ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក អតីតប្រធានាធិបតីសហរដ្ឋអាមេរិកម្នាក់ត្រូវបានចាប់ខ្លួន ហើយត្រូវធ្វើតាមបែបបទដែលជាធម្មតាទាក់ទិនជាមួយអ្នកជួញដូរគ្រឿងញៀន ឬអ្នកបើកឡានស្រវឹងស្រា នៅក្នុងគុកក្រុង Atlanta កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា។ ក្នុងពេលតែមួយពព្រិចភ្នែក ម៉ាស៊ីនថតរូបក្នុងគុកបានផ្តិតរូបថតរបស់លោក Donald Trump។
អ្វីដែលនៅសេសសល់ គឺរូបថតមួយសន្លឹកដែលនៅឋិតថេរជានិច្ចនៅក្នុងសៀវភៅប្រវត្តិសាស្ត្រ។
លោក Marty Kaplan សាស្ត្រាចារ្យនៅមហាវិទ្យាល័យសារគមនាគមន៍ Annenberg នៃសាកលវិទ្យាល័យ Southern California បាននិយាយថា «រូបថតនេះនឹងក្លាយជារូបថតសំខាន់មួយនៅពេលនេះ និងពេលអនាគត»។
នៅក្នុងរូបថតនេះ លោក Trump ស្ថិតនៅមុខកាម៉េរ៉ានៅខាងក្រោយពណ៌ប្រផេះ ដោយភ្នែកលោកសំឡឹងចំកែវប្រដាប់ថតដោយទឹកមុខមាំ។
លោកពាក់អាវធំពណ៌ខៀវ អាវពណ៌ស និងចងក្រាវ៉ាត់កពណ៌ក្រហម។ ស្មាលោកគ្មានងាករេ ហើយក្បាលលោកជម្រុលបន្តិចទៅកាន់កាម៉េរ៉ា។ រូបសញ្ញាប៉ូលិសតំបន់ត្រូវបានដាក់បញ្ចូលតាមវិធី digital នៅលើស្មាស្តាំរបស់លោក។
អ្នកខ្លះក្នុងបណ្តាមនុស្ស១៨នាក់ទៀតដែលត្រូវបានចោទប្រកាន់ជាមួយលោក Trump នៅក្នុងរដ្ឋ Georgia បានញញឹមនៅពេលថតរូបសម្រាប់ឯកសារប៉ូលិសដូចជាពួកគេថតរូបសម្រាប់ផ្សាយក្នុងសៀវភៅរូបថតសិស្សវិទ្យាល័យប្រចាំឆ្នាំ។ លោក Trump មិនបានញញឹមទេនៅពេលថតរូបនេះ។ គេឃើញការរឹងទទឹងរបស់លោក Trump ដោយជាក់ស្តែង ដូចជាលោកសំឡឹងមើលសត្រូវម្នាក់តាមរយៈកែវប្រដាប់ថតនេះ។
នៅពេលក្រោយមក លោកបាននិយាយប្រាប់ Fox News Digital អំពីពេលនោះថា «វាជាពេលមួយមានអារម្មណ៍មិនល្អទេ ជាពិសេសនៅពេលអ្នកមិនបានធ្វើអ្វីខុស»។
រូបថតនេះមិនដូចរូបថតឯទៀតទេ
រហូតមកដល់ពេលនេះ ការចោទប្រកាន់ដែលលោក Trump ប្រឈមជាការឃើញធម្មតាមួយក្នុងឆ្នាំ២០២៣ សម្រាប់ជនជាតិអាមេរិកាំងដែលបានឃើញលោកឈរនៅចំពោះមុខចៅក្រមម្នាក់ក្នុងសាលតុលាការមួយនៅ New York ឬដែលបានឃើញរួបគំនូរពីខាងក្នុងតុលាការសហព័ន្ធនៅទីក្រុង Miami និងរដ្ឋធានី Washington ដែលនៅទីនោះកាម៉េរ៉ាមិនត្រូវបានអនុញ្ញាតឱ្យចូលថតទេ។
លើកនេះជាការខុសប្លែកមួយ
លោក Anderson Cooper បាននិយាយតាមបណ្តាញទូរទស្សន៍ CNN ថា «អតីតប្រធានាធិបតីស.រ.អ.រូបនេះមានលេខអ្នកទោសមួយ»។ លេខនេះគឺ P01135809។ តែមុនពេលលោកប្រគល់ខ្លួនដើម្បីប្រឈមនឹងការចោទប្រកាន់ថា ព្យាយាមបន្លំការបោះឆ្នោតកាលពីឆ្នាំ២០២០ នៅរដ្ឋ Georgia ដែលជាការចោទប្រកាន់លោកជាលើកទីបួន លោកបានជៀសវាងការថតរូបសម្រាប់ឯកសារប៉ូលិសដូចជាមនុស្សរាប់លាននាក់ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋមុនលោក។
ដូចជនជាតិអាមេរិកាំងទាំងអស់ដែរ លោក Trump គ្មានទោសពៃរ៍ទេ រហូតដល់ត្រូវរកឃើញថាមានទោសនៅក្នុងតុលាការ។ ប៉ុន្តែការថតរូបសម្រាប់ឯកសារប៉ូលិសនាំឱ្យមានអារម្មណ៏ក្តុកក្តួលផ្នែកផ្លូវចិត្តនិងផ្នែកវប្បធម៌បន្ថែម។
ការថតរូបសម្រាប់ឯកសារប៉ូលិសជាភាពតំណាងដោយស្វ័យប្រវត្តិមួយនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ គឺជានិមិត្តរូបមួយនៃការបាត់បង់សេរីភាព។ វានាំឱ្យមានការនឹកឃើញជាអចិន្ត្រៃយ៍ថា ជាថ្ងៃអាក្រក់មួយក្នុងជិវិតមនុស្សម្នាក់ ហើយមិនមែនជារូបថតសម្រាប់យកមកទុកក្នុងសៀវភៅទេ។ វាជាការប្លែកមួយ ជាពិសេសសម្រាប់បុរសម្នាក់ដែលកើតក្នុងគ្រួសារមានបុព្វសិទ្ធិ ដែលចូលចិត្តត្រួតត្រា ដែលយកចិត្តទុកដាក់ខ្លាំងលើមុខមាត់ខ្លួនឯង ហើយដែលបានកាន់តំណែងជាឥស្សរជនមានអំណាចបំផុតក្នុងពិភពលោក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ