នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយកាលពីថ្ងៃចន្ទ ដែលប្រភពជាច្រើននិយាយថា គឺលោកទៅតាមដានសុខភាពជាធម្មតារបស់លោក ក៏ប៉ុន្តែការទៅពិនិត្យសុខភាពនេះ ក៏បានធ្វើឲ្យមានការព្រួយបារម្ភពីសុខភាពរបស់លោកផងដែរ។
តាមរូបភាពវីដេអូរបស់ទូរទស្សន៍ទីក្រុងតូក្យូបានបង្ហាញពីរូបភាពរថយន្តពណ៌ខ្មៅដែលគេជឿថា បានដឹកលោក Abe ទៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យ Keio ក្នុងទីក្រុងតូក្យូ។
ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Shinzo Abe បដិសេធមិនធ្វើអត្ថាធិប្បាយទេ ជុំវិញរឿងនេះ ដោយគេនិយាយថា ការទៅពិនិត្យសុខភាពរបស់លោកនោះ មិនមានក្នុងកម្មវិធីផ្លូវការរបស់លោកនោះទេ។ លោកនាយករដ្ឋមន្ត្រីបានសម្រាកក្នុងរដូវក្តៅ ដូចពលរដ្ឋជប៉ុនជាច្រើនផងដែរ។
លោក Shinzo Abe ដែលមានអាយុ៦៥ឆ្នាំ ធ្លាប់មានបញ្ហាសុខភាពកាលពីលើកមុន។ លោកត្រូវបានគេបង្ខំឲ្យចាកចេញពីអំណាចក្នុងឆ្នាំ២០០៧ បន្ទាប់ពីកាន់អំណាចបានមួយឆ្នាំ ដោយសារលោកមានបញ្ហាសុខភាពដំបៅពោះវៀន។
ទោះបីជាលោក Abe ជាធម្មតាទៅសម្រាកក្នុងរដូវក្តៅនៅផ្ទះលោកនៅជនបទក្នុងអំឡុងពេលនេះ តែលោកស្នាក់នៅក្នុងទីក្រុងតូក្យូក្នុងឆ្នាំនេះ ដោយសារបារម្ភពីបញ្ហារាតត្បាតនៃជំងឺកូវីដ១៩ នេះបើតាមការឲ្យដឹងរបស់ទីភ្នាក់ងារព័ត៌មាន Kyodo ។
លោក Abe ជានាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់អំណាចយូរជាងគេក្នុងប្រទេសជប៉ុន ហើយលោកកំពុងកាន់អំណាចក្នុងអាណត្តិទី២របស់លោក៕