​ធ្វើការ​ជាប់​ជា​ប្រចាំ​ក្នុង​១​សប្តាហ៍ ​៧​ថ្ងៃ ​ក្នុង​១​ថ្ងៃ​ជាង​ ១០​ម៉ោង ហើយ​រយៈពេល​២០​ឆ្នាំ​មក​នេះ​គាត់​មិន​ដែល​ឈប់​សម្រាក​សូម្បី​តែ​ពេល​គាត់​ឈឺ​ក៏​ដោយ។ក្នុង​១​សប្តាហ៍ ​គាត់​ចំណាយ​ពេល​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ជា​នៅ​ភ្នំពេញ​ប្រហែល​ជា​២​ទៅ​៣​ថ្ងៃ ក្រៅពី​នេះ​គាត់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ជា​សៀមរាប។ នេះ​បើតាម​ប្រសាសន៍​របស់​លោក​សាស្រ្តចារ្យ​ យ៉ៃ ចន្ទនា។

«គាត់ដឹង​តែ​ពី​ធ្វើការ​ ដឹងតែ​មា​នបញ្ហា​ដោះស្រាយ ​ធ្វើការ​ដោះស្រាយ​បញ្ហា​ ធ្វើ​ទាំងអស់ ​មិន​ដែល​ចេះ​រអ៊ូរ​ទាំ​ដឹង​តែ​ពី​ធ្វើៗ។ មិន​បាច់​ថា ​១​ថ្ងៃ​ទេ​ ២០​ឆ្នាំ​មក​ហើយ​គាត់​មិន​ដែល​សម្រាក​ថ្ងៃណា​ឲ្យ​បាន​១​ថ្ងៃ ​អត់ ​អត់​ដាច់ខាត។ គំរូ​គាត់​បែបនេះ​ទើប​អាច​គ្រប់គ្រង​បុគ្គលិក​បាន​ ដោយសារ​យើង​មើល​វីរភាព​របស់​គាត់ ​មើល​គំរូ​របស់​គាត់​វា​ធំធេង​ណាស់ ​វា​ខ្លាំងក្លា​ណាស់។ ​ពេល​ខ្លះ​គាត់​ថា​គាត់​ឈឺ​ដែរ ប៉ុន្តែ​គាត់​នៅ​តែ​មក​ធ្វើការ ​មក​ធ្វើ​ទាំង​ឈឺ ​អត់​សម្រាក​ដាច់ខាត»។

លោក​សាស្រ្តចារ្យ​បានឲ្យ​ដឹង​បន្ត​ថា​ការខិតខំ​ប្រឹងប្រែង​របស់​គាត់​ដែល​មិនហ៊ាន​ឈប់សម្រាក​នេះ​ គឺ​ដោយសារ​តែ​អ្នក​ជំងឺ​មាន​ការកើនឡើង​រហូត​ដោយ​មន្ទីរពេទ្យ​គន្ធបុប្ជា​ទាំង​៥ មាន ​អ្នក​សម្រាក​ពេទ្យ​ចន្លោះ​ពី​៤០០​នាក់ ​ទៅ​៦០០​នាក់ ​និង​អ្នក​មកពិគ្រោះ​ជំងឺ ​៣.០០០​នាក់​ក្នុង​១ថ្ងៃ។

លោក​វេជ្ជបណ្ឌិតប៊ីត រិចនើ រស់នៅ​ក្នុង​ផ្ទះជួល​តូច​តែ​ប៉ុណ្ណោះ​ទាំង​នៅ​ភ្នំពេញ ​និង​សៀមរាប​ដោយ​នៅ​ក្នុង​ផ្ទះ​នោះ​មានតែ​អ្នក​យាម​ម្នាក់​និង​អ្នក​សម្អាត​ម្នាក់។ នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ជា​ទាំង​៥ ​មាន បុគ្គលិកពេទ្យ ​សន្តិសុខ ​អ្នក​អនាម័យ​មាន​ចំនួន​ ២.៤០០​នាក់​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់លោក​វេជ្ជបណ្ឌិត​ ប៊ីត រិចនើ ​ទាំង​អស់។

អ្នកស្រី ជា អាន ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម ​ដែល​កំពុង​អង្គុយ ​មើល​កូន​របស់​គាត់​ឈឺ​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ជា ​ឲ្យ​ដឹង​ថា​គាត់​បានឃើញ​លោក​វេជ្ជបណ្ឌិត ប៊ីត រិចនើ​ នៅ​ពេល​ដែល​គាត់​ដើរ​ពិនិត្យ​ជំងឺ​ហើយ​តាម​ការសង្កេត​របស់​អ្នកស្រី ​ឃើញ​ថា​លោកវេជ្ជ​បណ្ឌិត រិចនើ ​មានការ​យកចិត្ត​ទុក​ដាក់​ម៉ឺងម៉ាត់​បំផុត​នៅ​ពេល​ដែល​គាត់​ពិនិត្យ​ជំងឺ​កុមារ។

«គាត់​មាន​អ្នក​បកប្រែ​របស់​គាត់​មក​មើល​ចង្អុល​ពី​ហេតុការណ៍​កូន​ហ្នឹង។ គាត់​មក​មើល ​គាត់​មកសួរ​តាម​គ្រប់គ្រែ​អ្នក​ជំងឺ។ គាត់​យក​ចិត្តទុក​ដាក់​ណាស់ ​គាត់​ដូច​ស្វាហាប់​ខ្នះខ្នែង​ក្នុង​ការ​ជួយ​ដល់​កុមារ​យើង​តែ​ម្តង។ ក្នុង​ចិត្តខ្ញុំ​អរណាស់ ​បើ​បាន​គាត់​មក​ជួយ​អញ្ចឹង​ បើ​គ្មាន​គាត់​ទេ​កូន​របស់ ​ពួក​ខ្ញុំ​មិន​ដឹង​កណ្តៀត​យក​ទៅ​ខាង​ណា​ទេ។ ខ្ញុំ​មិន​ភ្លេច​គុណ​គាត់​ទេ»។

ជាទូទៅ​គេ​សង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​បានដឹង​ពី​ការលះបង់​របស់​លោក​វេជ្ជបណ្ឌិត​ប៊ីត រិចនើ​ដែលបាន​ចំណាយពេល​ស្ទើរតែ​ពាក់​កណ្តាល​ជីវិត ​របស់​គាត់​នៅ​ក្នុង​សកម្មភាព​មនុស្សធម៌​ដោយ​បានជួយកុមារ​កម្ពុជា​ជា​ច្រើន​ឲ្យ​ជា​ពី​ជំងឺ ​និង​រួច​ពីការ​បាត់បង់​ជីវិត។

ជាមួយ​គ្នា​នេះ​ដែរ​លោក ឆាយ សារ៉ាត់ ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​បានសម្តែង​ការ​កោតសរសើរ​ជា​ខ្លាំង​ពី​ការលះបង់​ដ៏​អស្ចារ្យ​របស់​លោក​វេជ្ជបណ្ឌិត​ ប៊ីត រិចនើ ​ហើយ​វត្តមាន​របស់​លោក រិចនើ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ពិត​ជា​មោទនភាព​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។លោក​បានអំពាវនាវ​ដល់​អ្នក​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គួរ​យក​គំរូ​តាមវីរភាព​របស់​លោក​ រិចនើ។

«ខ្ញុំ​ចាត់ទុក​គាត់​ជា​វីរបុរស​សម្រាប់​ខ្មែរ​យើង​ ថ្វីត្បិតតែ​គាត់​ជា​ជនបរទេស​ក៏ដោយ។ សំខាន់​ថា​អ្វី ដែលគាត់​ធ្វើ​បង្ហាញ​ថា​គាត់​មាន​បេះដូង​ល្អ ​មាន​ទឹកចិត្ត​ក្នុង​ការជួយ​ដល់​មនុស្ស​ជាតិ។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ក៏ដូច​ជា​ការលះបង់​របស់​គាត់​គឺ​ជា​គំរូ​មួយ​ដ៏ល្អ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាពិសេស ​គឺ​អ្នក​ដែល​មាន ​លោក​ឧកញ៉ា​ទាំងអស់​នោះគួរ​តែ​ពិចារណា​យក​តម្រាប់​តាមគាត់»។

ជា​រៀងរាល់ព្រឹក​នៅក្បែរ​របង​មន្ទីរពេទ្យ​គន្ធបុប្ជា​ក្រុង​ភ្នំពេញ ​ប្រជា​ពលរដ្ឋ​ដែល​មាន​កូន​ឈឺ​មកស្ទើរ​ពី​គ្រប់​ខេត្តក្រុង​ក្នុង​ប្រទេស​កម្ពុជា​បាន​មក​អង្គុយ​រង់ចាំ ​តំរង់ ​ជួរគ្នា​ជា​២​ជួរ ​យ៉ាង​វែង ​ណែន​ណាន់​តាន់តាប់ ​ហើយ​ជា​ច្រើនឆ្នាំ​មក​នេះ ​មន្ទីរពេទ្យ​គន្ធបុប្ជា ​បាន​ក្លាយ​ជា​ទីពំនឹង​របស់​គ្រួសារ​ក្រីក្រ​កម្ពុជា​សម្រាប់​ព្យាបាល​កូន​ៗ​របស់​ពួក​គេ។ ដោយ​ប្រជាពលរដ្ឋ​ជា​ច្រើន​ទាំង​ក្នុង ​និង ​ក្រៅ​ប្រទេស​សុទ្ធតែ​បាន​ទទួលស្គាល់​ថា​លោក​វេជ្ជបណ្ឌិត ប៊ីត រិចនើ ​ជា​មនុស្ស​សំខាន់​បំផុត​ដែល​មិនអាច​ខ្វះបាន​នៅ​ក្នុង​ដំណើរ​ការទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ជា​នេះ៕
XS
SM
MD
LG