ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Jimmy Carter លើកឡើង​ពី​ក្ដីបារម្ភ​អាកាសធាតុ ៣៥ ឆ្នាំ​មុន​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ស្ដីពី​អាកាសធាតុ


រូបឯកសារ៖ លោកអតីតប្រធានាធិបតី Jimmy Carter (កណ្តាល) អង្គុយជាមួយចៅប្រុសរបស់លោក គឺលោក Jason Carter (ឆ្វេង) និងលោក George Mori អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន SolAmerica Energy ក្នុង​ពិធីមួយ​នៅក្រុង Plains រដ្ឋ Georgia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបឯកសារ៖ លោកអតីតប្រធានាធិបតី Jimmy Carter (កណ្តាល) អង្គុយជាមួយចៅប្រុសរបស់លោក គឺលោក Jason Carter (ឆ្វេង) និងលោក George Mori អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន SolAmerica Energy ក្នុង​ពិធីមួយ​នៅក្រុង Plains រដ្ឋ Georgia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅ​ពេល​លោក Jimmy Carter ជ្រើសរើស​សញ្ញា​សំគាល់​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​របស់​លោក លោក​មិន​បាន​ជ្រើសរើស​ពណ៌​ក្រហម ស និង​ខៀវ ដូច​សព្វ​ដង​នោះទេ។ ប៉ុន្តែ​លោក​បាន​ជ្រើស​យក​ពណ៌​បៃតង។

ក្នុង​គោលដៅ​សង្កត់ធ្ងន់​ពី​ទំហំ​ក្តីស្រឡាញ់​ដែល​អ្នក​នយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​ពី​រដ្ឋ Georgia រូប​នេះ​មាន​ចំពោះ​ធម្មជាតិ​ក៏ដូចជា​ការ​ផ្តល់​អាទិភាព​លើ​គោលនយោបាយ​ការពារ​បរិស្ថាន ពណ៌​បៃតង​នេះ​ត្រូវ​បាន​ប្រើ​គ្រប់​កន្លែង។ គេ​បាន​ប្រើ​ពណ៌​នេះ​នៅ​លើ​ឡេវ​អាវ ស្ទីកគ័រ​បិទ​របាំង​ក្រោយ​រថយន្ត ខិត្តប័ណ្ណ ស្លាក​សញ្ញា​ថ្មី​សម្រាប់​ទីស្នាក់ការ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក និង​លើ​អ្វីៗ​ផ្សេង​ទៀត។

អ្នកស្រី LeAnne Smith ដែល​ជា​ក្មួយស្រី​របស់​លោក Carter បាន​រំឭក​អំពី​ការ​ប្រារព្ធ​ជ័យជម្នះ​ការ​បោះឆ្នោត​ឆ្នាំ ១៩៧៦ ថា៖ «នៅ​ពេល​ជ័យជម្នះ​ត្រូវ​បាន​ប្រកាស​ឡើង យើង​ទាំងអស់​គ្នា​ទទួល​បាន​អាវ​ដើម្បី​ពាក់ ហើយ​អាវ​ទាំង​នោះ​ក៏​មាន​ពណ៌​បៃតង​ផងដែរ»។

ជិត​ពាក់​កណ្តាល​សតវត្សរ៍​ក្រោយ​មក លោក Carter បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ​មុន​នៅ​អាយុ ១០០ ឆ្នាំ។ ក្រុម​អ្នក​បរិស្ថាន​បាន​រំឭក​វិញ្ញាណក្ខន្ធ​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី​ដែល​លើកកម្ពស់​ការ​គាំពារ​បរិស្ថាន ការ​អភិរក្ស​ថាមពល និង​ការ​ពិភាក្សា​អំពី​ការ​គំរាមកំហែង​ជា​សាកល​នៃ​ការ​កើនឡើង​កម្រិត​ឧស្ម័ន​កាបូន​ឌីអុកស៊ីត។

ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump បាន​ប្តេជ្ញា​ថា​នឹង​លះបង់​ចោល​នូវ​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​កកើត​ឡើងវិញ​ដែល​លោក​ប្រធានាធិបតី Joe Biden បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ច្បាប់​កាត់​បន្ថយ​អតិផរណា (Inflation Reduction Act) ឆ្នាំ ២០២២ ដោយ​លោក​បាន​លើកឡើង​ពី​ការ​ដែល​លោក​អតីត​ប្រធានាធិបតី Ronald Reagan បាន​ដកចេញ​នូវ​បន្ទះ​ស្រូប​ថាមពល​ព្រះអាទិត្យ​ដែល​លោក Carter បាន​ដាក់​នៅ​លើ​ដំបូល​សេតវិមាន។ ប៉ុន្តែ​ក្រៅ​ពី​រឿង​នយោបាយ ការ​មូល​មតិ​គ្នា​ផ្នែក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ឱ្យ​ឃើញ​ដូច​ជំហរ​របស់​លោក Carter កាលពី​ពីរ​ជំនាន់​មុន។

លោក Manish Bapna ដែល​ដឹកនាំ​អង្គការ​ក្រុមប្រឹក្សា​ការពារ​ធនធាន​ធម្មជាតិ (Natural Resources Defense Council) បាន​និយាយ​ថា៖ «លោក Carter បាន​បោះ​ជំហាន​ទៅមុខ ៤ ទសវត្សរ៍​មុន​គេ»។ លោក​បាន​បន្ថែម​ថា លោក Carter បាន​អំពាវនាវ​ឱ្យ​មាន​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​យូរ​ណាស់​មក​ហើយ​មុន​ពាក្យ «ការ​ប្រែប្រួល​អាកាសធាតុ» បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ភាសា​ទូទៅ​នៅ​សហរដ្ឋ​អាមេរិក​ទៅ​ទៀត។

ការ​ពាក់​អាវ Cardigan និង​ការ​កំណត់​ស្តង់ដារ

អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក Al Gore ដែល​សកម្មភាព​តស៊ូមតិ​ផ្នែក​អាកាសធាតុ​របស់​លោក​បាន​ធ្វើឱ្យ​លោក​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ២០០៧ បាន​ហៅ​លោក Carter ថា​ជា «បុគ្គល​គំរូ​ពេញ​មួយ​ជីវិត​សម្រាប់​ចលនា​ការពារ​បរិស្ថាន​ទាំងមូល»។

នៅ​ពេល​ជា​ប្រធានាធិបតី លោក Carter បាន​អនុវត្ត​ច្បាប់​ស្តង់ដារ​ប្រសិទ្ធផល​អាមេរិកាំង​ដំបូង​គេ​បង្អស់​សម្រាប់​យានយន្ត​និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ។ លោក​បាន​បង្កើត​ក្រសួង​ថាមពល​ដែល​បាន​ដឹកនាំ​ការ​ស្រាវជ្រាវ​ផ្នែក​ថាមពល​និង​បាន​ដាក់​តំបន់​ព្រៃឈើ​ច្រើន​ជាង​មុន​ពីរ​ដង​នៅ​ក្រោម​ការ​ការពារ​របស់​ទីភ្នាក់ងារ​ឧទ្យាន​ជាតិ។

បើ​ទោះបីជា​ត្រូវ​ប្រឈម​នឹង​ការ​សើច​ចំអក​ក៏ដោយ ក៏​លោក Carter បាន​ស្នើ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​សន្សំ​សំចៃ​ថាមពល​តាមរយៈ​ការ​លះបង់​ជា​លក្ខណៈ​បុគ្គល​ដូចជា​ការ​បើកបរ​តិច​ជាង​មុន​និង​ការ​បន្ថយ​សីតុណ្ហភាព​ម៉ាស៊ីន​កម្តៅ​ក្នុង​ផ្ទះ​ក្នុង​អំឡុង​រដូវ​រងា​នៅ​ចំ​ពេល​ដែល​មាន​កង្វះ​ឥន្ធនៈ​នៅ​លើ​ពិភពលោក​ជាដើម។

លោក​ក៏​បាន​ជំរុញ​នូវ​ផ្នែក​ថាមពល​កកើត​ឡើងវិញ​ផងដែរ​ដើម្បី​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ឥន្ធនៈ​ផូស៊ីល ដោយ​បាន​ស្នើ​ថា​ថាមពល ២០% នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​មាន​ប្រភព​មក​ពី​ថាមពល​ផ្សេង​ទៀត​នៅ​ត្រឹម​ឆ្នាំ ២០០០។

ប៉ុន្តែ​ការ​សោកស្ដាយ​នៅ​តែ​បន្ត​មាន​ចំពោះ​អ្វី​ដែល​ប្រធានាធិបតី​ទី ៣៩ រូប​នេះ​មិន​អាច​ធ្វើ​បាន​ឬ​មិន​បាន​ព្យាយាម​ធ្វើ​មុន​ពេល​លោក​ទទួល​បរាជ័យ​នៅក្នុង​ការ​បោះឆ្នោត​ដោយ​ចាញ់​លោក Ronald Reagan។

ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ

លោក Carter បាន​បញ្ចប់​អាណត្តិ​នៅ​ឆ្នាំ ១៩៨១ ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ទទួល​បាន​របាយការណ៍ West Wing មួយ​ដែល​ភ្ជាប់​ឥន្ធនៈ​ផូស៊ីល​ទៅ​នឹង​ការ​កើនឡើង​កម្រិត​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ក្នុង​បរិយាកាស​ផែនដី។ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​បរិស្ថាន​របស់​លោក Carter បាន​ជំរុញ​ឱ្យ​មាន​ការ​កាត់បន្ថយ «ជា​បន្ទាន់» លើ​ការ​ប្រើប្រាស់​ឥន្ធនៈ​ផូស៊ីល​ដើម្បី​កាត់បន្ថយ​អ្វី​ដែល​អ្នកវិទ្យាសាស្រ្ត​នៅ​ពេល​នោះ​ហៅ​ថា «ការ​បំពុល​ដោយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត»។

លោក Jonathan Alter ដែល​ជា​អ្នក​និពន្ធ​ជីវ​ប្រវត្តិ​លោក Carter បាន​និយាយ​ថា៖ «គ្មាន​នរណា​ម្នាក់​នៅ​លើ​ពិភពលោក​ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​បាន​និយាយ​អំពី​បញ្ហា​នេះ» មុន​លោក Carter នោះ​ទេ។

សេតវិមាន​បាន​បញ្ចេញ​របាយការណ៍​ស្ដីពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែល​នៅ​ពេល​នោះ​មាន​ការ​រាយការណ៍​តិចតួច​ប៉ុណ្ណោះ​អំពី​របាយការណ៍​នេះ។ សារព័ត៌មាន The New York Timesបាន​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​នៅ​លើ​ទំព័រ​ទី ១៣ នៃ​ផ្នែក​ដំបូង​របស់​ខ្លួន។ ហើយ​ខណៈ​ពេលវេលា​កាន់តំណែង​នៅ​សេសសល់​តិចតួច លោក Carter មិន​អាច​ធ្វើ​អ្វី​ជា​ដុំ​កំភួន​បាន​ច្រើន​នោះ​ទេ​ក្រៅពី​ការ​ចុះ​ហត្ថលេខា​លើ​ច្បាប់​ស្តីពី​ថាមពល។

របាយការណ៍​នេះ​បាន​ស្នើ​ឱ្យ​មាន​ការ​ដាក់​កម្រិត​លើ​សីតុណ្ហភាព​ជា​មធ្យម​លើ​សាកលលោក​ឱ្យ​ត្រឹម​២ អង្សារ​សេ​លើស​ពី​កម្រិត​មុន​សម័យ​បដិវត្តន៍​ឧស្សាហកម្ម។ ៣៥ ឆ្នាំ​ក្រោយ​មក នៅ​ក្នុង​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ប្រទេស​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​បាន​កំណត់​គោលដៅ​ស្រដៀង​គ្នា​នេះ។

លោក Alter បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP ថា៖ «ប្រសិន​បើ​លោក [Carter] ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី​ពីរ យើង​ប្រហែល​ជា​បាន​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​ដើម​ទសវត្សរ៍ ១៩៨០ ម្ល៉េះ។ នៅ​ពេល​អ្នក​គិត​អំពី​រឿង​នេះ វា​ជា​រឿង​ដែល​ស្ទើរតែ​គួរ​ឱ្យ​សោកសៅ​មួយ​ទៀត​បន្ថែម​ទៅ​នឹង​ការ​បរាជ័យ​ផ្នែក​នយោបាយ​របស់​លោក»។

លោក Ronald Reagan បាន​បញ្ចប់​កិច្ច​ពិភាក្សា​ជាន់ខ្ពស់​អំពី​ការ​បញ្ចេញ​កាបូន។ លោក​បាន​ប្រឆាំង​នឹង​ច្បាប់​ស្ដង់ដារ​ប្រសិទ្ធផល​ថាមពល​ដោយ​ចាត់ទុក​ច្បាប់​នេះ​ថា​ជា​ទង្វើ​លើសលប់​ជ្រុល​ពី​សំណាក់​រដ្ឋាភិបាល និង​បាន​កាត់បន្ថយ​និយតកម្ម​ខ្លះ។ លោក Don Regan ដែល​ជា​នាយក​ខុទ្ទកាល័យ​សេតវិមាន​នៅ​ពេល​នោះ បាន​ហៅ​បន្ទះ​ស្រូប​ថាមពល​ព្រះអាទិត្យ​ថា​ជា «រឿង​កំប្លែង»។

ការ​បន្ត​សម្រេច​ឱ្យ​បាន​ឯករាជ្យភាព​ផ្នែក​ថាមពល

ទោះបីជា​លោក Carter បាន​សង្កត់ធ្ងន់​លើ​ថាមពល​កកើត​ឡើង​វិញ​ក៏ដោយ ក៏​វិស័យ​ឥន្ធនៈ​ផូស៊ីល​នៅ​តែ​ទទួល​បាន​ប្រយោជន៍​ពី​ការ​ជំរុញ​របស់​លោក​ឆ្ពោះ​ទៅ​កាន់​ឯករាជ្យភាព​ផ្នែក​ថាមពល។

លោក Collin O'Mara នាយក​ប្រតិបត្តិ​អង្គការ National Wildlife Foundation បាន​ចង្អុល​ទៅលើ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ដែល​សាងសង់​ឡើង​ក្នុង​អំឡុង​អាណត្តិ​របស់​លោក Carter និង​ក្នុង​ពេល​ភ្លាមៗ​ក្រោយ​មក និង​ទៅលើ​ការ​លុបចោល​និយតកម្ម​លើ​ផលិតកម្ម​ឧស្ម័ន​ធម្មជាតិ។ លោក O'Mara បាន​ហៅ​ការ​លុបចោល​និយតកម្ម​លើ​ផលិតកម្ម​ឧស្ម័ន​ធម្មជាតិ​នេះ​ថា​ជា «លក្ខខណ្ឌ​ដំបូង» ឆ្ពោះ​ទៅ​កាន់​ការ​ខួង​យក​ឧស្ម័ន​ធម្មជាតិ​និង​ប្រេង​ក្រោម​ដី​ទ្រង់ទ្រាយ​ធំ។

លោក Bapna បាន​កត់សម្គាល់​ថា លោក Carter បាន​គាំទ្រ​ការ​ខួង​យក​ឧស្ម័ន​និង​ប្រេង​ក្រោម​ដី​នៅ​ក្នុង​សមុទ្រ​ឆ្ងាយ​ពី​មាត់​សមុទ្រ​នៃ​កោះ Long Island ក្នុង​រដ្ឋ New York និង​តំបន់ New England។

លោក Steven Nadel នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​អាមេរិកាំង​សម្រាប់​សេដ្ឋកិច្ច​ប្រសិទ្ធផល​ផ្នែក​ថាមពល (American Council for an Energy-Efficient Economy) បាន​ចង្អុល​ទៅលើ​សាជីវកម្ម​ឥន្ធនៈ​សំយោគ (Synthetic Fuels Corporation) របស់​លោក Carter ដែល​ជា​កិច្ចប្រឹងប្រែង​រយៈពេល​ខ្លី​មួយ​ក្នុង​ការ​ផលិត​ជម្រើស​ផ្សេង​ពី​ឥន្ធនៈ​ផូស៊ីល ដែល «អាច​នឹង​ជំរុញ​ឱ្យ​មាន​ការ​បញ្ចេញ​កាបូន​ច្រើន​ជាង​មុន»។

លោក Nadel បាន​បន្ត​ថា លោក Carter មាន​អាទិភាព​ត្រឹមត្រូវ ជាពិសេស​លើ​ផ្នែក​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ដែល​សម្របសម្រួល​តាមរយៈ​ក្រសួង​ថាមពល។ លោក Nadel បាន​ថ្លែង​ថា៖ «លោក​បាន​នាំ​ឱ្យ​យើង​ចាត់​ជា​វិធានការ​ថ្នាក់ជាតិ​ជាជាង​វិធានការ​របស់​ទីភ្នាក់ងារ​នេះ​ផង​ទីភ្នាក់ងារ​នោះ​ផង»។

ការ​ការពារ​សមិទ្ធផល​របស់​ព្រះជាម្ចាស់

ការ​យកចិត្ត​ទុកដាក់​មក​លើ​បរិស្ថាន​របស់​លោក Carter មាន​ឫសគល់​ចេញ​ពី​កុមារភាព​របស់​លោក​នៅ​តំបន់​ជនបទ​ដែល​លោក​ធ្លាប់​បាន​ប្រមាញ់​និង​ធ្វើការ​នៅ​ក្នុង​កសិដ្ឋាន​ឪពុក​របស់​លោក។

លោក Dubose Porter មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Georgia បាន​និយាយ​ថា៖ «លោក Jimmy Carter គឺជា​អ្នក​គាំពារ​បរិស្ថាន​មុន​ពេល​ប្រធានបទ​នេះ​បាន​ក្លាយជា​ផ្នែក​ដ៏​ពិត​ប្រាកដ​មួយ​នៃ​ការ​ពិភាក្សា​នយោបាយ​ទៅ​ទៀត។ ខ្ញុំ​មិនមែន​និយាយ​អំពី​រឿង​បន្ទះ​ស្រូប​ថាមពល​ព្រះអាទិត្យ​នៅ​សេតវិមាន​នោះទេ។ ការ​ផ្តោត​លើ​តែ​រឿង​នេះ​មាន​ន័យ​ថា​យើង​នឹង​មើល​រំលង​កិច្ច​ប្រឹងប្រែង​តាំង​ពី​ដើម​និង​ការ​តាំងចិត្ត​របស់​លោក»។

លោក Porter បាន​បន្ត​ថា យុវភាព​របស់​លោក Carter បាន​ជះ​ឥទ្ធិពល​មក​លើ​លោក Carter ខ្លួនឯង​ផ្ទាល់​ពេល​លោក​ធ្វើជា​អភិបាល​រដ្ឋ ដោយ​លោក​បាន​លើកកម្ពស់​ប្រព័ន្ធ​ឧទ្យាន​ជាតិ​នៅ​រដ្ឋ Georgia ហើយ​បាន​ប្រឆាំង​នឹង​សមាជិក​សភា​រដ្ឋ​នេះ​ដែល​ចង់​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​លើ​ទន្លេ​មួយ។ លោក Carter បាន​ធ្វើ​ដំណើរ​នៅ​លើ​ទន្លេ​នោះ​ដោយ​ផ្ទាល់​ហើយ​បាន​សម្រេច​ថា​ស្ថានភាព​ធម្មជាតិ​របស់​ទន្លេ​នោះ​មាន​តម្លៃ​ធំធេង​ជាង​សំណើ​សាងសង់​ដែល​ចំណេញ​ច្រើន​របស់​រដ្ឋាភិបាល​សហព័ន្ធ​ទៅទៀត។

នៅ​រដ្ឋធានី​វ៉ាស៊ីនតោន លោក Carter បាន​បន្ត​ការ​តតាំង​បើ​ទោះបី​ពេលខ្លះ​មិន​ទទួល​បាន​ជោគជ័យ​ក៏ដោយ​ដើម្បី​ប្រឆាំង​នឹង​ការ​ផ្តល់​មូលនិធិ​សម្រាប់​គម្រោង​នានា​ដែល​លោក​ចាត់ទុក​ថា​បង្ក​ការ​ខូចខាត​និង​មិន​ចាំបាច់។ ប៉ុន្តែ​លោក​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ផ្នែក​ពង្រីក​ការ​ការពារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​លើ​ផ្ទៃ​ដី​ជាង ៦០,៧ លាន​ហិកតា​រួមមាន​ព្រៃឈើ Redwood នៅ​ក្នុង​រដ្ឋ California និង​ផ្ទៃដី​ដ៏​ធំ​ក្នុង​រដ្ឋ Alaska ផងដែរ។

លោក Randall Balmer សាស្រា្តចារ្យ​មហាវិទ្យាល័យ Dartmouth ដែល​បាន​សរសេរ​ពី​ជំនឿ​របស់​លោក Carter បាន​និយាយ​ថា លោក Carter បាន​ចាត់ទុក​ខ្លួនឯង​ថា​ជា​អ្នក​ការពារ​សម្បត្តិ​ធម្មជាតិ​ដែល​ព្រះ​បាន​ប្រទាន។

លោក Balmer បាន​ថ្លែង​ថា៖ «សមាជិក​សាសនា​គ្រិស្ដ​វ័យ​ក្មេង​នៅតែ​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​លោក [Carter] នៅ​ពេល​សព្វថ្ងៃ​នេះ»។

ការ​រិះគន់​លើ​ការ​ប្រើប្រាស់​មិន​ចាំបាច់

លោក Nadel បាន​កត់សម្គាល់​ថា លោក Carter បាន​ឈ្នះ​តំណែង​ជា​ប្រធានាធិបតី​ក្នុង​អំឡុងពេល​ដែល​មាន​កង្វះ​ថាមពល​ដែល​បាន​ចាក់​ឫស​នៅ​ក្នុង​ជម្លោះ​ជា​សាកល ជា​ពិសេស​នៅ​តំបន់​មជ្ឈិម​បូព៌ា​ដែល​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ប្រេង​ឥន្ធនៈ ដូច្នេះ​សន្តិសុខ​ជាតិ​និង​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​មាន​ភាព​ស៊ីគ្នា​ជាមួយ​នឹង​ជំនឿ​សាសនា​និង​ការ​ស្រឡាញ់​ធម្មជាតិ​របស់​លោក Carter។

លោក Carter បាន​ប្រៀប​ប្រដូច​វិបត្តិ​ថាមពល​ទៅ​នឹង «សង្រ្គាម​ផ្នែក​សីលធម៌» ហើយ​ស្របពេល​ដែល​អតិផរណា​និង​ការ​ប្រើប្រាស់​ឧស្ម័ន​កើនឡើង លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​លះបង់​លក្ខណៈ​បុគ្គល​និង​អនុវត្ត​វិធានការ​ទាំងស្រុង​លើ​ថាមពល​កកើត​ឡើងវិញ។

លោក Carter បាន​ព្រមាន​កាលពី​ឆ្នាំ ១៩៧៩ ថា៖ «អត្តសញ្ញាណ​មនុស្ស​គឺ​លែង​កំណត់​បាន​ដោយ​អ្វី​ដែល​បុគ្គល​ម្នាក់​បាន​ធ្វើ​ទៀត​ហើយ ប៉ុន្តែ​ដោយ​អ្វី​ដែល​បុគ្គល​ម្នាក់​មាន​ទៅវិញ។ ប៉ុន្តែ​យើង​បាន​រក​ឃើញ​ថា ការ​មាន​និង​ការ​ប្រើប្រាស់​របស់របរ​ផ្សេងៗ​មិន​បាន​បំពេញ​ចំណង់​របស់​យើង​ក្នុង​ការ​ស្វែងរក​អត្ថន័យ​នោះ​ទេ»។

ការ​លើកឡើង​បែប​នេះ​គឺ​ជា​របៀប​ពិសេស​មួយ​នៅ​ក្នុង​នយោបាយ​របស់​ប្រធានាធិបតី​សម្រាប់​ការ​រិះគន់​លើ​ការ​ប្រើប្រាស់​ដែល​មិន​បាន​តាមដាន​ត្រឹមត្រូវ​ក្នុង​សង្គម​អាមេរិកាំង។ លោក Carter ពេញចិត្ត​ដែល​ពលរដ្ឋ​អាមេរិកាំង​ជាង ១០០ លាន​នាក់​បាន​ទស្សនា​សុន្ទរកថា​នេះ។ នៅ​ឆ្នាំ ២០១០ លោក Carter បាន​ទទួលស្គាល់​នៅ​ក្នុង «កំណត់ហេតុ​សេតវិមាន» របស់​លោក​ថា សុន្ទរកថា​របស់​លោក​គឺ​ធ្វើ​ឡើង​មិន​បាន​ល្អ​នោះ​ទេ ប៉ុន្តែ​ថា​សុន្ទរកថា​នេះ​គឺជា​កត្តា​នាំមុខ​នៃ​ការ​តស៊ូមតិ​ឱ្យ​មាន​វិធានការ​មុតមាំ​និង​ដោយ​ផ្ទាល់​ក្នុង​វិស័យ​ថាមពល។

អភិបាល​រដ្ឋ Washington លោក Jay Inslee ដែល​ក្នុង​អំឡុង​ពេល​ឈរ​ឈ្មោះ​ប្រធានាធិបតី​ឆ្នាំ ២០២០ បាន​ផ្តោត​លើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បាន​និយាយ​ថា៖ «អ្នក​អាច​និយាយ​បាន​ថា​អាណត្តិ​ប្រធានាធិបតី​របស់​លោក Carter នៅតែ​ផ្តល់​ជា​លទ្ធផល​នៅ​ពេល​សព្វថ្ងៃ​នេះ។ ខ្ញុំ​បាន​យល់​ដឹង​ក្នុង​ឆាក​នយោបាយ​ថា​ការ​ចំ​ពេល​ល្អ​និង​ព្រេង​សំណាង​គឺ​ជា​រឿង​សំខាន់»៕

XS
SM
MD
LG