ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ ចូកូ វីដូដូ ​ប្រកាស​គណៈរដ្ឋ​មន្រ្តី​ថ្មី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី


លោក​Joko Widodo ប្រធានាធិនតី​ឥណ្ឌូនេស៊ី​ថ្លែងសុន្ទរកថា​ចូល​កាន់​តំណែង​
លោក​Joko Widodo ប្រធានាធិនតី​ឥណ្ឌូនេស៊ី​ថ្លែងសុន្ទរកថា​ចូល​កាន់​តំណែង​

បន្ទាប់ពី​សប្តាហ៍​ទី​មួយ​នៃ​ការ​កាន់​តំណែង​របស់​លោកជា​ប្រធានា​ធិបតី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ​លោក​Joko Widodo ​បាន​បញ្ចេញ​គណៈ​រដ្ឋ​មន្រ្តី​ថ្មី​របស់​លោក​ដែល​ពលរដ្ឋ​ឥណ្ឌូណេស៊ី​កំពុង​ទន្ទឹង​រង់ចាំ។ ​ពួក​អ្នក​វិភាគ​និយាយ​ថា​ ជម្រើស​របស់​លោក​ បាន​បង្ហាញ​ទាំង​ការផ្លាស់​ប្តូរនិង​ការ​សម្រប​សម្រួល​ខាង​នយោបាយ​យ៉ាង​ខ្លាំង។​

ចាប់​តាំ​ង​ពី​ការ​ចាប់​ផ្តើមអាជីព​នយោបាយ​របស់​លោក​មក ​អតីត​អភិបាល​ក្រុង​ដ៏​តូច​មួយ​ដែល​ឥឡូវនេះ​បាន​ក្លាយ​ជា​ប្រធានា​ធិបតី​នោះ​ ​លោក ​Joko Widodo ​បាន​ខិតខំ​ធ្វើ​ការដើម្បី​ផ្តាច់​ខ្លួន​លោក​ចេញពី​ក្រុម​នយោបាយរបស់​ឥណ្ឌូណេស៊ី។​ នៅ​ក្នុង​សប្តាហ៍ទី​មួយ​របស់​លោក​នៅ​ក្នុង​ការិយាល័យ ​លោក​ប្រធានា​ធិបតី​បាន​ស្វះ​ស្វែង​ស្ថាបនា​អត្តសញ្ញាណ​ខាង​នយោបាយ​ដែល​ខុស​ពី​គេ​ឯង​មួយ។​

ក្នុង​ប្រទេស​មួយ​ដែល​គេ​ស្គាល់​ថា ​មាន​អំពើ​ពុករលួយ​ពាស​ពេញទីកន្លែង​នោះ​ ​ប្រធានា​ធិបតី​ Widodo ​បាន​ចាត់វិធាន​ការ​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុនគឺ​តម្រូវ​ឲ្យគណៈរដ្ឋ​មន្រ្តី​របស់​លោកឆ្លង​កាត់​ការ​ពិនិត្យយ៉ាង​ច្បាស់​លាស់​ដោយ​អង្គភាពប្រឆាំងអំពើ​ពុក​រលួយ។ ​ដំណើរ​ការ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ជា​បន្ត​ ដែល​បណ្តាល​ឲ្យ​មាន​ការ​លុប​ចោល​ឈ្មោះ​បេក្ខជន​រដ្ឋ​មន្រ្តី​៨​នាក់។​

បន្ទាប់​ពីការ​និយាយទស្សទាយ​យ៉ាង​ច្រើន​អស់​រយៈ​ពេល​មួយ​សប្តាហ៍​មក ​រដ្ឋ​មន្រ្តី​ថ្មី​៣៤​នាក់​របស់​ប្រធានាធិបតី ​Widodo ​នៅ​ក្នុង​គណៈ​រដ្ឋ​មន្រ្តីការងារ​របស់​លោក​បាន​ត្រូវ​ប្រកាសកាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ហើយ​បាន​សម្ពោធពិធី​ចូល​កាន់​តំណែងនៅ​ឯ​វិមាន​រដ្ឋ​កាល​ពី​ថ្ងៃ​ច័ន្ទដោយ​មាន​ការ​ផ្សាយ​តាម​ទូរទស្សន៍។​

រដ្ឋ​មន្ត្រី​ទាំងអស់​បាន​ស្បថ​ចូលកាន់​តំណែង​ ​ដោយ​បាន​សន្យា​គោរព​ច្បាប់​ហើយ​នឹង​ច្រាន​ចោលការ​សូក​ប៉ាន់។​

គណៈរដ្ឋ​មន្រ្តី​នេះ​ជា​ក្រុម​ចម្រុះ​មាន​អ្នក​មាន​គំនិត​ខាង​បច្ចេក​វិទ្យា ​ពាណិជ្ជករ​ហើយ​នឹង​អ្នក​កែទម្រង់​ចំនួន​តូចដែល​បាន​ទទួល​ការ​កោត​សរសើរ​ ​ដែល​លោក Keith Loveard ​អ្នក​វិភាគ​ហានិភ័យ​ពី​ក្រុម​ហ៊ុន​ពិគ្រោះ​នយោបល់​ Concord ​ពណ៌​នា​ថា​ ​ជាគណៈ​រដ្ឋ​មន្រ្តី​ដែល​គេ​រង់ចាំ​មើល​នោះ។​

«ប្រាកដ​ជា​មាន​សមាជិក​ជាន់​ខ្ពស់​ខ្លះ​ ​ហើយ​មាន​មនុស្ស​ខ្លះ​មាន​ប្រវត្តិ​ពាក់​ព័ន្ធ​បញ្ហា​សិទ្ធិ​មនុស្ស​ ដូច​ដែល​គេ​រំពឹង​ទុក​ក្នុង​ប្រ​ទេស​ឥណ្ឌូណេស៊ី​ ​ក៏​ប៉ុន្តែ​ក៏​មាន​រដ្ឋ​មន្រ្តី​ថ្មីដែល​មាន​ស្មារតី​ថ្មី​និងទេព​កោសល្យ​សហគ្រិន​ដែរ»។ ​

គណៈ​រដ្ឋ​មន្រ្តី ​រួមមាន​សហគ្រិន​មួយ​ចំនួន ​ដូច​ជា​លោក ​Susi Pudjastuti ​ម្ចាស់ក្រុម​ហ៊ុន​អាកាសចរណ៍​ ដែល​បាន​ទទួល​ជោគ​ជ័យក្នុង​វិស័យ​ពាណិជ្ជ​កម្ម ក៏​ប៉ុន្តែរហូត​មក​ទល់​ពេល​នេះ ​មិន​ទាន់​មាន​បទ​ពិសោធន៍នៅ​ក្នុង​រដ្ឋាភិបាល​ទេ។​

លោក ​Widodo ​អតីត​សហគ្រិន​គ្រឿង​សង្ហារឹម​បាន​សន្យា​ធ្វើ​កំណែ​ទម្រង់​ការិយាធិបតេយ្យ​ លុប​បំបាត់ការិយាធិបតេយ្យ​ច្រើនជ្រុល​ ហើយ​ផ្តោត​លើ​អត្រាលូត​លាស់​សេដ្ឋ​កិច្ច​៧​ភាគរយ​នៅ​ក្នុង​ប្រទេស​មាន​សេដ្ឋ​កិច្ច​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ​ការ​បង្កើត​ក្រសួង​កិច្ច​ការ​នាវាចរណ៍​ថ្មី​មួយក៏​ត្រូវ​គេ​រំពឹងថា​ ​ជួយ​ធ្វើ​ឲ្យ​ទស្សនៈរបស់​ប្រធានា​ធិបតីប្រែក្លាយ​ឥណ្ឌូណេស៊ីទៅ​ជា​ផ្លូវ​នាវា​ចរណ៍សាកល​លោក។​

ក្នុង​ចំណោម​ការជ្រើស​រើសសមាជិក​គណៈរដ្ឋ​មន្រ្តីដែលបាន​ទទួល​ការកោតសរសើរ​បំផុត​គឺ​ការ​ជ្រើសរើស​តំណែង​រដ្ឋ​លេខាធិការ ​លោក ​Pratikno ​ជា​សាកល​វិទ្យា​ធិការសាកល​វិទ្យាល័យ​ Gadjah Mada ​និង​លោកស្រី ​Anies Baswedan ​សាកលវិទ្យា​ធិការ​ដែល​មាន​គំនិត​កែទម្រង់​នៃ​សាកល​វិទ្យាល័យ​ Paramadina ជាទីប្រឹក្សា​ដ៏​សំខាន់​ម្នាក់របស់​លោក ​Widodo ​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោស​នារបស់​លោក​ដែល​នឹង​ក្លាយ​ជា​រដ្ឋ​មន្រ្តី​ក្រសួងសិក្សា​អប់​រំ​បឋម​សិក្សា​និង​មធ្យម​សិក្សា។​

លោកស្រី​ Retro Lestari Priansari Marsudi អ្នក​ការទូត​ប្រចាំ​អាជីព​ដែល​បាន​ទទួលការ​គោរព ​បាន​ត្រូវ​តែ​តាំង​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​ ​ដែល​ជា​ស្រ្តី​ឥណ្ឌូណេស៊ី​លើក​ដំបូង​ កាន់​កាប់​តំណែង​នេះ។ ​លោកស្រី ​Marsudi ​ជាអតីត​ឯក​អគ្គ​រដ្ឋ​ទូតប្រចាំ​នៅ​ប្រទេស​ហូល្លង់​ អៀឡង់​ និង​ប្រទេស​ន័រវែ ​ជាស្រ្តី​ម្នាក់ក្នុង​ចំណោម​ស្រ្តី៨​នា​ក់​នៅ​ក្នុង​រដ្ឋ​បាល​ថ្មី​ ​ដែល​មាន​ចំនួន​ស្រ្តីច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្រ្តប្រទេស​ឥណ្ឌូនេស៊ី​ដែរ។​

​ទោះ​ជាយ៉ាង​ណាក៏ដោយ ​ក្នុង​ចំណោម​សមាជិក​គណៈ​រដ្ឋ​មន្រ្តី​ថ្មី ​អ្នក​វិភាគ​បាន​រិះ​គន់សមាជិក​មួយចំនួនដែល​បាន​ទទួល​ការ​តែង​តាំង​នយោបាយ​ ​ជា​ពិសេស ឥស្សរៈ​ជនដែល​ស្និទ្ធ​ស្នាលនឹង​លោកស្រី ​Megawati ​Sukarnoputri ​ប្រធាន​គណបក្ស​ PDI-P​ របស់​លោក ​Widodo។​

​លោក Siti Zuhro ​ជាអ្នក​វិភាគ​មក​ពីវិទ្យាស្ថាន​វិទ្យា​សាស្រ្ត​ឥណ្ឌូណេស៊ី ​និយាយ​ថា ​ការ​ជ្រើសរើស​សមាជិក​គណៈរដ្ឋ​មន្រ្តី​បង្ហាញ​ថា ​លោក ​Widodo ដែល​គេ​ស្គាល់​ឈ្មោះ​ហៅ​ក្រៅ​របស់​លោក​ថា ​Jokowo ​មិន​ឯក​រាជ្យ​ទាំង​ស្រុង​ទេ។​

«ខ្ញុំ​គិត​ថា ​លោកស្រី​ Megawati Sukarnoputri ​ច្បាស់​ជាមាន​តួនាទីដ៏​សំខាន់នៅ​ក្នុង​ការ​តែងតាំងនិង​ជ្រើសរើស​បេក្ខជន​នោះ​ទេ។ ​លោក ​Jokowi ​មាន​អំណាច​ជ្រើសរើសរដ្ឋ​មន្រ្តី​របស់​លោក ​ក៏ប៉ុន្តែ​លោក​គិត​ថា​ ​លោក​ត្រូវ​សុំ​ការ​យល់​ព្រម​ ឬ​មិន​យល់​ព្រម​ពី​លោកស្រី ​Megawati។ លោក​Jokowi មិន​អាចសម្រេច​ដោយ​គ្មាន​ការសុំ​ការ​អនុញ្ញាត​ពី​លោកស្រី​ Megawati ​ទេ»។​

ទូទាំង​យុទ្ធនាការឃោសនា​បោះ​ឆ្នោត​របស់​លោក​ហើយ​នឹង​ក្រោយ​ការ​បោះ​ឆ្នោត ​ប្រធានា​ធិបតី​នោះ​ លោក​ Widodo ​បាន​រក្សាការ​សន្យាដោយ​មិន​ផ្លាស់​ប្តូរ​ថា ​លោក ​មិន​ដោះ​ដូរ​តំណែង​រដ្ឋ​មន្រ្តី​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ខាង​នយោបាយ​ទេ។​

ទោះ​ជាយ៉ាង​នោះ​ក៏​ដោយ ​វរៈ​ជន​មួយ​ចំនួន​តូច​ក្នុង​គណបក្ស​របស់​លោក​បាន​ត្រូវ​ផ្តល់​តួនាទី​ដែល​ពួកគេ​ចង់​បាន​ ​រួមមាន​លោកស្រី​ Puan Mahrani ​កូនស្រីរបស់​លោកស្រី​ Megawati ដែល​នឹង​ត្រួត​ពិនិត្យ​ក្រសួង​៤​ដែល​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយគ្នា​ ​ហើយ​លោក Ryamizard Ryacudu អតីត​ឧត្តម​សេនីយ៍​ដែល​មាន​ប្រវត្តិ​បញ្ហា​សិទ្ធិ​មនុស្ស​ ឥឡូវ​នេះ​បាន​ក្លាយ​ជា​រដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស។​

លោក​ Rini Soemarno ​ជា​អ្នក​ទុក​ចិត្តនិង​អតីត​រដ្ឋ​មន្រ្តី​ពាណិជ្ជ​កម្ម​របស់​លោក​ស្រី​ Megawati ​ក៏​បាន​តែង​តាំង​ជារដ្ឋ​មន្រ្តី​សហគ្រាស​ដែល​កាន់​កាប់​ដោយ​រដ្ឋ។​

ពួក​អ្នក​វិភាគ​និយាយ​ថា ​ការតែង​តាំង​រដ្ឋ​មន្រ្តី​ទាំង​នោះ​ឆ្លុះ​បញ្ចាំង​ពី​សភាព​ការណ៍ជាក់​ស្តែង​ដែល​ជៀស​មិន​ផុត​ ក៏ប៉ុន្តែ​បាន​រារាំង​ការ​ខំ​ប្រឹងប្រែង​របស់​លោកដើម្បី​ធ្វើឲ្យ​មាន​ក្តីរំភើប​អំពី​រដ្ឋាភិបាល​របស់​លោក។​

រដ្ឋ​មន្រ្តី​២១​នាក់​ក្នុង​ចំណោមរដ្ឋ​មន្រ្តី៣៤​នាក់​ក្នុង​គណៈរដ្ឋ​មន្ត្រី​របស់​លោក​ប្រធានាធិបតី ​Widodo ​មាន​ការ​ទាក់ទិន​ទៅ​នឹង​គណបក្ស ឬ​មាន​ទំនាក់​ទំនង​ទៅ​នឹង​មន្រ្តី​ជាន់​ខ្ពស់គណបក្ស៕​

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG