រូបសំណាករបស់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg នឹងត្រូវសាងសង់នៅសង្កាត់ Brooklyn ទីក្រុងញូវយ៉ក ដែលជាកន្លែងកំណើតរបស់អ្នកស្រី។ នេះបើតាមការប្រកាសរបស់អភិបាលរដ្ឋញូវយ៉កលោក Andrew Cuomo កាលពីថ្ងៃសៅរ៍។
អ្នកស្រី Ginsburg បានទទួលមរណភាពកាលពីថ្ងៃសុក្រ ដោយសារជំងឺមហារីកលំពែង ក្នុងអាយុ ៨៧ ឆ្នាំ។ ក្នុងនាមជានិមិត្តរូបច្បាប់ និងសិទ្ធិស្ត្រីមួយរូប អ្នកស្រី Ginsburg បានក្លាយជាចៅក្រមតុលាការកំពូលជាស្ត្រីទីពីរនៅក្នុងសហរដ្ឋអាមេរិក កាលពីឆ្នាំ ១៩៩៣។
លោក Cuomo អភិបាលរដ្ឋញូវយ៉ក ខាងគណបក្សប្រជាធិបតេយ្យ បានថ្លែងថា លោកនឹងចាត់តាំងគណៈកម្មការមួយឲ្យជ្រើសរើសអ្នកស្មូនរូបម្នាក់ និងចាត់ចែងលើការជ្រើសរើសទីតាំងសម្រាប់សាងសង់រូបសំណាកនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Cuomo បាននិយាយថា រូបសំណាកនេះនឹងក្លាយជាការក្រើនរំឭកដល់ «ការចូលរួមចំណែកជាច្រើនរបស់អ្នកស្រី Ginsburg ចំពោះសហរដ្ឋអាមេរិក ដូចដែលយើងបានដឹង និងដើម្បីជាការបំផុសទឹកចិត្តដល់អ្នកដែលនឹងបន្ដធ្វើការងាររបស់អ្នកស្រី»។
អ្នកស្រី Ginsburg កើតនៅសង្កាត់ Brooklyn ឆ្នាំ ១៩៣៣ និងបានធំដឹងក្ដីឡើងក្នុងតំបន់ Flatbush នៃសង្កាត់នេះ។ អ្នកស្រីទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្រោយពីបង្កើតគម្រោងទាមទារសិទ្ធិស្ត្រីនៃសហជីពសេរីភាពពលរដ្ឋអាមេរិកាំង (American Civil Liberties Union)។
លោក Cuomo បានថ្លែងថា អ្នកស្រី Ginsburg «បានស្វែងរកការពិត និងភាពយុត្តិធម៌ដោយមិនគិតពីខ្លួនឯង នៅក្នុងពិភពលោកមួយដែលមានការបែកបាក់ ផ្ដល់សំឡេងឲ្យដល់អ្នកដែលទន់ខ្សោយ និងជួយលើកតម្កើងអ្នកដែលរងការស្អប់ខ្ពើមនិងភាពខុសគ្នា»។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Bill Clinton បានថ្លែងនៅពេលដែលលោកតែងតាំងអ្នកស្រីជាចៅក្រមតុលាការកំពូលយ៉ាងដូច្នេះថា៖ «អ្នកស្រី Ruth Bader Ginsburg មិនត្រូវការអាសនៈនៅតុលាការកំពូលដើម្បីបានចំណារឈ្មោះនៅក្នុងសៀវភៅប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកនោះទេ។ អ្នកស្រីបានធ្វើវារួចទៅហើយ»៕