ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ចិន​រាយការណ៍​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ បែប​ណា បាន​ជា​អាច​រក្សា​ចំនួន​ស្លាប់​ឱ្យ​នៅ​ទាប?


រូបឯកសារ៖ បុគ្គលិកមន្ទីរពេទ្យដើរអមអ្នកជំងឺនិងសមាជិកគ្រួសាររបស់អ្នកជំងឺ នៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២។
រូបឯកសារ៖ បុគ្គលិកមន្ទីរពេទ្យដើរអមអ្នកជំងឺនិងសមាជិកគ្រួសាររបស់អ្នកជំងឺ នៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២។

ខណៈ​ដែល​បណ្ដាញ​សង្គម​អនឡាញ​នៅ​ក្នុង​ប្រទេស​ចិន​ចែក​ផ្សាយ​រូបភាព​និង​វីដេអូ​អំពី​គ្លីនីក​ព្យាបាល​ជំងឺ​គ្រុន​ក្ដៅ​ដែល​មាន​អ្នក​ជំងឺ​ច្រើន​កកកុញ​និង​មនុស្ស​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​នានា គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន (NHC) បាន​រាយការណ៍​ថា​មិន​មាន​ករណី​ស្លាប់​ថ្មី​ណា​មួយ​ ដោយសារ​ជំងឺ​កូវីដ១៩ ទេ​កាលពី​ថ្ងៃ​ទី ២១ ខែ​ធ្នូ​កន្លង​ទៅ​នេះ ហើយ​ករណី​ឆ្លង​ថ្មី​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៣.១០១ ករណី។

កាលពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​នេះ​បាន​រាយការណ៍​ថា​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ចំនួន ៧ នាក់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដំបូង​នៃ​ការ​កត់ត្រា​ករណី​ស្លាប់​ថ្មី​ដោយសារ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​មាន​ប្រជាជន​សរុប​ចំនួន ១.៤០០ លាន​នាក់។

មនុស្ស​ម្នាក់​ដែល​ធ្វើការ​នៅ​ឈាបនដ្ឋាន​មួយ​កន្លែង​ក្នុង​ទីក្រុង​ប៉េកាំង​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ VOA ផ្នែក​ភាសា​ចិន​កុកងឺ​កាលពី​ថ្ងៃ​ទី ២១ ខែ​ធ្នូ​ថា បញ្ជី​ឈ្មោះ​សាកសព​ដែល​រង់ចាំ​បូជា​គឺ​មាន​រហូត​ដល់​ខែ​មករា​ឯណោះ។

ភាព​មិន​ស៊ី​មេទ្រី​គ្នា​នៃ​ការ​លើកឡើង​ទាំង​នេះ​និង​ចំនួន​ផ្លូវការ​ដ៏​ទាប​ខ្លាំង​បំផុត​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​សង្ស័យ។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ​ដោយ​យន្តការ​បង្ការ​និង​គ្រប់គ្រង​រួម​របស់​ក្រុមប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​ចិន លោក Wang Guiqiang ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​នៃ​មន្ទីរពេទ្យ Peking University First Hospital បាន​បំភ្លឺ​អំពី​លក្ខណៈ​វិនិច្ឆ័យ​ដែល​ប្រទេស​ចិន​ប្រើ​សម្រាប់​ការ​កត់ត្រា​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។

លោក​និយាយ​ដូច្នេះ​ថា៖ «ការ​ស្លាប់​ដោយសារ​ការ​រលាក​សួត​និង​បញ្ហា​ផ្លូវ​ដង្ហើម​ដែល​បណ្ដាល​មកពី​វីរុស​ជំងឺ​កូវីដ១៩ គឺ​ចាត់ទុក​ថា​ជា​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ ចំណែក​ឯ​ការ​ស្លាប់​បណ្ដាល​មកពី​ជំងឺ​ផ្សេងៗ​ទៀត​និង​ជំងឺ​ទូទៅ​នានា​ដូចជា​ជំងឺ​គាំង​បេះដូង​និង​ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល​ជាដើម​មិន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នោះទេ»។

លោក​បាន​បន្ថែម​ថា៖ «បើ​តាម​ការ​អនុវត្ត​បែប​វិជ្ជា​ពេទ្យ​កន្លង​មក ហើយ​បើ​ផ្អែក​តាម​ការ​សិក្សា​ស្រាវជ្រាវ​នា​ពេល​បច្ចុប្បន្ន មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​បន្ទាប់​ពី​ឆ្លង​វីរុស​ជំងឺ​កូវីដ១៩ ប្រភេទ​អូមីក្រុង (Omicron) មក​គឺ​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ​ដែល​អ្នក​ជំងឺ​មាន​ប្រចាំ​កាយ»។

នៅ​ក្នុង​អត្ថបទ​មួយ​ផែល​ផ្សព្វផ្សាយ​នៅ​លើ​សារព័ត៌មាន The Guardian អ្នកស្រី Devi Shridhar ប្រធាន​ផ្នែក​សុខភាព​សាធារណៈ​សាកល​នៃ​សាកលវិទ្យាល័យ Edinburgh បាន​បញ្ជាក់​ថា៖ «អ្នក​ជំនាញ​ដែល​តាមដាន​ស្ថានការណ៍​នេះ​បាន​ប៉ាន់​ប្រមាណ​ថា ប្រជាពលរដ្ឋ​ចិន​ចំនួន ៦០% ដែល​មាន​ចំនួន​ស្មើ​នឹង ១០% នៃ​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក​នឹង​ឆ្លង​វីរុស​ជំងឺ​កូវីដ១៩ នៅ​ក្នុង​រយៈពេល ៩០ ថ្ងៃ​ខាង​មុខ»។

លោក Twu Shiing-jer ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​តៃវ៉ាន់​និង​ជា​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជីវ​បច្ចេកវិទ្យា (Development Center for Biotechnology) នៅ​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ា់ន់ បាន​និយាយ​ថា ប្រសិនបើ​ស្ដង់ដារ​របស់​ប្រទេស​ចិន​គឺ​មិន​រាប់​បញ្ចូល​នូវ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ នោះ​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ គឺ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ទាប​ជាង​ជាក់ស្ដែង​យ៉ាង​តិច ៧៥% បើ​ប្រៀប​ជាមួយ​នឹង​ស្ដង់ដារ​អន្តរជាតិ។

លោក Twu បាន​និយាយ​ថា៖ «ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ភាគ​ច្រើន​គឺ​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ។ បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ ២០២០ ជា​ទូទៅ​មាន​តែ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ចំនួន​ប្រហែល ០,៧% ប៉ុណ្ណោះ​ដែល​កើតឡើង​ដោយសារ​ជំងឺ​កូវីដ១៩ សុទ្ធសាធ​មិន​មែន​ដោយសារ​មូលហេតុ​ផ្សេង​ទៀត»។

លោក Chiang Kuan-yu ដែល​ជា​វេជ្ជបណ្ឌិត​ជនជាតិ​តៃវ៉ាន់ ជឿ​ថា ស្ដង់ដារ​របស់​ប្រទេស​ចិន​គឺ​សម​ហេតុ​ផល និង​ថា​គោល​បំណង​នៃ​ស្ដង់ដារ​ទាំង​នេះ​គឺ​ដើម្បី​ធ្វើ​ឱ្យ​មើល​ឃើញ​ថា​រដ្ឋាភិបាល «ល្អ»។

លោក​បាន​និយាយ​ថា៖ «នៅ​តៃវ៉ាន់ ប្រសិនបើ​អ្នក​ឆ្លង​វីរុស​ជំងឺ​កូវីដ១៩ ក្នុង​អំឡុង​ពេល ៦០ ថ្ងៃ​មុន​ពេល​ស្លាប់ គេ​នឹង​ចាត់ទុក​ករណី​នេះ​ថា​ជា​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ ជា​ឧទាហរណ៍ [ការ​ស្លាប់] ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ប្រាកដ​ជា​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ទេ។ ប្រសិនបើ​វា​ពាក់ព័ន្ធ​នឹង​អាការៈ​បន្ទាន់​នៃ​ជំងឺ​កូវីដ១៩ ឬ​ក៏​អាការៈ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ពី​មុន​ក្នុង​អំឡុង​ពេល ៦០ ថ្ងៃ​មុន​ការ​ស្លាប់ គេ​នឹង​ចាត់ទុក​វា​ថា​ជា​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩»។

លោក Twu បាន​បញ្ជាក់​ថា នៅ​តៃវ៉ាន់ គិត​ត្រឹម​ចុង​ខែ​ឧសភា ឆ្នាំ ២០២២ ករណី​ស្លាប់​រហូត​ដល់ ៧៤% ដោយសារ​ជំងឺ​កូវីដ១៩ គឺ​កើតឡើង​លើ​អ្នក​ជំងឺ​ដែល​មាន​ប្រវត្តិ​ជំងឺ​រ៉ាំរ៉ៃ។

ដោយ​រៀបរាប់​ឡើង​វិញ​អំពី​បញ្ហា​នៃ​ប្រព័ន្ធ​សុខាភិបាល​នៃ​ប្រទេស​ចិន អ្នកស្រី Shridhar បាន​និយាយ​ថា៖ «ប្រសិនបើ​ប្រព័ន្ធ​សុខាភិបាល​ដួល​រលំ អ្នក​ជំងឺ​នឹង​ស្លាប់​ដោយសារ​គ្រប់​បុព្វហេតុ​ទាំង​អស់​ដែល​តម្រូវ​ឱ្យ​មាន​ការ​ព្យាបាល​មិន​ថា​ដោយសារ​ជំងឺ​គាំង​បេះដូង​ឬ​ក៏​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ។ ចំណុច​នេះ​គឺ​តែងតែ​ជា​បញ្ហា​ប្រឈម​ចម្បង​នៃ​ជំងឺ​កូវីដ១៩ ដោយសារតែ​អត្រា​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន​ខ្ពស់»។

បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រទេស​ជា​ច្រើន​បាន​ប្រើ​ស្ថិតិ​នៃ​ការ​ស្លាប់​ច្រើន​ជា​ការ​វាស់វែង​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ នេះ​គឺ​ជា​ភាព​ខុស​គ្នា​នៅ​ក្នុង​ចំនួន​សរុប​នៃ​ការ​ស្លាប់​នៅ​ក្នុង​ស្ថានការណ៍​ដែល​មាន​វិបត្តិ​បើ​ប្រៀប​ជាមួយ​នឹង​ចំនួន​សរុប​នៃ​ការ​ស្លាប់​ដែល​គេ​រំពឹង​ទុក​នៅ​ក្រោម​ស្ថានការណ៍​ធម្មតា។

ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ថា កាលពី​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ទ្វីប​អាមេរិក​មាន​ចំនួន ៥៦៥ ករណី នៅ​ទ្វីប​អឺរ៉ុប​មាន​ចំនួន ៥៣៩ ករណី និង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ចំនួន ១៤១ ករណី។

ឧទាហរណ៍​មួយ​ទៀត​អំពី​ថា​តើ​ចំនួន​សរុប​ខុស​គ្នា​នេះ​កើតឡើង​ដោយសារតែ​វិធីសាស្ត្រ​នៃ​ការ​វាស់វែង​នេះ​តាម​របៀប​ណា គឺ​បង្ហាញ​ឡើង​ដោយ​វិទ្យាស្ថាន​វាស់វែង​និង​វាយ​តម្លៃ​សុខាភិបាល (IHME) ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សុខភាព​សាកល​ឯករាជ្យ​នៅ​សាកលវិទ្យាល័យ Washington។

នៅ​ក្នុង​ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១៦ ខែ​ធ្នូ អ្នក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន IHME ដែល​បាន​ប្រើ​ទិន្នន័យ​ផ្លូវការ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ កន្លង​មក បាន​ព្យាករណ៍​ថា ការ​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​លើ​ពិភពលោក​នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០២៣ ខាង​មុខ​នឹង​មាន​ចំនួន ៧.៧២៧.៩០៥ នាក់។

ប៉ុន្តែ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន IHME នេះ​បាន​ព្យាករណ៍​ទៀត​ថា ការ​ស្លាប់​សរុប​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​លើ​ពិភពលោក​ទាំង​រាយការណ៍​ផ្លូវការ​និង​មិន​បាន​រាយការណ៍​ផ្លូវការ​នឹង​មាន​ចំនួន ១៨.៥៧២.៤៩២ នាក់​នៅ​ត្រឹម​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០២៣ ខាង​មុខ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG