ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyenបានព្រមាននៅថ្ងៃចន្ទនេះថា អឺរ៉ុបនឹងមិនអត់ឱនការឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែនឬតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទេ។ ការថ្លែងដូចនេះនៅពេលដែលលោកស្រីបានបញ្ជាក់ឡើងវិញពីការទទួលស្គាល់របស់សហភាពអឺរ៉ុបដល់ការសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិឆ្នាំ២០១៦ដែលចាត់ទុកជាមោឃៈ ភាពដល់ការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះនោះ។
លោកស្រី Von der Leyenបានថ្លែងនៅឯសន្និសីទកាសែតរួមគ្នាមួយជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បន្ទាប់ពីធ្វើការចរចានៅក្នុងរដ្ឋធានីម៉ានីលដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងដល់ទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចនិងសន្តិសុខ។ មេដឹកនាំទាំង២បានប្រកាសថាប្លុកដែលមានប្រទេស២៧នឹងបន្តចរចាជាមួយហ្វីលីពីនអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានជាប់គាំងនៅឆ្នាំ២០១៧ នៅក្រោមការដឹកនាំរបស់លោក Rodrigo Duterte។
លោកស្រីបានបញ្ជាក់ពីតម្រូវការនៃកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយសំដៅដល់ការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនដែលលោកស្រីបាននិយាយថា បានបង្ហាញថា តើមេដឹកនាំផ្តាច់ការ«មានចេតនាធ្វើការគំរាមកំហែងរបស់ពួកគេយ៉ាងដូចម្តេច»។
វោហាសាស្ត្ររបស់លោកស្រីបានបន្ទរតាមមេដឹកនាំសហរដ្ឋអាមេរិកដែលបានបង្កើនការភ្ញាក់ផ្អើលដល់សកម្មភាពគឃ្លើនកាន់តែកើនឡើងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
លោកស្រីបានមានប្រសាសន៍ទៀតថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចដើម្បីធ្វើឱ្យប្រសើឡើងនូវកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនដើម្បីបង្កើនសន្តិសុខនាវាចរណ៍ក្នុងតំបន់ដោយការចែករំលែកព័ត៌មាន ធ្វើការវាយតម្លៃការគំរាមកំហែងនិងបង្កើនឆ្មាំការពារដែនសមុទ្រហ្វីលីពីន។
ដំណើរទស្សនកិច្ចរបស់លោកស្រី Von der Leyenទៅកាន់ប្រទេសហ្វីលីពីនជាសញ្ញា នៃភាពប្រសើរឡើងនូវចំណងទាក់ទងបន្ទាប់ពីមានភាពរកាំរកូសមួយរយៈពេលរវាងសហភាពអឺរ៉ុបនិងអតីតប្រធានាធិបតីហ្វីលីពីនលោកDuterte អំពីសិទ្ធិមនុស្ស។ នេះជាដំណើរទស្សនកិច្ចជាន់ខ្ពស់បែបនេះលើកដំបូងនៅក្នុងរយៈពេល៦ទសវត្សរ៍ទៅកាន់ហ្វីលីពីន៕