នៅថ្ងៃពុធនេះ សហការី មិត្តភក្តិ និងសាធារណជននានា នឹងចាប់ផ្ដើមគោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយចំពោះសពចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg។ អ្នកស្រីបានស្លាប់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយសារជំងឺមហារីកលំពែង ក្នុងអាយុ ៨៧ ឆ្នាំ។
មឈូសរបស់អ្នកស្រី Ginsburg នឹងត្រូវគេយកទៅតម្កល់នៅក្នុងអគារតុលាការកំពូល នៅព្រឹកថ្ងៃពុធនេះ ដើម្បីប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធជាលក្ខណៈឯកជន ដែលមានការចូលរួមពីសមាជិកគ្រួសារ និងសហការីរបស់អ្នកស្រី។
មឈូសរបស់អ្នកស្រីនឹងត្រូវបានគេលើកទៅដាក់នៅបរិវេណជណ្ដើរខាងមុខក្នុងអគារតុលាការកំពូល សម្រាប់ឲ្យសាធារណជនទូទៅចូលគោរពវិញ្ញាណក្ខន្ធរហូតដល់ថ្ងៃព្រហស្បតិ៍។ មឈូសនេះត្រូវបានធ្វើឡើងក្នុងទម្រង់ឈើដូចទៅនឹងមឈូសរបស់លោកប្រធានាធិបតី Abraham Lincoln ដែលត្រូវបានគេធ្វើឃាតក្នុងឆ្នាំ ១៨៦៥ ដែរ។
ការគោរពវិញ្ញាណក្ខន្ធនឹងបន្តដល់ថ្ងៃសុក្រ នៅពេលដែលមឈូសរបស់អ្នកស្រី Ginsburg ត្រូវគេបញ្ជូនទៅតម្កល់នៅវិមានសភា ដោយធ្វើឲ្យអ្នកស្រីក្លាយជាស្ត្រីទីមួយ ដែលទទួលបានកិត្តិយសដូច្នេះ។ សាធារណជននឹងអាចមើលមឈូសរបស់អ្នកស្រីបាន ក្រោយពីពិធីបុណ្យផ្លូវការសម្រាប់ភ្ញៀវកិត្តិយសចប់សព្វគ្រប់។
តុលាការកំពូលបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា សពអ្នកស្រី Ginsburg នឹងត្រូវបញ្ចុះនៅសប្ដាហ៍ក្រោយនៅទីបញ្ចុះសពជាតិ Arlington។ ទីបញ្ចុះសពជាតិ Arlington នេះជាកន្លែងបញ្ចុះសពបុគ្គលល្បីៗដូចនេះ ដូចជាសពរបស់លោកប្រធានាធិបតី John F. Kennedy ជាដើម៕