អភិបាលក្រុងតូក្យូអ្នកស្រី Yuriko Koike បាននិយាយថា ករណីឆ្លងកូវីដ១៩ថ្មីកាលពីថ្ងៃព្រហស្បតិ៍មានរហូតដល់៣៦៦ករណីដែលនេះលើកទី១ដែលមានករណីប្រចាំថ្ងៃកើនលើសពី៣០០ ខណៈដែលជប៉ុននឹងចាប់ផ្តើមថ្ងៃការឈប់សម្រាក៤ថ្ងៃនៅក្នុងថ្ងៃសុក្រនេះ។
អ្នកស្រីថ្លែងក្នុងសន្និសីទព័ត៌មានមួយថាចំនួនច្រើននេះមួយផ្នែកដោយសារមានការធ្វើតេស្តច្រើនមិនធ្លាប់មាន។
ប៉ុន្តែអ្នកជំនាញជប៉ុនបានព្រមានថា មានសញ្ញាថាវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩កាន់តែឆ្លងខ្លាំងឡើង ដោយមិនត្រឹមតែឆ្លងក្នុងចំណោមយុវជនដែលទៅកម្សាន្តនៅក្លឹបរាត្រីដូចការគិតពីមុនប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លងដល់មនុស្សចាស់នៅតាមផ្ទះ កន្លែងធ្វើការ និងភោជនីយដ្ឋានទៀត។
ប្រទេសជប៉ុនទាំងមូលក៏មានការកើនករណីឆ្លងកូវីដ១៩ ដោយកាលពីថ្ងៃពុធបានរាយការណ៍៧៩៥ករណីថ្មី ដែលនេះជាចំនួនច្រើនជាងករណីខ្ពស់បំផុតរបស់ជប៉ុនកាលពីខែមេសា។
អភិបាលក្រុងតូក្យូបានសុំឲ្យអ្នកក្រុងនៅផ្ទះក្នុងពេលឈប់សម្រាកច្រើនថ្ងៃចុងសប្តាហ៍នេះ ទោះបីនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានសម្រេចធ្វើយុទ្ធនាការជំរុញទេសចរណ៍ក្នុងស្រុក ដែលមិនរួមបញ្ចូលក្រុងតូក្យូទេ៕