លោកស្រី Ruth Bader Ginsburg ដែលជាចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកជាយូរមកហើយនិងជាស្ត្រីទីពីរបម្រើការក្នុងតុលាការកំពូលសហរដ្ឋអាមេរិកនេះ បានទទួលមរណភាពកាលពីថ្ងៃសុក្រទី ១៨ ខែកញ្ញា ដោយសារជំងឺមហារីក។
លោកស្រី Ginsburg ដែលជាអ្នកសេរីនិយមដ៏មុតមាំម្នាក់ និងជាជើងឯកខាងសិទ្ធិស្ត្រី បានទទួលមរណភាពក្នុងអាយុ ៨៧ ឆ្នាំ នៅឯគេហដ្ឋានរបស់លោកស្រីក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយមានគ្រួសារលោកស្រីនៅក្បែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់តុលាការកំពូល។
លោក John Roberts ប្រធានចៅក្រមតុលាការកំពូល បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសនោះថា៖ «ប្រទេសជាតិយើងបានបាត់បង់ចៅក្រមម្នាក់ដែលមានកេរ្តិ៍ឈ្មោះជាប្រវត្តិសាស្ត្រ»។
លោកស្រី Ginsburg បានបម្រើការក្នុងតុលាការកំពូលចាប់តាំងពីឆ្នាំ ១៩៩៣ មក។ តុលាការកំពូលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា លោកស្រីបានស្លាប់ដោយសារជំងឺមហារីកលំពែង។
លោកស្រី Ginsburg បានប្រកាសកាលពីខែកក្កដាថា លោកស្រីបានទទួលការព្យាបាលថ្លើមដោយប្រើថ្នាំគីមីសម្រាប់ជំងឺមហារីក ដែលជាបញ្ហាសុខភាពថ្មីចុងក្រោយបំផុតក្នុងបណ្តាបញ្ហាសុខភាពមួយចំនួន ដោយក្នុងនោះរួមមានទាំងការប្រយុទ្ធនឹងជំងឺមហារីកផងដែរ។
ការខ្វែងគំនិតគ្នារឿងជំនួសតំណែងលោកស្រី Ginsburg
មរណភាពរបស់លោកស្រី Ginsburg ផ្តល់ឱ្យលោកប្រធានាធិបតី Donald Trump នូវលទ្ធភាពបង្កើនចំនួនចៅក្រមអភិរក្សនិយមឲ្យបានភាគច្រើនក្នុងតុលាការកំពូល ដោយសារតែការតែងតាំងចៅក្រមជំនួសតំណែងលោកស្រី Ginsburg នេះ មានរយៈពេលមិនដល់ ៧ សប្ដាហ៍ផង មុនការបោះឆ្នោតប្រធានាធិបតីចូលមកដល់។ ការតែងតាំងលើកនេះប្រសិនបើធ្វើឡើង គឺជាការតែងតាំងចៅក្រមតុលាការកំពូលលើកទី ៣ របស់លោក Trump។
មរណភាពរបស់លោកស្រី Ginsburgទំនងជានាំឱ្យមានការខ្វែងគំនិតគ្នាខាងនយោបាយអំពីថាតើលោក Trump គួរតែងតាំងចៅក្រមថ្មីជំនួសតំណែងលោកស្រី ដោយមានសវនាការអំពីការតែងតាំងនេះដែលធ្វើឡើងដោយព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ឬមួយទុកតំណែងនេះឱ្យនៅទំនេររហូតដល់ក្រោយពេលដឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។
នៅពេលបច្ចុប្បន្ននេះ តុលាការកំពូលសហរដ្ឋអាមេរិកមានចៅក្រមអភិរក្សនិយមចំនួន ៥ រូប ទល់នឹងចៅក្រមសេរីនិយមចំនួន ៤ រូប។ ចៅក្រមតុលាការកំពូលកាន់តំណែងមួយជីវិត។
វិទ្យុ NPR បានរាយការណ៍ថា ក្នុងពេលប៉ុន្មានថ្ងៃមុនលោកស្រីទទួលមរណភាព លោកស្រី Ginsburg បានបញ្ជាក់នៅក្នុងសំណេរមួយដែលផ្ញើឲ្យចៅស្រីរបស់លោកស្រីឈ្មោះ Clara Spera ថា៖ «សេចក្ដីប្រាថ្នាដ៏មុតមាំបំផុតរបស់ខ្ញុំគឺថា តំណែងរបស់ខ្ញុំមិនត្រូវជំនួសនោះទេ រហូតទាល់តែដល់ពេលដែលមានប្រធានាធិបតីអាណត្តិថ្មីស្បថចូលកាន់តំណែង»។
លោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា បេក្ខជនណាម្នាក់ដែលតែងតាំងដោយលោក Trump «នឹងទទួលបានការបោះឆ្នោតគាំទ្រនៅព្រឹទ្ធសភា»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Trump បាននិយាយថា៖ «លោកស្រីចៅក្រម Ginsburg បានបង្ហាញថា គេអាចមិនយល់ស្របដោយមិនចាំបាច់ជំទាស់ទៅនឹងសហសេវិករបស់ខ្លួន ឬជំទាស់ទៅនឹងទស្សនៈផ្ទុយពីខ្លួននោះទេ។ ទស្សនៈរបស់លោកស្រី ដែលក្នុងនោះរួមមានទាំងការសម្រេចដ៏ល្បីល្បាញអំពីសមភាពផ្លូវច្បាប់សម្រាប់ស្ត្រីនិងជនពិការផងនោះ បានបំផុសគំនិតពលរដ្ឋអាមេរិកាំងគ្រប់រូបនិងជំនាន់មនុស្សដែលមានចិត្តគំនិតអស្ចារ្យផ្នែកច្បាប់»។
លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានមានប្រសាសន៍អំពីលោកស្រី Ginsburg ថា៖ «លោកស្រីគឺជាសំឡេងទៀងទាត់និងទុកចិត្តបានដែលចាក់ទម្លុះដល់គ្រប់បញ្ហាទាំងអស់ ការពារសិទ្ធិតាមរដ្ឋធម្មនុញ្ញរបស់ពលរដ្ឋអាមេរិកាំងទាំងអស់ ហើយមិនដែលបរាជ័យនៅក្នុងការការពារដោយខ្លាំងក្លា និងមិនរាថយលើសេរីភាពនោះឡើយ»។
លោក Biden ក៏បានជំរុញព្រឹទ្ធសភាឱ្យរង់ចាំមុនពេលផ្ដល់ការយល់ព្រមដល់ការតែងតាំងចៅក្រមថ្មីជំនួសតំណែងលោកស្រី Ginsburg នៅក្នុងតុលាការកំពូល។ លោក Bidenបានបញ្ជាក់ថា៖ «ជាការពិត ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា អ្នកបោះឆ្នោតគួរជ្រើសរើសប្រធានាធិបតី ហើយប្រធានាធិបតីនោះគួរជ្រើសតាំងចៅក្រមម្នាក់ដើម្បីឱ្យព្រឹទ្ធសភាពិចារណា»។
លោកស្រី Nancy Pelosi ខាងគណបកប្រជាធិបតេយ្យ ដែលជាប្រធានរដ្ឋសភា បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងត្រូវតែគោរពអាជីពជាគំរូរបស់លោកស្រីចៅក្រម Ginsburg និងថែរក្សាកេរដំណែលដ៏អស្ចារ្យរបស់លោកស្រី ដោយធ្វើឱ្យប្រាកដថា ចៅក្រមដែលនឹងជំនួសតំណែងរបស់លោកស្រីក្នុងតុលាការកំពូល នឹងបន្តអនុវត្តតាមការប្តេជ្ញារបស់លោកស្រីចំពោះសមភាព ឱកាស និងយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នា»។
លោកស្រី Ginsburg បានជំទាស់ទៅនឹងការអំពាវនាវរបស់អ្នកសេរីនិយមមួយចំនួនដែលចង់ឱ្យលោកស្រីចូលនិវត្តន៍នៅពេលលោកប្រធានាធិបតី Barack Obama កាន់តំណែង ដែលនៅពេលនោះ គណបក្សប្រជាធិបតេយ្យគ្រប់គ្រងទាំងសេតវិមាននិងទាំងព្រឹទ្ធសភា។
បន្ទាប់មក នៅចុងអាណត្តិរបស់លោកប្រធានាធិបតី Obama គណបក្សសាធារណរដ្ឋដែលគ្រប់គ្រងព្រឹទ្ធសភានៅពេលនោះ បានប្រកែកមិនព្រមបើកសវនាការពិចារណាអំពីបេក្ខជនដែលលោក Obama តែងតាំងឱ្យកាន់តំណែងជំនួសតំណែងលោកចៅក្រមអភិរក្សនិយម Antonin Scalia ដែលបានទទួលមរណភាព។ ការធ្វើដូច្នេះដោយគណបក្សសាធារណរដ្ឋបានធ្វើឱ្យគណបក្សប្រជាធិបតេយ្យខឹងសម្បារ ហើយតំណែងចៅក្រមតុលាការកំពូលនោះនៅទំនេររហូតដល់ក្រោយពេលដែលលោក Trump ឈ្នះការបោះឆ្នោតប្រធានាធិបតី។
ការឈានដល់ការកាន់អំណាច
លោកស្រី Ginsburg បានចាប់អាជីពខាងច្បាប់នៅចំពេលដែលមានអ្នកច្បាប់ជាស្ត្រីតិចតួចប៉ុណ្ណោះ ហើយលោកស្រីបានចំណាយពេលក្នុងអាជីពរបស់ខ្លួនដើម្បីធ្វើការពង្រីកសមភាពរបស់ស្ត្រី។
លោកស្រីកើតនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៣៣ នៅក្នុងសង្កាត់ Brooklyn ក្នុងបូរី New Yorkហើយលោកស្រីដឹងថាខ្លួនចង់ធ្វើជាមេធាវី នៅពេលដែលលោកស្រីរៀនឆ្នាំទីបីក្នុងមហាវិទ្យាល័យ។
បន្ទាប់ពីទទួលបានបរិញ្ញាប័ត្រពីសាកលវិទ្យាល័យ Cornell កាលពីឆ្នាំ ១៩៥៤ មក លោកស្រីត្រូវបានគេទទួលឲ្យចូលសិក្សាក្នុងមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Harvard គឺក្នុងពេលតែ ៥ ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីសាកលវិទ្យាល័យនេះចាប់ផ្តើមទទួលស្ត្រីឲ្យចូលសិក្សា។
លោកស្រីបានផ្ទេរទៅរៀននៅមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Columbia ដែលនៅទីនោះ លោកស្រីទទួលបានសញ្ញាប័ត្រក្នុងឆ្នាំ ១៩៥៩ គឺក្រោយពេលដែលស្វាមីរបស់លោកស្រីគឺលោក Martin Ginsburg ដែលបានក្លាយជាមេធាវីផ្នែកពន្ធដារនិងជាសាស្ត្រាចារ្យច្បាប់ល្បីឈ្មោះមួយរូប បានទទួលការងារមួយនៅក្នុងបូរី New York។
លោកស្រី Ginsburg បានមានប្រសាសន៍ថា វាជាការពុះពារឧបសគ្គច្រើននៅក្នុងការរកការងារធ្វើក្នុងអាជីពមួយដែលគ្របដណ្តប់ដោយបុរស។
លោកស្រីបាននិយាយថា៖ «គ្មានក្រុមហ៊ុនណាមួយនៅក្នុងបូរី New York ទាំងមូលដែលចង់ប្រថុយយកខ្ញុំធ្វើការនោះទេ»។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដោយមានការជួយជ្រោមជ្រែងពីសាស្ត្រាចារ្យម្នាក់ លោកស្រីបានទទួលការងារជាស្មៀន ហើយបន្ទាប់មកបានចាប់ផ្តើមបង្រៀននៅមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Rutgers និងមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Columbia។
នៅឆ្នាំ ១៩៧២ លោកស្រី Ginsburg បានបង្កើតគម្រោងសិទ្ធិស្ត្រី ដែលជាគំនិតផ្ដួចផ្ដើមរបស់សហជីពសេរីភាពពលរដ្ឋអាមេរិកាំង (American Civil Liberties Union) ដែលធ្វើការដើម្បីសមភាពសម្រាប់ស្ត្រីនិងកុមារីនៅគ្រប់ស្រទាប់ទាំងអស់។
នៅក្នុងមុខនាទីនោះ លោកស្រីបាននិយាយបង្ហាញហេតុផលអំពីសំណុំរឿងចំនួន ៦ នៅចំពោះមុខតុលាការ ហើយលោកស្រីបានឈ្នះសំណុំរឿងចំនួន ៥ ក្នុងចំណោមនោះ។
លោកស្រី Ginsburg ត្រូវបានតែងតាំងជាចៅក្រមតុលាការកំពូលនៅក្នុងឆ្នាំ ១៩៩៣ ដោយលោកប្រធានាធិបតី Bill Clinton ដោយធ្វើឲ្យលោកស្រីក្លាយជាចៅក្រមតុលាការកំពូលជាស្ត្រីទីពីរ បន្ទាប់ពីលោកស្រី Sandra Day O'Conner ដែលត្រូវបានតែងតាំងជាចៅក្រមមួយរូបនៅក្នុងតុលាការនេះ ១២ ឆ្នាំមុនលោកស្រី។
ក្នុងពេលកាន់តំណែងក្នុងតុលាការកំពូលនេះ លោកស្រី Ginsburg ជាសំឡេងដ៏ក្លៀវក្លាសម្រាប់ក្រុមចៅក្រមសេរីនិយមនៃតុលាការនេះ។
លោកស្រីបានថ្លែងថា លោកស្រីតែងតែប្រឹងប្រែងធ្វើអ្វីដែលលោកស្រីជឿថាជារឿងត្រឹមត្រូវ។
លោកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា គេនឹងចងចាំខ្ញុំថាជាមនុស្សម្នាក់ដែលស្រឡាញ់ច្បាប់ ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់មនុស្សជាតិ ផ្តល់តម្លៃដល់សេចក្តីថ្លៃថ្នូររបស់បុគ្គលគ្រប់រូប ហើយប្រឹងប្រែងធ្វើការតាមតែអាចធ្វើទៅបានជាមួយនឹងទេពកោសល្យដែលមាន ដើម្បីធ្វើឲ្យពិភពលោកមានភាពប្រសើរជាងពេលដែលខ្ញុំបានចាប់កំណើត»។
លោកស្រី Ginsburg មានទំនាក់ទំនងរអាក់រអួលជាមួយលោក Trump។ លោកស្រីបានរិះគន់លោក Trump ក្នុងកិច្ចសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន នៅពេលឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០១៦ ដែលនាំឱ្យលោក Trump អំពាវនាវឲ្យលោកស្រីលាលែងពីតំណែង។
លោក Martin ដែលជាស្វាមីរបស់លោកស្រី Ginsburg បានទទួលមរណភាពកាលពីឆ្នាំ ២០១០។ លោកស្រីមានកូនពីរនាក់គឺអ្នកស្រី Jane និងលោក James ព្រមទាំងចៅមួយចំនួនផងដែរ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ