នៅក្នុងដំណើរទស្សនកិច្ចមួយមកកាន់កម្ពុជា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វឹមីអូ គីស៊ីដា (Fumio Kishida) បានពិភាក្សាជាមួយមេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើបញ្ហាជាច្រើនពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វិបត្តិមួយចំនួនក្នុងតំបន់អឺរ៉ុប និងអាស៊ីគ្នេយ៍។ បន្ថែមពីនេះ មេដឹកនាំជប៉ុនរូបនោះ ក៏បានបន្តជំរុញឲ្យមានការបោះឆ្នោតមួយក្នុងប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងមតិចម្រុះ ខណៈកម្ពុជានឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងខែមិថុនាខាងមុខ។
លោក គីស៊ីដា បានមកដល់ទីក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងពេលចាប់ផ្តើមដំណើរទស្សនកិច្ចកាលពីថ្ងៃទី២០ ខែមីនានេះ មេដឹកនាំទីក្រុងតូក្យូលោក គីស៊ីដា បានជួបពិភាក្សាទ្វេភាគីជាមួយលោក ហ៊ុន សែន នៅវិមានសន្តិភាព និងផ្លាស់ប្តូរយោបល់លើវិបត្តិនៅអ៊ុយក្រែន និងមីយ៉ាន់ម៉ា និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរក្នុងវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យសុខាភិបាល សេដ្ឋកិច្ច និងសន្តិសុខ។
មេដឹកនាំទំាំងពីរក៏បានផ្លាស់ប្តូរយោបល់លើការបន្តកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការសម្រេចបាននូវ «ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ» ដោយយោងតាមនីតិរដ្ឋ ដើម្បីរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ នេះ បើតាមសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំទាំងពីរដែលត្រូវបានចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា និងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា។
ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន នាយករដ្ឋមន្ត្រីទាំងពីរបានទទួលស្គាល់ដោយបញ្ឆិតបញ្ឆៀងថាការឈ្លានពានរបស់រុស្ស៊ីបានបង្កមហន្តរាយដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលមិនទទួលយកនូវការកែប្រែជាឯកតោភាគីណាមួយ ចំពោះព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងនោះទេ។
សេចក្តីថ្លែងការណ៍រួមបានផ្តល់ការអធិប្បាយក្នុងន័យដើមថា៖ «នាយករដ្ឋមន្ត្រីទាំងពីរ បានទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន»។
ចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា ឬភូមា មេដឹកនាំទាំងពីរបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងប្រទេសដែលជាសមាជិកសមាគមអាស៊ានមួយនេះ និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា បញ្ឈប់ការនាំចូលអាវុធ និងស្នើគ្រប់ភាគីទាំងអស់ឱ្យធ្វើការអត់ធ្មត់ជាអតិបរមា និងចាប់ផ្តើមដំណើរការចរចា សម្រាប់ដោះស្រាយប្រកបដោយសន្តិវិធីដោះលែងអ្នកជាប់ឃុំដោយរឿងនយោបាយ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាព និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ។
ក្រៅពីបញ្ហាខាងលើ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា បានបង្ហាញបំណងរបស់ជប៉ុនក្នុងការគាំទ្រដល់ការលើកកម្ពស់សិទ្ធិមនុស្ស និងនីតិរដ្ឋ ដូចជាការរៀបចំការបោះឆ្នោតតាមវិធីមួយ«ដែលឆ្លុះបញ្ចាំងពីសំឡងចម្រុះពីប្រជាជនកម្ពុជា» តាមរយៈគម្រោងនានា រួមមានការលើកកម្ពស់កិច្ចសន្ទនារវាងរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល ការពង្រឹងអភិបាលកិច្ចតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ និងជំនួយបច្ចេកទេសផ្នែកច្បាប់។
នៅត្រង់បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះ លោក ហ៊ុន សែន បានកោតសរសើរចំពោះការខិតខំរបស់ប្រទេសជប៉ុនក្នុងនាមជាប្រទេសសម្របសម្រួលការតាក់តែងសេចក្តីសម្រេចចិត្តស្តីពីសេវាប្រឹក្សា និងជំនួយបច្ចេកទេសសម្រាប់កម្ពុជា នៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមដដែល។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិលោកជុំ សុន្ទរី ប៉ុន្តែមន្ត្រីនាំពាក្យរូបនោះស្នើឱ្យទៅប្រើប្រាស់សេចក្តីថ្លែងការណ៍របស់មេដឹកនាំកម្ពុជា និងជប៉ុនដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ។
នៅមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុនមកកាន់កម្ពុជា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន និងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយលោក Hayashi Yoshimasa រដ្ឋមន្រ្តីការបរទេសជប៉ុន ក្នុងទីក្រុងតូក្យូ កាលពីខែកុម្ភៈ។ រដ្ឋមន្ត្រីការបរទេសជប៉ុនបានឲ្យដឹងថាជប៉ុនចង់ផ្តល់ការគាំទ្រតាមដែលអាចធ្វើទៅបានដើម្បីឲ្យការបោះឆ្នោតក្នុងប្រទេសកម្ពុជាប្រព្រឹត្តទៅតាមបែបប្រជាធិបតេយ្យនិងភាពចម្រុះនៃការចូលរួមរបស់គណបក្ស។
លោក Hayashi បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រទេសជប៉ុនចង់ផ្តល់ការគាំទ្រច្រើនតាមតែអាចធ្វើទៅបានដើម្បីឱ្យការបោះឆ្នោតឃុំសង្កាត់ក្នុងប្រទេសកម្ពុជានាខែមិថុនាឆ្នាំ[២០២២]នេះនិងការបោះឆ្នោតសកលនៅឆ្នាំក្រោយប្រព្រឹត្តទៅតាមបែបប្រជាធិបតេយ្យនិងភាពចម្រុះ»។
គួរបញ្ជាក់ផងដែរថាប្រទេសជប៉ុនជាម្ចាស់ជំនួយទ្វេភាគីដ៏ធំរបស់កម្ពុជាដែលមានចំនួន២៥%នៃជំនួយបរទេសក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះដែលមានចំនួនសរុបប្រហែល៧២៥លានដុល្លារ។ ជប៉ុនបានគាំទ្រតុលាការខ្មែរក្រហម ផ្តល់ថវិកាដល់ការដោះមីន ស្ថាបនាផ្លូវថ្នល់ ស្ពាននិងកំពង់ផែ និងបានផ្តល់ជំនួយផ្សេងៗទៀតក្នុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។
ប្រទេសជប៉ុនក៏ស្ថិតក្នុងក្រុមប្រទេស Quad (ឬដៃគូសន្ទនាសន្តិសុខចតុភាគី) ដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយឥទ្ធិពលចិននិងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម Belt and Road Initiativeរបស់ចិនផងដែរ។
នៅមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកគីស៊ីដានៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ត្រូវបានមើលឃើញថាបានរងការគំរាមកំហែងពីអន្ទាក់បំណុលដ៏ខ្លាំង ពីព្រោះតែប្រាក់កម្ចីអភិវឌ្ឍរបស់ចិនដែលកំពុងបង្ខំឱ្យលោក ហ៊ុន សែន វាយតម្លៃឡើងវិញនូវចំណងទាក់ទងជាមួយប្រទេសលោកខាងលិច ដោយមានជប៉ុន គឺជាអ្នកសម្របសម្រួល។ នេះបើតាមលោកCarl Shuster សាស្ត្រាចារ្យគោចរនៅឯសាកលវិទ្យាល័យ Hawaii Pacific ដែលបានប្រាប់វីអូអេកាលពីពេលថ្មីៗនេះ។
លោកប្រាប់វីអូអេតាមន័យដើមថា៖ «ជប៉ុន កំពុងចាប់ផ្តើមនិយាយម៉ឺងម៉ាត់។ អារម្មណ៍ល្អចំពោះជប៉ុនបានរីកកាន់តែធំឡើង ពីព្រោះតែអាកប្បកិរិយារបស់ចិន»។
លោក Shuster បន្ថែមទៀតថា៖ «លោកហ៊ុន សែន បានដឹងអំពីការពិតថាចិន មិនមែនជាដៃគូមានសុវត្ថិភាពដូចដែលលោកបានគិតកាលពីមុនទេ។ ខ្ញុំគិតថាលោកជឿថាប្រសិនបើលោកអាចយកការវិនិយោគរបស់ជប៉ុនមកទប់ចិនបាន ពេលនោះអាចផ្តល់លទ្ធភាពឲ្យលោកទប់ទល់នឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនបាន»។
ត្រឡប់មកស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅក្នុងប្រទេសកម្ពុជាដែលគណបក្សនយោបាយជំទាស់ធំមួយ គឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលនោះ នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត និយាយថាការបោះឆ្នោតមួយដែលអាចយកជាការបាន ល្គឹកណាមានគណបក្សនយោបាយមានសំឡេងគាំទ្រពីប្រជាជនប្រហាក់ប្រហែលគ្នានៅក្នុងការបោះឆ្នោត។
«អ៊ីចឹងគឺវាដូចកីឡាវាយប៊ុក អ៊ីចឹងកាលណាតែគូប្រជែងប្រហាក់ប្រហែលគ្នា អ៊ីចឹងគឺការមើលទៅ ការតាមដាន និងការពិនិត្យមើល គឺមានមនុស្សច្រើន ដែលពិនិត្យហើយ ហើយឈ្នះចាញ់គេចាត់ទុកថា វាជារឿងមួយ ដែលល្អបំផុត។ អ៊ីចឹងការប្រកួតប្រជែងហ្នឹង កីឡាករដែលល្អដូចគ្នាហើយទាល់តែអាប៊ីត [អាជ្ញាកណ្តាល]ហ្នឹង គឺស្ថិតនៅក្នុងអព្យាក្រឹត និងយុត្តិធម៌ដូចគ្នាដែរ»។
បើតាមលោក អំ សំអាត ប្រទេសជប៉ុនមានតួនាទីសំខាន់មួយក្នុងការសម្របសម្រួលឱ្យមានការបោះឆ្នោតសេរី និងត្រឹមត្រូវមួយនៅកម្ពុជា ដូចអ្វីដែលអង្គការសហប្រជាជាតិធ្លាប់បានរៀបចំ កាលពីឆ្នាំ១៩៩៣៕