ព័ត៌មានចុងក្រោយពីស្ថានភាពនៅអាហ្វហ្គានីស្ថានមាននៅ Live Blog វីអូអខ្មែរ។
លោកប្រធានាធិបតី Joe Biden នៅសប្តាហ៍នេះត្រូវគេសួរថាតើការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានមានន័យដូចម្តេចសម្រាប់ការតាំងចិត្តខាងយោធារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅកន្លែងផ្សេងទៀតក្នុងពិភពលោក។ នៅក្នុងការឆ្លើយតបលោក Biden បានបញ្ជាក់ថា«ខុសគ្នាយ៉ាងខ្លាំង»រវាងអាហ្វហ្គានីស្ថាននិងទីកន្លែងផ្សេងទៀតដូចជាកូរ៉េខាងត្បូងដែលសហរដ្ឋអាមេរិកក៏មានយោធាយ៉ាងច្រើនដែរនោះ។
គេពិបាករកឬមិនអាចរកបានជនជាតិកូរ៉េខាងត្បូងដែលមិនយល់ស្របនឹងការវាយតម្លៃនេះ។ មានការខុសគ្នាយ៉ាងពិតប្រាកដរវាងប្រទេសអាហ្វហ្គានីស្ថានដែលក្រីក្របំផុតនិងអភិវឌ្ឍន៍តិចបំផុតនៅក្នុងពិភពលោកជាមួយនឹងកូរ៉េខាងត្បូងដែលប្រជាធិបតេយ្យមានស្ថិរភាពនិងជាសម្ព័ន្ធមិត្តមានសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិកដែលមានសេដ្ឋកិច្ចធំលំដាប់ទី១០នៅក្នុងពិភពលោកនិងមានយោធាដ៏ខ្លាំងលំដាប់ទី៦។
តែការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានដោយភាពរញ៉េរញ៉ៃនិងការកាន់កាប់របស់ពួកតាលីបង់បានធ្វើឲ្យមានការចោទសួរកាន់តែខ្លាំងថាតើកូរ៉េខាងត្បូងគួរតែពឹងផ្អែកលើការការពារខាងយោធារយៈពេលយូរពីសហរដ្ឋអាមេរិកឬគួរតែបង្កើនការពារខ្លួនឯង។
សហរដ្ឋអាមេរិកមានកងទ័ពជិត៣ម៉ឺននាក់នៅកូរ៉េខាងត្បូងសល់ពីសង្គ្រាមកូរ៉េក្នុងទសវត្សរ៍១៩៥០ដែលបានបញ្ចប់ដោយយុទ្ធសន្តិភាពជាជាងសន្ធិសញ្ញាសន្តិភាព។ ចាប់តាំងពីនោះមកមានអរិភាពសំខាន់ៗជាច្រើនទសវត្សរ៍ហើយកងទ័ពសហរដ្ឋអាមេរិកនៅតែកម្លាកូរ៉េខាងជើងដែលមានអាវុធនុយក្លែអ៊ែរ។
មនុស្សតិចណាស់ដែលបានគិតថាយោធាសហរដ្ឋអាមេរិកនឹងដកចេញពីកូរ៉េខាងត្បូងនៅពេលឆាប់ៗនេះ។លោក Jack Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Joe Biden បាននិយាយនៅសប្តាហ៍នេះថាសហរដ្ឋអាមេរិកមិនមានបំណងដកកងទ័ពចេញពីកូរ៉េខាងត្បូងទេ៕