នៅស្ថានីយបោះឆ្នោតនានាទូទាំងទីក្រុង Jakarta នៅថ្ងៃពុធនេះ អ្នកបោះឆ្នោតជនជាតិឥណ្ឌូនេស៊ីបោះឆ្នោតផ្តល់ការគាំទ្រផ្សេងៗគ្នា ដោយមានសំឡេងស្មើគ្នាក្នុងការជ្រើសរើសប្រធានាធិបតីលើកក្រោយ។
អ្នកគាំទ្រលោក Joko Widodo អភិបាលក្រុង Jakarta និយាយថា គេចង់ឃើញមានការផ្លាស់ប្តូរដកអ្នកចាស់ចេញ ហើយគេបានកោតសរសើរថា លោក Widodo បានធ្វើឲ្យមានការផ្លាស់ប្តូរក្នុងទីក្រុងJakarta។
លោក Widodo មានប្រជាប្រិយភាពជាពិសេសក្នុងចំណោមជនជាតិឥណ្ឌូនេស៊ីក្មេងៗ ដែលមានចំនួន៦៧លាននាក់ និងបានចូលរួមបោះឆ្នោតជាលើកទីមួយ។
មនុស្សជំនាន់ចាស់ហាក់ដូចជាផ្តល់ការគាំទ្រដល់គូប្រជែងរបស់លោក គឺលោក Prabowo Subianto អតីតឧត្តមសេនីយ៍កងទ័ព ដោយលើកឡើងថា ប្រទេសឥណ្ឌូនេស៊ីត្រូវមេដឹកនាំខ្លាំងនិងរឹងមាំដើម្បីរួបរួមប្រទេសនេះ។
ក្រោយពីប្រកួតប្រជែងក្នុងការបោះឆ្នោតដ៏ស្វិតស្វាញ នៅថ្ងៃនេះលទ្ធផលដំបូងក្រោយការបោះឆ្នោតនៅមណ្ឌលខ្លះបង្ហាញថា បេក្ខជនមួយនាំមុខ ហើយមណ្ឌលផ្សេងទៀតបង្ហាញថា បេក្ខជនម្នាក់ទៀតនាំមុខ។ ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីបិទការិយាល័យបោះឆ្នោត លោកWidodo ប្រកាសថា លោកឈ្នះក្នុងការបោះឆ្នោតនេះ។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានមួយ លោក Widodo បានប្រាប់អ្នកយកព័ត៌មានថា ដោយផ្នែកតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតភ្លាមៗ លោកហើយនឹងដៃគូរបស់លោកគឺលោក Jusuf Kalla ទទួលបានសំឡេងគាំទ្រនាំមុខ។
ការរាប់សន្លឹកឆ្នោតភ្លាមៗ ដែលផ្អែកលើគំរូសន្លឹកឆ្នោត ធ្វើឡើងដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ CSIS ដែលមិនមែនជាលទ្ធផលផ្លូវការនោះ បានឲ្យដឹងថា លោក Widodo នាំមុខដោយមានសំឡេងគាំទ្រ៥២,៧៤%នៃសំឡេងឆ្នោត ហើយលោក Prabowo បានសំឡេងគាំទ្រ៤៧,២៦%។
តែមួយម៉ោងក្រោយមក លោក Prabowo ក៏បានចេញសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា លោកក៏ទទួលបានសំឡេងគាំទ្រនាំមុខដែរ។
ក្នុងសុន្ទរកថារបស់លោក លោក Prabowo បានថ្លែងអំណរគុណពលរដ្ឋឥណ្ឌូនេស៊ីដែលបានផ្តល់ទំនុកចិត្តលើរូបលោក និងគាំទ្រលោក ហើយលោកបន្តថា ផ្អែកលើលទ្ធផលនៃការរាប់សន្លឹកឆ្នោតភ្លាមៗ និងយោងតាមការស្ទង់មតិ បានឲ្យដឹងថា លោកជាបេក្ខជននាំមុខ។
ការរាប់សន្លឹកឆ្នោតបឋមចំនួនពីរបង្ហាញថា លោក Prabowo នាំមុខ។ ការរាប់សន្លឹកឆ្នោតនេះធ្វើឡើងដោយបណ្តាញសំឡេងឥណ្ឌូនេស៊ី Indonesia Voice Network ហើយលទ្ធផលនេះមិនសូវទទួលបានការជឿទុកចិត្ត ដូចលទ្ធផលរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS របស់អាមេរិកនោះទេ។
នៅតាមទូរទស្សន៍ជាតិ ការរាប់សន្លឹកឆ្នោតក៏បានបង្ហាញលទ្ធផលបែកចេញជាពីរ ផ្អៀងទៅតាមគណបក្សដែរ គឺគណបក្សណាកាន់កាប់បណ្តាញទូរទស្សន៍ណា ទូរទស្សន៍នោះបង្ហាញថា គណបក្សនោះនាំមុខ។
ក្នុងបណ្តាញទូរទស្សន៍ Metro TV របស់លោក Widodo លោក Surya Paloh អ្នកគាំទ្រលោក Widodo បានបង្ហាញថា លោក Widodo និងគណបក្សរបស់លោកកំពុងអបអរជ័យជម្នះ។ តែបើតាមបណ្តាញទូរទស្សន៍ផ្សេងៗទៀតដែលភាគច្រើនគាំទ្រលោក Prabowo បង្ហាញថា លោក Prabowo នឹងក្លាយជាប្រធានាធិបតី។
អ្នកបោះឆ្នោតគាំទ្របេក្ខជនទាំងពីរនិយាយថា គេសង្ឃឹមថា លទ្ធផលបោះឆ្នោតនេះនឹងចេញមកដោយរលូន និងត្រូវភាគីទាំងពីរទទួលយកដោយសន្តិភាព ដោយគ្មានបាតុកម្មឬការបះបោរ។ មានទាហានប្រមាណ៣ម៉ឺននាក់ត្រូវគេដាក់ពង្រាយទូទាំងប្រទេសដើម្បីរក្សាសណ្តាប់ធ្នាប់។
គេនៅមិនទាន់ច្បាស់ទេ ថាតើការប្រកាសលទ្ធផលផ្ទុយគ្នានេះនឹងសាបរលាបទៅវិញឬយ៉ាងណាទេ។ លទ្ធផលផ្លូវការនឹងត្រូវប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅថ្ងៃទី២១កក្កដាគឺជាង២សប្តាហ៍ទៀត។
អ្នកវិភាគនយោបាយនិយាយថា ប្រទេសឥណ្ឌូនេស៊ីនឹងនៅតែមានស្ថានភាពនយោបាយមិននឹងន៎ រហូតដល់គណៈកម្មាធិការរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិបតីនេះ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ