សវនាការរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្រោមបទចោទប្រកាន់ថាបានរៀបចំផែនការសម្ងាត់ដើម្បីប្រែក្រឡាស់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នឹងធ្វើឡើងនៅខែមីនាឆ្នាំក្រោយ។ នេះបើតាមការសម្រេចរបស់ចៅក្រមសហព័ន្ធកាលពីថ្ងៃចន្ទ។
ចៅក្រមតុលាការថ្នាក់សហព័ន្ធអ្នកស្រី Tanya Chulkan ដែលទទួលខុសត្រូវលើសំណុំរឿងនេះ បានកំណត់យកថ្ងៃទី ៤ ខែមីនាឆ្នាំក្រោយ ជាថ្ងៃសវនាការសម្រាប់លោក Trump គឺមួយថ្ងៃមុនពេលការបោះឆ្នោតបឋមតាមរដ្ឋជាច្រើនក្នុងថ្ងៃតែមួយចូលមកដល់ ដែលគេហៅថា «Super Tuesday» ដែលនៅពេលនោះ អ្នកបោះឆ្នោតនៅក្នុងរដ្ឋចំនួន ១៥ ចេញទៅបោះឆ្នោតដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីរបស់គណបក្សខ្លួនសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។
នៅពេលបច្ចុប្បន្ននេះ លោក Trump គឺជាបេក្ខជនដែលហាក់មានអ្នកគាំទ្រច្រើនជាងគេនៅក្នុងការឈ្នះបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
ដំបូង រដ្ឋអាជ្ញាចង់ចាប់ផ្ដើមសវនាការនេះនៅថ្ងៃទី ២ ខែមករាឆ្នាំក្រោយ ចំណែកឯមេធាវីការពារក្ដីលោក Trump វិញចង់ពន្យារសវនាការនេះរហូតដល់ខែមេសា ឆ្នាំ ២០២៦ គឺក្នុងរយៈពេលជាង ២ ឆ្នាំក្រោយការបោះឆ្នោត។
អ្នកស្រី Chutkan បានច្រានចោលកាលបរិច្ឆេទស្នើឡើងទាំងពីរថា «មិនសមហេតុផល»។ ប៉ុន្តែ កាលបរិច្ឆេទនៃសវនាការដែលអ្នកស្រីកំណត់ឡើងនេះអាចធ្វើឱ្យស្មុគស្មាញដល់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោក Trump និងការតតាំងផ្លូវច្បាប់របស់លោកលើរឿងក្ដីជាច្រើន។
កាលបរិច្ឆេទកំណត់នៃសវនាការនេះមិនត្រឹមតែជាន់គ្នាជាមួយនឹងការចាប់ផ្ដើមនៃរដូវបោះឆ្នោតបឋមនៃការបោះឆ្នោតប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែវានឹងទំនងជាជាន់គ្នាជាមួយនឹងនីតិវិធីតុលាការផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងលោក Trump និងសហការីរបស់លោកថែមទៀតផង។
នៅក្នុងរដ្ឋ Georgia ដែលនៅទីនោះលោក Trump និងមនុស្ស ១៨ នាក់ផ្សេងទៀតទើបត្រូវបានចោទប្រកាន់កាលពីពេលថ្មីៗនេះពីបទមានផែនការឃុបឃិតសម្ងាត់ដើម្បីប្រែក្រឡាស់លទ្ធផលបោះឆ្នោតនៅ ក្នុងរដ្ឋនោះ រដ្ឋអាជ្ញាបានស្នើយកថ្ងៃទី ៤ ខែមីនាឆ្នាំក្រោយជាថ្ងៃសវនាការ។ ចៅក្រមមិនទាន់បានកំណត់អំពីកាលបរិច្ឆេទនៃសវនាការនេះនៅឡើយទេ។
នៅថ្ងៃទី ២៥ ខែមីនាឆ្នាំក្រោយ លោក Trump គ្រោងនឹងឡើងសវនាការនៅក្នុងរដ្ឋ New York អំពីករណីពាក់ព័ន្ធនឹងការបង់លុយបំបិទមាត់ឱ្យតារាភាពយន្តអាសអាភាសមួយរូបនៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦។
ហើយនៅថ្ងៃទី ២០ ខែឧសភាឆ្នាំក្រោយ លោក Trump នឹងប្រឈមនឹងគណៈវិនិច្ឆ័យតុលាការនៅក្នុងរដ្ឋ Florida ដែលនៅទីនោះលោកត្រូវបានចោទប្រកាន់កាលពីខែមិថុនាកន្លងទៅនេះថាបានរក្សាទុកឯកសារសម្ងាត់ដោយខុសច្បាប់បន្ទាប់ពីលោកបានបញ្ចប់អាណត្តិជាប្រធានាធិបតី និងបានលាក់ឯកសារទាំងនោះមិនឱ្យអ្នកស៊ើបអង្កេតឃើញ។
ដើម្បីឱ្យសវនាការរបស់លោក Trump អំពីការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតថ្នាក់ជាតិបន្តទៅមុខបាន កាលបរិច្ឆេទនៃសវនាការថ្នាក់រដ្ឋរបស់លោកនៅក្នុងរដ្ឋ New York និងរដ្ឋ Georgia ចាំបាច់នឹងត្រូវផ្លាស់ប្ដូរ។ នេះបើយោងតាមអ្នកជំនាញផ្នែកច្បាប់៕