ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រញាប់ប្រញាល់​ពង្រឹង​​ប្រព័ន្ធ​សុខភាព​ ខណៈ​ការ​​ឆ្លងរាលដាល​​នៃ​ជំងឺ​កូវីដ១៩​កំពុង​ហក់​ឡើង​ខ្លាំង


រូបឯកសារ៖ ប្រជាជន​ចិន​ឈរ​តម្រង់ជួរ​រង់ចាំ​ចូល​គ្លីនិក​ពិនិត្យ​ជំងឺ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២។
រូបឯកសារ៖ ប្រជាជន​ចិន​ឈរ​តម្រង់ជួរ​រង់ចាំ​ចូល​គ្លីនិក​ពិនិត្យ​ជំងឺ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២។

ទីក្រុងនានា​នៅ​ក្នុង​ប្រទេស​ចិន​ កំពុង​មមាញឹក​ក្នុង​ការ​តំឡើង​គ្រែ​បន្ថែម​ទៀត​នៅ​តាមមន្ទីរពេទ្យនានា​ និង​បង្កើតមណ្ឌល​គ្លីនិក​ពិនិត្យ​ជំងឺ​គ្រុនក្តៅ​ជាច្រើន​ នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ពេល​ដែល​អាជ្ញាធរ​បាន​រាយការណ៍​ពីមនុស្ស៥​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ ហើយ​ការ​ព្រួយ​បារម្ភ​ជា​អន្តរជាតិ​កំពុងកើន​ឡើងទៅ​លើ​ការ​សម្រេច​ចិត្ត​ដ៏​ភ្ញាក់​ផ្អើល​របស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ​ក្នុង​ការបើក​ទូលាយមិន​រឹត​បន្តឹងដូច​មុន​ ទៅ​លើ​បញ្ហា​ជំងឺ​កូវីដ​១៩​នេះ។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។​ ​

ប្រទេស​ចិន​នៅ​ខែ​នេះ​ បានចាប់ផ្តើមបន្ធូរបន្ថយជា​ខ្លាំងនូវ​គោលការណ៍គ្មាន​ជំងឺកូវីដ​១៩ ឬ​ហៅ​«សូន្យ​កូវីដ»​ (zero-Covid) របស់​ខ្លួន ដែល​ធ្លាប់​តែ​មានការ​តឹង​តែង ដោយ​មាន​ការ​បិទ​ខ្ទប់​និង​ការធ្វើ​តេស្ត​នោះ ក្រោយ​ពី​មាន​ការ​ប្រឆាំង​តវ៉ា​របស់ពលរដ្ឋ​ចិន។ វិធានការ​តឹងតែង​ប្រឆាំងជំងឺ​កូវីដ១៩នេះ​ បាន​រក្សាកា​ររាតត្បាត​មិន​ឱ្យ​កើនខ្លាំង​ក្នុង​រយៈពេល​៣​ឆ្នាំ​មក​នេះ ប៉ុន្តែ​ការ​ធ្វើ​ដូច​នេះ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​ខ្លាំង​ទៅ​លើសង្គម​និង​សេដ្ឋកិច្ច​របស់​ខ្លួន​ ដែល​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំបំផុត​ទី​២​របស់​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​នោះ។ ​

ពេល​នេះ​ជំងឺកូវីដ​១៩​ កំពុង​រាតត្បាត​នៅ​ទូទាំង​ប្រទេស​ចិន ដែល​មាន​ពលរដ្ឋ​សរុបទាំង​អស់​ប្រមាណ​១.៤០០​លាន​នាក់​ ហើយដែល​ខ្វះភាព​ស៊ាំ​ការពារពី​ជំងឺ​អស់​រយៈពេល​ជា​យូរ​មក​ហើយនោះ​ បាន​បណ្តាល​ឱ្យ​មាន​ការ​បារម្ភ​ខ្លាំងទៅ​លើ​ការ​ស្លាប់​ជា​ច្រើន​ដែល​អាច​កើត​មាន​ឡើង​ពី​ជំងឺ​នេះ​ ដោយ​សារ​តែការ​បំផ្លែង​ខ្លួន​របស់​វីរុស​កូវីដ១៩ និង​ផល​ប៉ះពាល់ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​ផង​ដែរ។​ ​

ក្រុង​ប៉េកាំង​បាន​រាយការណ៍​ពី​ចំនួន​មនុស្ស​ស្លាប់​ពី​កូវីដ​ចំនួន៥​នាក់​នៅ​ថ្ងៃ​អង្គារ​នេះ ​បន្ទាប់​ពី​២​នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ម្សិលមិញ ដែលជា​ការ​ស្លាប់ដំបូងៗ​បំផុត​ដែល​ត្រូវ​បាន​រាយការណ៍នៅក្នុង​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍កន្លង​ទៅ​ថ្មីៗ​នេះ។​ ​ប្រទេស​ចិនមានអ្នក​ស្លាប់​សរុបពី​ជំងឺ​កូវីដ១៩​ ដែល​ខ្លួន​បាន​រាយការណ៍​ មាន​ចំនួន​៥.២៤២នាក់​ ចាប់​តាំងពី​ជំងឺរាតត្បាត​នេះ​ បាន​កើត​មានឡើង​ជា​ដំបូង​ចេញ​ពី​ទីក្រុង Wuhan កាល​ពី​ចុង​ឆ្នាំ​២០១៩។​ ចំនួន​អ្នក​ស្លាប់​សរុប​នេះ​ ​គឺ​មាន​លក្ខណៈ​ទាប​ខ្លាំង បើ​យោង​ទៅ​លើ​បទដ្ឋានជា​សាកល​នោះ។ ​

ប៉ុន្តែ​គេកំពុង​តែ​មាន​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​ឡើង​ថា​តើតួលេខនេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិតនៃ​ជំងឺ​នេះ​ឬ​ទេ​ ដែល​កំពុង​រាតត្បាត​ពាសពេញ​ទីក្រុងនានា​របស់​ប្រទេស​ចិន​នោះ​ បន្ទាប់​ពី​ប្រទេស​នេះ បាន​លុបចោល​នូវ​ការ​រឹតបន្តឹង ដែល​រួម​មាន​ការតម្រូវ​ឱ្យ​តេស្ត​ជា​ដើម​នោះ​ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​កន្លង​មក។​ ​

​ក្រុម​អ្នក​ជំនាញ​សុខភាព​ជា​ច្រើន​ប៉ាន់ប្រមាណ​ថា​ ពលរដ្ឋ​ចិន​ប្រមាណ​ជា​៦០ភាគរយ​ ឬ​ស្មើ​នឹង​១០​ភាគរយ​នៃ​ចំនួនប្រជាជន​នៅ​ទូទាំង​ពិភពលោក អាច​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ហើយប្រជាជន​ចិន​ប្រមាណ​២លាន​នាក់​អាច​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។ ​ ​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Ned Price និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​ លទ្ធភាព​នៃ​ការបំផ្លែង​ខ្លួន​នៃ​វីរុស​ជំងឺ​កូវីដ នៅ​ពេល​វាឆ្លងរាតត្បាតនៅទូទាំង​ប្រទេស​ចិន​នោះ ​អាច​ជា​ការ​គំរាមកំហែង​មួយសម្រាប់​ប្រជាជន​ នៅ​គ្រប់ទីកន្លែង​ទាំង​អស់។​

ដោយ​ឡែក​លោក Xu Wenbo ដែល​ជា​មន្ត្រី​ចិននៃទី​ភ្នាក់ងារគ្រប់គ្រងនិង​ការពារ​ជំងឺ​របស់​ប្រទេសចិន​ បាន​ប្រាប់ក្រុមអ្នកសារព័ត៌មាន​ថា​ វីរុស​នៃ​ជំងឺកូវីដ១៩​អាច​មាន​ការ​បំប្លែង​ខ្លួន​ថ្មី​ ប៉ុន្តែ​មន្ត្រី​ចិន​រូប​នេះ​បាន​បន្ធូរបន្ថយ​ការ​ព្រួយ​បារម្ភ​ដែល​មាន​នោះ៕​

XS
SM
MD
LG