ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោកស្រី Ruth Bader Ginsburg (រូថ បេឌរ ហ្គីនស៍ប៊ក) បានក្លាយជាស្ត្រីទីមួយដែលសពរបស់លោកស្រី ត្រូវតម្កល់នៅវិមានសភាសហរដ្ឋអាមេរិក ក្រោយត្រូវបានគេដឹកពីតុលាការកំពូល មកវិមានសភា នៅព្រឹកថ្ងៃសុក្រ។
ពិធីបុណ្យសពក្នុងលក្ខណៈឯកជនគ្រួសាររបស់លោកស្រីនិងភ្ញៀវកិត្តិយស ដែលត្រូវបានអញ្ជើញចូលរួមប្រារព្ធធ្វើនៅថ្ងៃសុក្រ ក្នុងសាលរូបចម្លាក់ជាតិនៃវិមានសភាសហរដ្ឋអាមេរិក ដែលនៅទីនោះមឈូសសពលោកស្រី ត្រូវគេតម្កល់ពីលើទម្រឈើដែលត្រូវបានគេសង់ឡើង សម្រាប់ដាក់សពអតីតប្រធានាធិបតីអាមេរិកលោក Abraham Lincoln បន្ទាប់ពីរូបលោកត្រូវបានគេលួចធ្វើឃាតក្នុងឆ្នាំ ១៨៦៥ នោះ។
បេក្ខជនប្រធានាធិបតីអាមេរិកមកខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden និងភរិយារបស់លោកគឺលោកស្រី Jill Biden ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រី Ginsburg ដែរ។
ការរាតត្បាតនៃជំងឺកូវីដ១៩ បានកម្រិតចំនួនភ្ញៀវដែលត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីបុណ្យសពនេះ។
សេចក្តីថ្លៃងការណ៍របស់តុលាការកំពូលលើកឡើងថា សពរបស់លោកស្រី Ginsburg នឹងត្រូវបញ្ចុះនៅសប្តាហ៍ក្រោយជាលក្ខណៈឯកជនមួយ ក្នុងទីបញ្ចុះសពជាតិនៅស្រុក Arlington ជាយរដ្ឋធានីវ៉ាស៊ីនតោន។
សពរបស់លោកស្រី Ginsburg ត្រូវបានគេតម្កល់នៅអគារតុលាការកំពូលឲ្យសាធារណជនអាចចូលគោរពបានអស់រយៈពេល ២ ថ្ងៃមកហើយ។
កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីអាមេរិកលោក Donald Trump និងភរិយារបស់លោក គឺលោកស្រី Melania បានទៅគោរពវិញ្ញាណក្ខន្ធរបស់លោកស្រី Ginsburg នៅឯអគារតុលាការកំពូល ហើយត្រូវបានអ្នកប្រឆាំងរូបលោកនៅទីនោះ ស្រែកប្រឆាំងលោក និងពាក្យថា «បោះឆ្នោតទម្លាក់លោកចេញទៅ»។
លោក ត្រាំ បានពាក់ម៉ាស់ព័ណ៌ខ្មៅ និងមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ នៅពេលលោកកំពុងធ្វើពិធីស្មិងស្មាធិ៍គោរពសពលោកស្រី Ginsburg នោះ។
លោកស្រី Ginsburg បានស្លាប់កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងអាយុ ៨៧ ឆ្នាំ ដោយមហារីកលំពែង ក្រោយបម្រើការងារជាចៅក្រមរបស់តុលាការកំពូលសហរដ្ឋអាមេរិក អស់រយៈពេល ២៧ ឆ្នាំមក។ លោកស្រីបានក្លាយជានិយមិត្តរូបនៃអ្នកទាមទារយុត្តិធម៌សម្រាប់សិទ្ធិស្ត្រី៕