សហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងទាក់ទងដោយផ្ទាល់ជាមួយក្រុមតាលីបង់ដើម្បីសុវត្ថិភាពសម្រាប់«មនុស្សទាំងអស់»ដែលកំពុងព្យាយាមធ្វើដំណើរទៅព្រលានយន្តហោះក្រុងកាប៊ុល។
សហរដ្ឋអាមេរិកក៏កំពុងទាក់ទងឲ្យប្រទេសរាប់សិបទទួលជនជាតិអាហ្វហ្គានីស្ថានដែលប្រឈមហានិភ័យផងដែរ ខណៈកំពុងបង្កើនការជម្លៀសពលរដ្ឋអាមេរិកាំង អ្នកការទូតនិងពួកអ្នកសុំសិទ្ធិជ្រកកោនជនជាតិអាហ្វហ្គានីស្ថាន។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman បាននិយាយថា «ក្រុមរបស់យើងនៅក្នុងទីក្រុងដូហា និងដៃគូយោធារបស់យើងនៅក្នុងទីក្រុងកាប៊ុលកំពុងទាក់ទងដោយផ្ទាល់ជាមួយក្រុមតាលីបង់ដើម្បីបញ្ជាក់ថា យើងរំពឹងថា ពួកគេអនុញ្ញាតឲ្យពលរដ្ឋអាមេរិកាំងទាំងអស់ ពលរដ្ឋប្រទេសទី៣ទាំងអស់ និងពលរដ្ឋអាហ្វហ្គានីស្ថានដែលប្រាថ្នាចាកចេញ អាចធ្វើដំណើរដោយសុវត្ថិភាព និងគ្មានការយាយី។
លោកស្រីបានថ្លែងដូច្នេះក្នុងអំឡុងសន្និសីទកាសែតកាលពីថ្ងៃពុធនៅពេលមានសេចក្តីរាយការណ៍ថា ក្រុមតាលីបង់បានរារាំងពលរដ្ឋអាហ្វហ្គានីស្ថានមិនឲ្យទៅព្រលានយន្តហោះក្រុងកាប៊ុល។ នៅពេលជាមួយគ្នានោះដែរ ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានចេញការព្រមានខាងសន្តិសុខថា «ខ្លួនមិនអាចធានាការធ្វើដំណើរដោយសុវត្ថិភាព»ទៅព្រលានយន្តហោះក្រុងកាប៊ុលទេ។
ក៏ប៉ុន្តែនៅពេលគម្រោងការដកយោធាសហរដ្ឋអាមេរិកខិតកាន់តែជិត វត្តមានការទូតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅក្នុងរដ្ឋធានីកាប៊ុលហាក់មិនប្រាកដប្រជា។
ក្រសួងការបរទេសស.រ.អា.បានបញ្ជាក់ថា ស្ថានទូតសហរដ្ឋអាមេរិកដែលបានរើទៅព្រលានយន្តហោះក្រុងកាប៊ុលនោះ នឹងបន្តដំណើរការទៅតាមលទ្ធភាពដែលអាចធ្វើបាន។
ពួកអ្នករិះគន់ខ្លះនិយាយថា សហរដ្ឋអាមេរិកទំនងជាបណ្តោយឱ្យព្រឹត្តិការណ៍ដែលមានឥទ្ធិពលនៅប្រទេសអាហ្វហ្គានីស្ថានឆ្ពោះទៅមុខ។
អង្គការសិទ្ធិមនុស្ស និងពួកអ្នកវិភាគបានព្រមានអំពីការលេចចេញនូវវិបត្តិជនភៀសខ្លួន។
អង្គការជនភៀសខ្លួនអន្តរជាតិ និងអង្គការផ្សេងៗទៀតបានអំពាវនាវឱ្យសហរដ្ឋអាមេរិកសន្យាទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានដល់ទៅ២សែននាក់៕
(អ្នកស្រី Patsy Widakuswara អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេនៅសេតវិមានរួមចំណែកក្នុងសេចក្តីរាយការណ៍នេះ)