តុលាការនៃរបបសឹកយោធាមីយ៉ាន់ម៉ា គ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃសុក្រនេះទៅលើបទចោទប្រកាន់ចុងក្រោយដែលនៅសល់ចំនួន ៥ នៅក្នុងដំណើរការសវនាការក្តីអស់រយៈពេល ១៨ ខែកន្លងទៅ ប្រឆាំងនឹងមេដឹកនាំស៊ីវិលដែលកំពុងជាប់ពន្ធនាគារគឺ អ្នកស្រី Aung San Suu Kyi ។ នេះបើតាមប្រភពអ្នកច្បាប់មួយដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកស្រី Suu Kyi បានជាប់ពន្ធនាគារចាប់តាំងពីក្រុមយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់អ្នកស្រី កាលពីខែកុម្ភៈឆ្នាំ ២០២១ ដែលជាការបញ្ចប់នូវលិទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់ប្រទេសនេះ។
ជ័យលាភីរង្វាន់ណូបែលវ័យ ៧៧ ឆ្នាំរូបនេះ ត្រូវបានត្រូវបានតុលាការនៃរបបសឹកយោធាមីយ៉ាន់ម៉ា រកឃើញថាមានកំហុសលើបទចោទប្រកាន់ចំនួន ១៤ ករណី រាប់តាំងពីអំពើពុករលួយរហូតដល់ការនាំចូលវិទ្យុ ទាក់ទងអៃកូមខុសច្បាប់ និងការរំលោភបំពានច្បាប់សម្ងាត់ផ្លូវការរបស់ប្រទេស។ អ្នកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២៦ ឆ្នាំជុំវិញបទចោទប្រកាន់ទាំងអស់នោះ។
ភាគីដើមបណ្តឹងនិងចុងចោទ បានធ្វើសេចក្តីសន្និដ្ឋានចុងក្រោយនៅតុលាការនៅថ្ងៃចន្ទម្សិលមិញ។ នេះបើតាមប្រភពមួយ ដែលបានដឹងពីករណីនេះ ហើយដែលបានស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារខ្លួនមិនមានសិទ្ធិនិយាយជាមួយអ្នកសារព័ត៌មាននោះ។
ប្រភពនេះបន្ថែមទៀតថា៖ «នឹងមានសាលក្រមមួយចេញនៅថ្ងៃសុក្រទី៣០ ខែធ្នូនេះ»។
អ្នកស្រី Suu Kyi ហាក់នៅមានសុខភាពល្អប្រសើរនៅឡើយ។
ក្រុមការពារសិទ្ធិមនុស្ស បានថ្កោលទោសសវនាការកាត់ក្តីអ្នកស្រីថា ជាឆាកល្ខោន ហើយកាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកស្រី Suu Kyi នៅក្នុងសេចក្តីសម្រេចចិត្តលើកដំបូងរបស់ខ្លួន ស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីធ្វើរដ្ឋប្រហារដោយក្រុមយោធានេះមក។
សេចក្តីសម្រេចនេះ បានបង្ហាញពីការឯកភាពគ្នាភាគច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីសមាជិកអចិន្ត្រៃយ៏២របស់ក្រុមប្រឹក្សានេះ គឺប្រទេសចិននិងរុស្ស៊ី ដែលស្និទ្ធនឹងរបបយោធានោះ បានបោះឆ្នោតអនុប្បវាទ ដោយមិនធ្វើការប្រឆាំង បន្ទាប់ពីមានការសម្រួលពាក្យពេចន៍មួយចំនួននៅក្នុងសេចក្តីសម្រេចនោះមក។
បទចោទប្រកាន់ពុករលួយនៅសល់ ៥ ទៀត ដែលអ្នកស្រី Suu Kyi កំពុងប្រឈមនោះ ពាក់ព័ន្ធនឹងការជួលឧទ្ធម្ភាគចក្រឱ្យរដ្ឋមន្ត្រីមួយរូបរបស់រដ្ឋាភិបាលអ្នកស្រី ដែលជាបណ្តឹងមួយដែលចោទអ្នកស្រីថា មិនបានអនុវត្តទៅលើគោលការណ៍ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលរដ្ឋ។
បទចោទប្រកាន់និមួយៗដែលនៅសល់នេះ អាចធ្វើឱ្យអ្នកស្រីជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។ ក្នុងសំណុំរឿងក្តីនៃអំពើពុករលួយក្នុងពេលកន្លងទៅ តុលាការនៃរបបយោធាសឹកមីយ៉ាន់ម៉ា បានកាត់ទោសអ្នកស្រីឱ្យជាប់ពន្ធនាគារជាទូទៅ ៣ ឆ្នាំ សម្រាប់បទចោទនិមួយៗ។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ ហើយក្រុមឧទ្ទាមជនជាតិភាគតិចមួយចំនួន បានបន្តការប្រយុទ្ធរបស់ពួកគេឡើងវិញ ជាមួយក្រុមយោធារដ្ឋាភិបាល នៅតាមតំបន់ព្រំដែន ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងមានសភាពធ្លាក់ចុះជាខ្លាំង៕