មិនថាមនុស្សម្នាក់ចូលទៅក្នុងទីសក្ការៈតូចមួយនៅព្រះវិហារ Maranatha Baptist ប៉ុន្មានដងនោះទេ ពួកគេតែងតែមានគំនិតសុភវិនិច្ឆ័យមួយចំនួនពីពាក្យរបស់លោក Jimmy Carter ដែលយកគំរូតាមព្រះគម្ពីរ។
នេះគឺជាផ្នែកមួយទៀតរបស់លោក Carter ដែលជាប្រធានាធិបតីទី ៣៩ របស់សហរដ្ឋអាមេរិក។ លោកជាបុរសម្នាក់មានជំនឿយ៉ាងខ្ជាប់ខ្ជួន ដែលបានចំណាយពេលបង្រៀននៅសាលាថ្ងៃអាទិត្យ នៅពេលដែលលោកទំនេរពីការសាងសង់ផ្ទះសម្រាប់អ្នកខ្វះខាត ឬទំនេរពីការតស៊ូមតិឱ្យមានការបោះឆ្នោតប្រកបដោយយុត្តិធម៌ ឬជួយកម្ចាត់ជំងឺដ៏កាចសាហាវ។
សម្រាប់មនុស្សក្មេង ចាស់ អ្នកស្រឡាញ់ភេទផ្ទុយគ្នា អ្នកស្រឡាញ់ភេទដូចគ្នា អ្នកជឿនិងអ្នកមិនជឿសាសនា អ្នកស្បែកខ្មៅ ស្បែកស និងស្បែកត្នោត ព្រះវិហារ Maranatha គឺជាទិសដៅផ្លូវឆ្ងាយដាច់ស្រយាលនៅភាគនិរតីនៃរដ្ឋ Georgia ដែលនៅទីនោះលោក Carter ក្នុងវ័យ ៩០ ឆ្នាំប្លាយរបស់លោកបានភ្ជាប់ទំនាក់ទំនងជាមួយបងប្អូនជនរួមជាតិរបស់លោកនៅទូទាំងពិភពលោក។
នរណាម្នាក់ដែលមានបំណងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់លោកនៅទីក្រុង Plains ដែលមានអ្នករស់នៅរាប់រយនាក់ ដូចត្រូវរង្វាន់ដោយអាចចូលទៅជួបបុរសសក់សម្នាក់ដែលធ្លាប់កាន់តំណែងខ្ពស់បំផុតនៅក្នុងសហរដ្ឋអាមេរិក។
លោក Carter បង្រៀននៅសាលាថ្ងៃអាទិត្យចំនួនពីរលើកក្នុងមួយខែដែលពេលខ្លះមានមនុស្សរហូតដល់ជាង ៥០០ នាក់។ នៅថ្ងៃអាទិត្យណាដែលលោកមិនបង្រៀន មានមនុស្សតែប្រមាណ២០ ឬ៣០នាក់ និងអ្នកមកទស្សនាមួយចំនួនដែលតែងតែចូលរួម។
នៅទីនេះ អតីតមេបញ្ជាការកំពូលសហរដ្ឋអាមេរិកនិងភរិយារបស់លោករយៈពេលជាង ៧ ទសវត្សរ៍តាំងខ្លួនជាបុគ្គលសាមញ្ញគឺលោក Jimmy និងអ្នកស្រី Rosalynn។ ហើយនៅពេលនិយាយពីការបន់ស្រន់ព្រះជាមួយនឹងពួកគេ នរណាក៏ត្រូវបានទទួលស្វាគមន៍ដែរ។
ថ្ងៃអាទិត្យជាមួយនឹងលោក Jimmy
នៅមុនពេលលោកអតីតប្រធានាធិបតីចូលទៅកាន់ទីសក្ការៈ ដែលមានឆ្កែហិតរកក្លិនគ្រាប់បែកនៅខាងក្រៅនិងកងការពារប្រធានាធិបតីនៅជុំវិញនោះ បទបញ្ជាតឹងរ៉ឹងមួយចំនួននឹងត្រូវបានរៀបរាប់ដោយអ្នកស្រី Jan ដែលមានឈ្មោះពេញថា Jan Williams។ អ្នកស្រី Jan គឺជាសមាជិកដ៏យូរអង្វែងម្នាក់នៃព្រះវិហារនេះ ហើយក៏ជាមិត្តភក្តិរបស់គ្រួសារលោក Carter ផងដែរ។ អ្នកស្រីនឹងធ្វើដូចជាពលបាលត្រីម្នាក់អ៊ីចឹង។
វាប្រៀបដូចជាទម្លាប់របស់ប៉ូលិសល្អនិងប៉ូលិសអាក្រក់អ៊ីចឹង។ អ្នកស្រី Jan រៀបរាប់បទបញ្ជាដែលអ្នកដឹងថាចេញមកដោយផ្ទាល់ពីលោក Jimmy ដែលលោកបានសិក្សាអំពីរូបវិទ្យានុយក្លេអ៊ែរនិងបានធ្វើអ្វីៗដោយមានសណ្ដាប់ធ្នាប់តាមរបៀបវិស្វករ។
សំខាន់ជាងគេសម្រាប់អ្នកដែលចង់ថតរូបជាមួយនឹងគ្រួសារលោក Carter ដែលមានស្ទើរតែគ្រប់គ្នានោះ គេត្រូវនៅរហូតដល់ម៉ោង ១១ ព្រឹកដែលជាកម្មវិធីសំខាន់នៅរបស់ព្រះវិហារ។ ហើយការថតរូបចាប់ផ្ដើមនៅម៉ោងប្រហែល ១២ ថ្ងៃត្រង់។
ប្រសិនបើអ្នកចាកចេញពីព្រះវិហារនៅមុនពេលនោះ អ្នកមិនអាចត្រឡប់មកវិញបានទេ។ តែប្រសិនបើអ្នកបន្ដនៅ អ្នកត្រូវធ្វើតាមបទបញ្ជា។ គ្មានការសុំហត្ថលេខា។ គ្មានការចាប់ដៃ។ គ្មានការសន្ទនាអ្វីស៊ីជម្រៅក្រៅតែពីនិយាយថា «អរុណសួស្ដី» ឬ «អរគុណ» ទេ។
លោកCarter ដែលតែងតែពាក់អាវក្រៅសម្រាប់លេងកីឡា ខោសាច់ក្រណាត់ និងក្រវាត់ក ចាប់ផ្ដើមបង្រៀនដោយដើរជុំវិញទីសក្ការៈ សួរដោយទឹកមុខធម្មតាថាតើមានភ្ញៀវមកដែរឬទេហើយបើសិនជាមានតើពួកគេមកពីណាដែរ ហើយសំណួរនេះតែងតែធ្វើឱ្យគេសើច។ ក្នុងដំណើររបស់ខ្ញុំជាច្រើនលើកទៅកាន់ព្រះវិហារ Maranatha ខ្ញុំប្រាកដថា ខ្ញុំធ្លាប់ឮរដ្ឋទាំង៥០ នេះមិនរាប់ទាំងអ្នកមកពីបណ្ដាប្រទេសឆ្ងាយៗមួយចំនួនផង។
ប្រសិនបើមាននរណាម្នាក់ឆ្លើយថាមកពីរដ្ឋធានីវ៉ាស៊ីនតោន ចម្លើយគឺត្រូវបានទស្សន៍ទាយទុកជាមុនហើយ។ លោកអតីតប្រធានាធិបតី Carter ដែលធ្លាប់កាន់តំណែងបានមួយអាណត្តិនឹងឆ្លើយតបវិញទាំងញញឹមថា «ខ្ញុំធ្លាប់រស់នៅទីនោះ»។
មេរៀនអំពីព្រះគម្ពីររបស់លោកCarter ផ្ដោតលើមូលបទសំខាន់ថា៖ ព្រះប្រទានជីវិត ក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ និងផ្ដល់សេរីភាពឱ្យរស់នៅជីវិតដ៏ជោគជ័យទាំងស្រុងមួយ។ ប៉ុន្តែមេរៀនទាំងនោះតែងតែចាប់ផ្ដើមដោយនិយាយអំពីអ្វីដែលលោកបានធ្វើ ឬទស្សនៈរបស់លោកចំពោះកិច្ចការពិភពលោក។
លោក Carter អាចនិយាយអំពីការសាងសង់ផ្ទះជាមួយនឹងអង្គការ Habitat for Humanity ឬសោកស្ដាយចំពោះជម្លោះអាមេរិកចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ លោកអាចនិយាយអំពីការងាររបស់លោកជាមួយនឹងក្រុម The Elders ដែលជាក្រុមនៃអតីតមេដឹកនាំពិភពលោក ឬអំពីដំណើរកម្សាន្តទៅប៉ែកខាងលិចដើម្បីទៅស្ទូចត្រី ជាមួយនឹងលោក Ted Turner។ លោកអាចនិយាយអំពីជោគជ័យរបស់មជ្ឈមណ្ឌល The Carter ក្នុងការកម្ចាត់ដង្កូវហ្គីណេ ឬមិត្តភាពយូរអង្វែងរបស់លោកជាមួយនឹងលោក Willie Nelson និងលោក Bob Dylan ជាដើម។
លោក Carter ធ្លាប់និយាយម្ដងអំពីចំណង់ចំណូលចិត្តរបស់លោក Nelson ចំពោះកញ្ឆាថា៖ «Willie Nelson គឺជាមិត្តចាស់ម្នាក់។ គាត់ធ្លាប់មកលេងខ្ញុំនៅសេតវិមាន»។
លោក Carter ថ្លែងទៀតទាំងញញឹមនិងញាក់ភ្នែកថាមានន័យថាលោកជឿគ្រប់ពាក្យថា៖ «ខ្ញុំមិនដឹងថា Willie និងកូនៗខ្ញុំធ្វើអ្វីទេបន្ទាប់ពីខ្ញុំចូលគេងបាត់នោះ។ ខ្ញុំធ្លាប់ឮពាក្យចចាមអារ៉ាម»។
អ្វីដែលខ្ញុំចូលចិត្តបំផុតនោះគឺ៖ លោក Carter ប្រាប់អំពីគម្រោងសៀវភៅចុងក្រោយបង្អស់របស់លោកនិងរបៀបដែលលោកបានប្រើប្រាស់ encyclopedias ជាយូរមកហើយដើម្បីធ្វើការស្រាវជ្រាវ។
លោក Carter បានសម្រេចចិត្តថា ទិន្នន័យទាំងនោះប្រើកន្លែងទុកធំពេក ដូច្នេះលោកក៏ប្រមូលវាដាក់ក្នុងកេស រួចធ្វើដំណើរទៅតាមសាលារៀននិងបណ្ណាល័យដោយរំពឹងថា នឹងមាននរណាម្នាក់ចង់បានឥវ៉ាន់បរិច្ចាគពីអតីតប្រធានាធិបតីម្នាក់។ ផ្ទុយទៅវិញ លោកបែរជាទទួលបានការបដិសេធថា៖ សូមទោស គ្មាននរណាម្នាក់ប្រើ encyclopedias ទៀតទេ។
ខ្ញុំក៏នឹកឃើញ។ លោក Carter ដែលកើតក្រោយសង្គ្រាមលោកលើកទី១បញ្ចប់បាន៥ឆ្នាំសួរថា៖ «តើឥឡូវនេះខ្ញុំអាចរកចម្លើយអ្វីមួយតាមណា?» លោកឈប់បន្ដិច រួចក៏ឆ្លើយថា៖ «Google»។
ការចងចាំអំពីទស្សនកិច្ច
ក្នុងអំឡុងពេលនៃទស្សនកិច្ចភាគច្រើនរបស់ខ្ញុំទៅកាន់ Maranatha លោក Carter និយាយ ៤៥ នាទីដោយមិនអង្គុយចុះ។ ការចងចាំរបស់លោកនៅតែល្អដដែល ដោយមានតែម្ដងម្កាលប៉ុណ្ណោះដែលលោកត្រូវមើលកំណត់ត្រាដាក់នៅក្នុងព្រះគម្ពីររបស់លោក ប៉ុន្តែរាងកាយរបស់លោកកាន់តែទន់ខ្សោយខណៈដែលលោកឈានចូលដល់អាយុ៩០ក្រាស់។ លោកបាននិយាយដោយបើកចំហអំពីវ័យជរារបស់លោក។
លោកប្រឆាំងនឹងសមាជិកព្រះវិហារដែលចង់ឱ្យលោកអង្គុយចុះពេលបង្រៀន។ ខ្ញុំបានស្ថិតនៅទីនោះពេលលោកព្យាយាមធ្វើវាលើកទីមួយកាលពីខែសីហា ឆ្នាំ២០១៨។
លោក Carter បាននិយាយថា៖ «ខ្ញុំមិនស្រួលចិត្តទេក្នុងការអង្គុយចុះ តែខ្ញុំនឹងព្យាយាមធ្វើវា»។
លោកធ្វើវាមិនបានទេនៅពេលនោះ។ លោក Carter អង្គុយមិនដល់១០នាទីផង រួចក៏ក្រោកឈរបង្រៀន។ លោកក៏បន្ដឈរនៅនឹងតុរហូតដល់បង្រៀនចប់។
ពេលត្រឡប់ទៅទីនោះម្ដងទៀតមួយឆ្នាំក្រោយមក លោក Carter បានស្ទាក់ស្ទើរក្នុងការប្រើកៅអីពណ៌សដែលមានតេឡេសម្រាប់បញ្ជាពីចម្ងាយ។ បន្ទាប់ពីអង្គុយចុះ កុងតាក់មួយនឹងលើកលោកឡើងយឺតៗទៅលើ ដែលធ្វើឱ្យអ្នកអង្គុយនៅខាងក្រោយក៏អាចមើលលោកឃើញ។
ប្រសិនបើគ្មានបន្ទប់គ្រប់គ្រាន់នៅក្នុងទីសក្ការៈ កៅអីបត់បន្ថែមទៀតត្រូវបានតម្រៀបនៅក្នុងសាលនិងនៅតាមថ្នាក់រៀនតូចៗ។ មេរៀនរបស់លោក Carter នឹងត្រូវចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ដែលផ្សាយបន្តពីបន្ទប់ធំ។
តើវាជារឿងខកចិត្តសម្រាប់ភ្ញៀវមកទស្សនាឬ? វាអាចកើតឡើង។ ប៉ុន្តែការរំលែកទៅបន្ទប់នៅក្រោយមានអត្ថប្រយោជន៍របស់វា។ លោក Carter ដែលតែងតែមកដល់១៥នាទីមុនពេលចាប់ផ្ដើមបង្រៀននៅម៉ោង១០ព្រឹក នឹងទៅមើលថ្នាក់រៀនទាំងនោះមុនពេលលោកដើរឆ្ពោះទៅកាន់ទីសក្ការៈ។ លោកក៏នឹងអាចឆ្លើយសំណួរមួយចំនួនដែលលោកមិនធ្វើនៅមុខហ្វូងមនុស្សច្រើននោះទេ។
បន្ទាប់ពីអត្ថបទអំពីប្រវត្តិរូបសង្ខេបរបស់លោកចេញផ្សាយកាលពីឆ្នាំ២០១៨ដោយកាសែត The Washington Post ថាគ្រួសារលោក Carter តែងតែទៅទទួលទានអាហារពេលល្ងាចថ្ងៃសៅរ៍ដោយរួមមានទាំងការទទួលទានស្រា Chardonnay តម្លៃសមរម្យមួយកែវម្នាក់នៅផ្ទះរបស់អ្នកស្រី Jill Stuckey ដែលជាមិត្តសម្លាញ់ផងដែរ។ ខ្ញុំបានសួរលោក Carter ថាតើលោកបានទទួលទានស្រាប៉ុន្មានកែវកាលពីយប់។
លោក Carter ឆ្លើយទាំងញញឹមថា «ខ្ញុំនឹងនិយាយថាមួយកែវ»។ អ្នកស្រី Stuckey ដែលឈរនៅពីក្រោយលោក គ្រវីក្បាលហើយលើកម្រាមដៃពីរឡើង។
មិនថាអ្នកអង្គុយនៅទីណានោះទេ ទោះជានៅទីសក្ការៈឬនៅបន្ទប់ក្រោយ អ្នករាល់គ្នាអាចថតរូបជាមួយនឹងលោក Jimmy និងអ្នកស្រី Rosalynn។ អស់រយៈពេលជាច្រើនឆ្នាំ នេះទំនងជាអំណោយដ៏ធំបំផុត។
នៅពេលយើងចាប់ផ្ដើមចូលដំបូង រូបថតទាំងនោះត្រូវបានថតនៅខាងក្រោមដើមឈើមួយដើមនៅខាងក្រៅព្រះវិហារ។ ក្រោយពីត្រូវបានពិនិត្យឃើញថាមានជំងឺមហារីកកាលពីឆ្នាំ២០១៥ លោក Carter និងភរិយារបស់លោកឈរថតរូបជាមួយនឹងភ្ញៀវនៅខាងក្នុងទីសក្ការៈ។ លោក Carter ចូលចិត្តនិយាយកំប្លែងអំពីបន្ទុកដែលលោកត្រូវអង្គុយថតរូបទាំងនោះ ដែលមានរហូតដល់រាប់សែនប៉ុស្ដិ៍។
លោក Carter និយាយបន្ទាប់ពីការបង្រៀនចុងក្រោយរបស់លោកមួយថា «ខ្ញុំនឹងរីករាយដែលបានថតរូបជាមួយនឹងអ្នកទាំងអស់គ្នា។ តាមពិត ដោយសារតែខ្ញុំនៅក្នុងព្រះវិហារ ខ្ញុំគួរតែនិយាយថា ខ្ញុំមានឆន្ទៈនឹងថតរូបជាមួយនឹងអ្នកទាំងអស់គ្នា»។
សម្រាប់គ្រួសាររបស់ខ្ញុំ រូបថតទាំងអស់នោះបង្ហាញនូវកុមារាម្នាក់ធំធាត់ទៅជាបុរសម្នាក់ជាមួយនឹងលោក Jimmy និងអ្នកស្រី Rosalynn។ វាពិតជាមានអត្ថន័យណាស់។
ការបង្រៀនចុងក្រោយបង្អស់
វត្តមានអ្នកចូលរួមរៀននៅសាលាថ្ងៃអាទិត្យជាមួយនឹងលោក Carter បានថយចុះក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច Great Recession។ ប៉ុន្តែហ្វូងមនុស្សបានត្រឡប់មកវិញបន្ទាប់ពី លោកប្រកាសថាលោកមានជំងឺមហារីក ដោយមានអ្នកខ្លះឈរតម្រង់ជួររង់ចាំនៅខាងក្រៅព្រះវិហារតាំងពីមួយយប់មុន។
លោកCarter បានប្រកាសថាលោកលែងមានជំងឺមហារីក ប៉ុន្តែលោកមានបញ្ហាសុខភាពផ្សេងទៀត។ ក្រោយពីលោកដួលនៅផ្ទះលោកកាលពីខែតុលា ឆ្នាំ២០១៩ ដែលបានបណ្ដាលឱ្យលោកបាក់ឆ្អឹងត្រគាក ព្រះវិហារនេះបានប្រកាសថា លោក Carter នឹងមិនបង្រៀននៅថ្នាក់បន្ទាប់ទៀតទេនៅថ្ងៃទី ៣ ខែវិច្ឆិកា ដែលយើងបានគ្រោងនឹងចូលរួមក្នុងថ្ងៃនោះ។ យើងបានលុបចោលការកក់បន្ទប់សណ្ឋាគាររបស់យើងទាំងខកចិត្ត។
ប៉ុន្តែលោក Jimmy មិនឈប់ត្រឹមនេះទេ។
ព្រះវិហារបានលុបចោលថ្ងៃបង្រៀននោះដោយមិនបានពិភាក្សាជាមួយនឹងលោក។ លោកបាននិយាយយ៉ាងច្បាស់ថាលោកនឹងមិនលុបចោលមេរៀននោះទេ។ ក្រោយមកយើងក៏បានកក់បន្ទប់សណ្ឋាគារវិញយ៉ាងលឿន។ មេរៀនរបស់លោក Carter នៅថ្ងៃនោះ ដែលផ្អែកលើសៀវភៅ Book of Job គឺពិសេសក្នុងការរំឭកឡើងវិញ។
លោកនិយាយថា៖ «ខ្ញុំនឹងចាប់ផ្ដើមដោយសួរអ្នកនូវសំណួរដ៏ស៊ីជម្រៅមួយ។ តើមានប៉ុន្មាននាក់ដែលជឿថាមានជីវិតក្រោយការស្លាប់?»
លោក Carter បានសារភាពថាលោកមានមន្ទិលសង្ស័យស្ទើរពេញមួយជីវិតរបស់លោក រហូតដល់ពេលដែលមានជំងឺមហារីក ទើបលោកអាចលុបចោលមន្ទិលទាំងនោះបាន។ នៅពេលដែលចុងបញ្ចប់នៃពិភពលោកនេះមកដល់ លោកនឹងត្រៀមខ្លួនរួចរាល់។
លោក Carter និយាយទាំងញញឹមថា៖ «យើងមិនមានអ្វីដែលត្រូវខ្លាចទេ បន្ទាប់ពីការស្លាប់»។
នៅចុងបញ្ចប់នៃមេរៀនរបស់លោក លោកបានស្នើឱ្យគ្រប់គ្នាធ្វើរឿងល្អមួយសម្រាប់អ្នកដទៃម្នាក់។ លោក Carter បានសន្យាថា៖ «ខ្ញុំនឹងឱ្យអ្នកធានាថាធ្វើវាឱ្យបាន»។
ប៉ុន្តែលោកមិនដែលមានឱកាសនោះទេ។
សុខភាពរបស់លោកបន្តចុះដុនដាប រហូតដល់រដូវបុណ្យណូអែល។ ក្រោយមកក៏មានការរាតត្បាតជំងឺកូវីដ ១៩ ដែលបង្កឱ្យមានការបិទខ្ទប់ពិភពលោកនៅក្នុងឆ្នាំ២០២០។
នៅត្រឹមរដូវក្ដៅកាលនោះ វាច្បាស់ណាស់ថាតួនាទីដ៏អស្ចារ្យរបស់លោក Jimmy ក្នុងនាមជាអ្នកចែករំលែករឿងល្អៗ ដែលលោកបានចាប់ផ្ដើមនៅធ្វើវានៅអាយុ១៨ឆ្នាំនិងបានបន្ដធ្វើវាឡើងវិញក្រោយអាណត្តិជាប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក បានបញ្ចប់ហើយ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា