សន្និសីទកំពូលក្រុង Jeddah ស្តីពីការស្វែងរកការបញ្ចប់ដោយសន្តិវិធីដល់សង្គ្រាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនបានបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយពួកអ្នកចូលរួមបានព្រមព្រៀងគ្នាដើម្បីបន្តការពិភាក្សា។ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយប្រទេសអារ៉ាប់ប៊ី សាអូឌីតដែលបានរៀបចំសន្និសីទនេះ។
ពួកមន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន៤២ បានចូលរួមនៅក្នុងសន្និសីទកំពូលសន្តិភាពរយៈពេល២ថ្ងៃនៅក្នុងទីក្រុង Jeddah ក៏ប៉ុន្តែមិនមានមន្ត្រីមកពីប្រទេសរុស្ស៊ីចូលរួមទេ។
លោក Andriy Yermak នាយកខុទ្ទកាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យបានហៅការពិភាក្សានៅក្នុងទីក្រុង Jeddah ថា «ប្រកបដោយផ្លែផ្កា» ខណៈដែលរដ្ឋាភិបាលក្រុងមូស្គូបានហៅជំនួបនោះថាជាការប៉ុនប៉ងដោយបរាជ័យដើម្បីទាក់ទាញបណ្តាប្រទេសនៅភាគខាងត្បូងពិភពលោកឲ្យងាកមកគាំទ្ររដ្ឋាភិបាលក្រុងកៀវ។
ការចរចាកម្រិតខ្ពស់រួមមានប្រតិភូមកពីក្រុមប្រទេស BRICS ដូចជាប្រេស៊ីល ឥណ្ឌា ចិន និងប្រទេសអាហ្វ្រិកខាងត្បូង។
ទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈប្រតិភូរបស់ប្រេស៊ីលលោក Celso Amorim ដែលជាទីប្រឹក្សាគោលនយោបាយការបរទេសបានបញ្ជាក់ថា៖ «ការចរចាពិតប្រាកដត្រូវតែរួមបញ្ចូលភាគីទាំងអស់» រួមទាំងប្រទេសរុស្ស៊ីផងដែរ។ នេះបើតាមឯកសារចម្លងនៃសេចក្តីថ្លែងការណ៍របស់លោកដែលបានចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បានដឹកនាំគណៈប្រតិភូរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅឯសន្និសីទក្រុង Jeddah។ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់សេតវិមាន។
ក្រុមមន្ត្រីប្រទេសលោកខាងលិចនិងពួកអ្នកវិភាគបាននិយាយថា ការទូតរបស់អារ៉ាប់ប៊ីសាអូឌីតមានសារៈសំខាន់នៅក្នុងការស្នើឲ្យមានវត្តមានរបស់ចិននៅឯការចរចានោះ។
នៅក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ព្រះរាជាណាចក្រនេះបានរក្សាចំណងទាក់ទងជាមួយភាគីទាំង២ដែលតំណាងជាអ្នកសម្របសម្រួលនិងស្វះស្វែងរកតួនាទីកាន់តែធំឡើងនៅលើឆាកអន្តរជាតិ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។