ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្រ្តាលី អង្គការ​យូណេស្កូ និង​អ្នក​ពាក់ព័ន្ធ​សុំឱ្យ​ការពារ​សុវត្ថិភាព​អ្នក​កាសែត​និង​សេរីភាព​សារព័ត៌មាន


ទិដ្ឋភាពទូទៅនៃ​សន្និសីទថ្នាក់ជាតិស្ដីពី ទំនុកចិត្តលើសារព័ត៌មានកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ (លាស់ លីបលីប)
ទិដ្ឋភាពទូទៅនៃ​សន្និសីទថ្នាក់ជាតិស្ដីពី ទំនុកចិត្តលើសារព័ត៌មានកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ (លាស់ លីបលីប)

អូស្រ្តាលី ​អង្គការ​យូណេស្កូ ​និង​អ្នក​ធ្វើ​ការ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​អំពាវ​នាវ​ឱ្យ​ការពារ​សុវត្ថិ​ភាព និង​សេរីភាព​សារ​ព័ត៌មាន​ ខណៈ​អ្នក​សារ​ព័ត៌មាន​នៅ​តែ​ប្រឈម​ឧបសគ្គ​ក្នុង​ការ​រាយ​ការណ៍​ព័ត៌​មាន​រសើប​ដែល​កើត​ឡើង​ក្នុង​សង្គម។​

នេះ​ជា​ការ​លើក​ឡើង​តាម​រយៈ​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​ ទំនុក​ចិត្ត​លើ​សារ​ព័ត៌មាន​កម្ពុជា៖ សារ​ព័ត៌មាន​ប្រកប​ដោយ​ក្រម​សីល​ធម៌​សម្រាប់​ប្រយោជន៍​សាធារណៈ។ ​

សន្និសីទ​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​សារ​ព័ត៌មាន​ខេមបូចា ​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ទី ៣១​ ខែ​តុលា​ ឆ្នាំ​ ២០២៤​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​ ១០ ​នៃ​ទិវា​អន្តរ​ជាតិ​ដើម្បី​បញ្ចប់​និទណ្ឌ​ភាព​លើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​ ដោយ​មាន​វេទិកា​ពិភាក្សា​ផ្សេងៗ​ជាច្រើន​ រៀបចំ​ឡើង​ដោយ​មាន​គោល​បំណង​ជំរុញ​ឱ្យ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​ឱ្យ​កាន់តែ​ទូលំ​ទូលាយ​អំពី​អ្វី​ទៅ​ដែល​ជា​សារ​ព័ត៌មាន​ល្អ ​សារៈ​សំខាន់​នៃ​ក្រម​សីល​ធម៌​សារ​ព័ត៌មាន​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​ពី​សាធារណ​ជន ​ឧបសគ្គ​ដែល​អ្នក​សារ​ព័ត៌មាន​ជួប​ប្រទះ​ និង​យុទ្ធ​សាស្ត្រ​ក្នុង​ការធានា​នូវ​សុវត្ថិ​ភាព​ ព្រម​ទាំង​សេរី​ភាព​របស់​អ្នក​សារ​ព័ត៌មាន។​

នៅ​ក្នុង​ក្នុង​សន្និសីទ​នោះ​ លោក​ សាដា ​អ៊ូម៉ា ​អាឡាម​ (Sardar Umar Alam) ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា​ដើម្បី​បញ្ចប់​និទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​ រួម​ទាំង​ការ​សម្លាប់ ​ការ​យាយី​ផ្លូវ​ច្បាប់​ និង​ការ​ចោទ​ប្រកាន់​ជា​ដើម ​ដើម្បី​ធានា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សម្រាប់​ប្រជា​ពលរដ្ឋ​គ្រប់​រូប។​

លោក​ សាដា ​អ៊ូម៉ា ​អាឡាម ​ថ្លែង​ដោយ​មាន​ការ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​ «យើង​ទាំង​អស់​គ្នា ​គឺ​ជា​សហគមន៍​អ្នក​សារ​ព័ត៌មាន ​យើង​ត្រូវ​តែ​ហ៊ាន​ផ្តល់​នូវ​ព័ត៌មាន​ពិត​ប្រាកដ។ ​ព័ត៌មាន​ពិត​ប្រាកដ​នេះ​មិន​មែន​មាន​ន័យ​ថា​ យើង​សុទ្ធ​តែ​គាំទ្រ ​ហើយ​មិន​ហ៊ាន​និយាយ​អំពី​បញ្ហា​ប្រឈម​នោះ​ទេ។​ ​ហើយ​ក៏​យើង​មិន​ចង់​ឃើញ​មាន​ការ​គំរាម​កំហែង​ ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ដែរ។​ នេះ​គឺ​ជា​អ្វី​មួយ​ដែល​យើង​ព្យាយាម​ដោះ​ស្រាយ​ជា​មួយ​គ្នា»។​

លោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្លែងសន្ទរកថាក្នុងសន្និសីទថ្នាក់ជាតិស្ដីពី ទំនុកចិត្តលើសារព័ត៌មានកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ (លាស់ លីបលីប)
លោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្លែងសន្ទរកថាក្នុងសន្និសីទថ្នាក់ជាតិស្ដីពី ទំនុកចិត្តលើសារព័ត៌មានកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ (លាស់ លីបលីប)

មួយ​ខែ​មុន​សន្និសីទ​នេះ ​លោក​ ម៉ិច ដារ៉ា ​ដែល​គេ​ស្គាល់​ថា ​ជា​អ្នក​កាសែត​ដែល​ហ៊ាន​រាយ​ការណ៍​ពី​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​និង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​ទី ​៣០ ​ខែ​កញ្ញា​ ឆ្នាំ ​២០២៤ ​ពី​បទ​ញុះញង់ ​ទាក់​ទង​នឹង​ការ​បង្ហោះ​ព័ត៌មាន ​និង​សារ​លើ​បណ្តាញ​សង្គម ​ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ​២ ​ឆ្នាំ។ ​លោក​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ប៉ុន្តែ​តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក​ចេញ​ក្រៅ​ប្រទេស។ ​ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​អង្គការ​អន្តរ​ជាតិ ​និង​សហ​រដ្ឋ​អាមេរិក​ចាត់​ទុក​ថា​ ជា​ការ​រឹតត្បិត​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា។​

អ្នកស្រី ​ប៊្រិដជិដ ​ខលៀ ​(Bridget Collier)​ ឯក​អគ្គ​រាជទូត​រង​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា ​ក៏​បាន​ថ្លែង​ក្នុង​សន្និសីទ​នោះ​ថា​ សារ​ព័ត៌មាន​ល្អ​ គឺ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​លើក​កម្ពស់​តម្លា​ភាព ​និង​គណនេយ្យ​ភាព​សង្គម ​ដែល​អាច​ធ្វើ​ឱ្យ​ប្រជាជន​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ។​

បើ​តាម​ឯក​អគ្គ​រាជទូត​រង​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា​រូប​នេះ ​ការងារ​របស់​អ្នក​សារ​ព័ត៌មាន​ គឺ​បង្ហាញ​ការណ៍​ពិត​ លើក​កម្ពស់​មូលដ្ឋាន​គ្រឹះ​សម្រាប់​រដ្ឋាភិបាល ​និង​ប្រជាជន​ ហើយ​ក៏​ដើរ​តួនាទី​សំខាន់​សម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ។ ​អ្នកស្រី​បន្ថែម​ថា​ សេរី​ភាព​សារ​ព័ត៌មាន​នៅ​លើ​ពិភព​លោក​ត្រូវ​ បាន​រង​ការ​វាយ​ប្រហារ ​ចំណែក​អ្នក​កាសែត​ក្លាយ​ជា​គោល​ដៅ​វាយ​ប្រហារ​ និង​ត្រូវ​បាន​គេ​សម្លាប់​ ដោយ​សារ​ការ​រាយ​ការណ៍​ព័ត៌មាន​ពិត​ ដូច្នេះ​អ្នក​សារ​ព័ត៌មាន​ត្រូវ​តែ​ទទួល​បាន​ការ​ការពារ។​

អ្នកស្រី​ថ្លែង​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​ «សុវត្ថិ​ភាព​ និង​សេរីភាព​របស់​ពួកគេ ​[អ្នក​សារ​ព័ត៌មាន]​ដើម្បី​រាយ​ការណ៍​ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច ​គឺ​ជា​សិទ្ធិ​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ​ដែល​ត្រូវ​តែ​ការពារ»។​

អ្នកស្រី​បន្ថែម​ថា​ អូស្រ្តាលី​នៅ​តែ​ប្តេជ្ញា​គាំទ្រ​សេរីភាព​សារ​ព័ត៌មាន​ និង​ការ​អភិវឌ្ឍ​នៃ​សារ​ព័ត៌មាន​ប្រកប​ដោយ​ក្រម​សីលធម៌​ក្នុង​ប្រទេស​កម្ពុជា។​

អ្នកស្រី​បញ្ជាក់​ថា៖​ «យើង​ជឿ​ជាក់​ថា​ សារ​ព័ត៌មាន​ដែល​រឹងមាំ​មាន​សារៈ​សំខាន់​សម្រាប់​ការ​បន្ត​ការ​អភិវឌ្ឍ​ និង​វិបុល​ភាព​របស់​កម្ពុជា»។​

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងសន្ទរកបើកសន្និសីទថ្នាក់ជាតិស្ដីពី ទំនុកចិត្តលើសារព័ត៌មានកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ (លាស់ លីបលីប)
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងសន្ទរកបើកសន្និសីទថ្នាក់ជាតិស្ដីពី ទំនុកចិត្តលើសារព័ត៌មានកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ (លាស់ លីបលីប)

នៅ​ក្នុង​សន្និសីទ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ លោក ​ទេព​ អស្នារិទ្ធ​ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ​ថ្លែង​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​អង្គភាព​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សារ​ព័ត៌មាន​ជិត​ ២.០០០​ស្ថា ប័ន​ និង​មាន​សមាគម​សារ​ព័ត៌មាន​ចំនួន​ ២៦ ​ស្ថាប័ន​ ហើយ​ក្រសួង​ព័ត៌មាន​បាន​ចេញ​បណ្ណ​សម្គាល់​អ្នក​សារ​ព័ត៌មាន​ជាង ​៨.០០០ ​បណ្ណ។​

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ធានា​បរិយាកាស​ល្អ​សម្រាប់​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «រាជ​រដ្ឋា​ភិបាល ​និង​ក្រសួង​ព័ត៌មាន​បាន​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ធានា​នូវ​បរិយាកាស​ល្អ​សម្រាប់​ការ​ប្រកប​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន ​និង​សោត​ទស្សន៍​នៅ​កម្ពុជា ​និង​បាន​ប្រកាន់​នូវ​គោល​ជំហរ​ម៉ឹង​ម៉ាត់​ បន្ត​លើក​ស្ទួយ​សេរីភាព​ខាង​សារ​ព័ត៌មាន​ដោយ​ស្មើ​ភាព ​គ្មាន​ការ​រើស​អើង​ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ»។​

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​រូប​នេះ អ្នក​សារ​ព័ត៌មាន​ដែល​គោរព​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​សង្គម​ឌីជីថល ​ក្រោម​ហេតុ​ផល​ថា​ ការ​ផ្សាយ​ពិត​របស់​អ្នក​សារ​ព័ត៌មាន​ដែល​មាន​វិជ្ជា​ជីវៈ ​និង​ក្រម​សីលធម៌​ត្រឹមត្រូវ​នឹង​ក្លាយ​ជា​ប្រភព​សម្រាប់​ការ​ផ្ទៀង​ផ្ទាត់​នូវ​សុក្រឹត​ភាព​នៃ​ព័ត៌មាន​ ផ្តល់​ភាព​ជឿ​ទុកចិត្ត​បាន​ក្នុង​មជ្ឈដ្ឋាន​សាធារណ​ជន​ទូទៅ ​ខណៈ​ព័ត៌មាន​ក្លែង​ក្លាយ​បាន​និង​កំពុង​រីកសាយ​ភាយ​ច្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។​

អ្នកស្រី​ ឆន សុគន្ធា ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​កត់​សម្គាល់​ថា​ បច្ចុប្បន្ន​នេះ ​កម្រ​ឃើញ​មាន​អ្នក​សារ​ព័ត៌មាន​ហ៊ាន​រាយ​ការណ៍​ព័ត៌មាន​អំពី​បញ្ហា​ដី​ធ្លី​ បញ្ហា​អំពី​ពុក​រលួយ​ បញ្ហា​ធន​ធាន​ធម្មជាតិ​ តែ​ភាគ​ច្រើន​ឃើញ​តែ​ផ្សាយ​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍។​

បើ​តាម​អ្នកស្រី ​ឆន សុគន្ធា ​មូល​ហេតុ​ដែល​អ្នក​សារ​ព័ត៌មាន​មិន​ហ៊ាន​រាយ​ការណ៍​ព័ត៌មាន​អំពី​បញ្ហា​រសើប​ទាំង​នោះ ​ដោយ​សារ​អ្នក​សារ​ព័ត៌មាន​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​ពេល​ចុះ​យក​ព័ត៌មាន​តាម​មូលដ្ឋាន ​ការ​ប្តឹង​ផ្តល់​តាម​ផ្លូវ​តុលាការ ​និង​ការ​ដក​ហូត​អាជ្ញា​បណ្ណ​ជាដើម។​

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ ​«អ្នក​សារ​ព័ត៌មាន​ដែល​បាន​ Press card ​[បណ្ណ​សារ​ព័ត៌មាន]​ ហើយ​នឹង​ចំនួន​ស្ថាប័ន ​ឬ​ក៏​សមាគម​សារ​ព័ត៌មាន​មាន​ចំនួន​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​សម្រាប់​សេរីភាព​សារ​ព័ត៌មាន​ ឬ​អ្នក​សារ​ព័ត៌មាន​ដែល​ហ៊ាន​នៅ​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ពិតៗ​ ឬ​ក៏​ព័ត៌មាន​បែប​រសើប ​ដូចជា​បញ្ហា​ដីធ្លី​ បញ្ហា​ពុក​រលួយ​ បញ្ហា​ធន​ធាន​ធម្មជាតិ ​បញ្ហា​បណ្តេញ​ចេញ ​ជា​ពិសេស​រឿង​នយោបាយ ​រឿង​អីហ្នឹង​គឺ​កាន់តែ​មាន​ការ​ថយ​ចុះ។ ​កម្រ​មាន​អ្នក​សារ​ព័ត៌មាន​ណា​ហ៊ាន​រាយ​ការណ៍​ព័ត៌មាន​ដូច​ខ្ញុំ​លើក​ពី​ខាង​ដើម​ហ្នឹង»។​

លោក​ ប៉ា ​ច័ន្ទរឿន​ ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា​ មើល​ឃើញ​ថា​ បច្ចុប្បន្ន​នេះ​ស្ថាប័ន​សារ​ព័ត៌មាន​មាន​ច្រើន​ ប៉ុន្តែ​ស្ថាប័ន​សារ​ព័ត៌មាន​ដែល​អាច​ទុក​ចិត្ដ​បាន​មាន​ចំនួន​តិច​ ដោយ​សារ​ការ​កើន​ឡើង​នៃ​សារ​ព័ត៌មាន​អនឡាញ​ ភាព​ចម្រូង​ចម្រាស​នៃ​សារ​ព័ត៌មាន​ដែល​បម្រើ​នយោបាយ​ ឬ​ក្រុម​ណា​មួយ​ ដោយ​ខ្វះ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ។​

លោក​បន្ថែម​ថា​ អ្នក​សារ​ព័ត៌មាន​ ឬ​ប្រជា​ពល​រដ្ឋ​ដែល​រាយ​ការណ៍​អំពី​បញ្ហា​ក្ដៅ ​ឬ​រសើប​ តែង​រង​ការ​ចោទ​ប្រកាន់​ថា​ ញុះញង់​បង្ក​អសន្តិ​សុខ​សង្គម ​ប៉ុន្តែ​លោក​ថា​ ធាតុ​ពិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​គឺ​ជា​ «ដង្ហើម» ​នៃ​សង្គម​ប្រជា​ធិបតេយ្យ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«នៅ​ក្នុង​ស្រុក​យើង​សព្វ​ថ្ងៃ ​ច្រើន​តែ​មាន​ការ​ចោទ​ប្រកាន់​ទាំង​ប្រជា​ពលរដ្ឋ​ ទាំង​អ្នក​សារ​ព័ត៌មាន​នៅ​ពេល​ដែល​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ ឬ​ក៏​រាយ​ការណ៍​ពី​ព័ត៌មាន​ក្ដៅ​ ឬ​ព័ត៌មាន​រសើប​ច្រើន​តែត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​អុច​អាល ​ញុះញង់​ឱ្យ​មាន​បង្ក​អសន្តិ​សុខ​សង្គម។​ ក៏​ប៉ុន្តែ​ធាតុ​ពិត​ទៅ​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ គេ​លើក​កម្ពស់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​សេរីភាព​នៃ​សារ​ព័ត៌មាន​ ពី​ព្រោះ​ការ​ផ្ដល់​ព័ត៌មាន​ពិត​ ការ​រាយ​ការណ៍​អំពី​បញ្ហា​ណា​មួយ​វា​គឺ​ជា​អុកស៊ីសែន​នៃ​ប្រជា​ធិបតេយ្យ»។​

លោក​បន្ត​ថា ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ទំនុក​ចិត្ដ​ខ្ពស់​លើ​សារ​ព័ត៌មាន ​អ្នក​សារ​ព័ត៌មាន​ ស្ថាប័ន​សារ​ព័ត៌មាន​ត្រូវ​មាន​ឯករាជ្យ​ភាព​ និង​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​រាយ​ការណ៍ ​ការ​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ ​និង​តុល្យភាព​នៃ​ភាគី​ពាក់​ព័ន្ធ​ ឬ​ស្វែង​រក​ប្រភព​ឱ្យ​បាន​គ្រប់​ជ្រុង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG