ប្រទេសជប៉ុនកាលពីថ្ងៃពុធបានបញ្ជាក់ថា អត្រាឆ្លងថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសនេះបានកើនឡើងលើស១.០០០នាក់ជាលើកដំបូងនៅក្នុងប្រទេសជប៉ុនចាប់តាំងពីមានវិបត្តិសុខភាពនេះ។
ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ការឆ្លងនៅថ្ងៃពុធមានលើស១.២០០ករណីថ្មី ដែលមានច្រើននៅរាជធានីតូក្យូ ប៉ុន្តែក៏មានពីតំបន់ទីប្រជុំជនធំៗផ្សេងៗទៀតដូចជាក្រុង Aichi និង Osaka ដែលបានរាយការណ៍តួលេខច្រើនបំផុតរបស់តំបន់ទាំងនេះ។
មន្ត្រីនៅខេត្ត Osaka ភាគខាងលិចប្រទេសបានរាយការណ៍ថា មានករណីថ្មី២២១ ដែលជាលើកទីមួយដែលករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅទីនោះបានកើនលើស២០០ករណី។
នៅក្នុងសន្និសីទព័ត៌មានក្នុងទីក្រុងតូក្យូកាលពីថ្ងៃពុធ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីលោក Yoshihide Suga ថ្លែងថា ខេត្តខ្លះកំពុងខ្វះខាតកន្លែងស្នាក់នៅដូចជាសណ្ឋាគារ និងគេហដ្ឋានដើម្បីព្យាបាលអ្នកជំងឺដែលមានរោគសញ្ញាតិចតួច។
លោក Suga បានបន្ទោសការកើនឡើងករណីឆ្លងនៅពេលថ្មីនេះទៅលើ បណ្តុះអ្នកឆ្លង ដែលជាក្រុមមនុស្សនៅកន្លែងណាមួយដែលមិនបានរក្សាគម្លាតពីគ្នាក្នុងសង្គម។ លោកថា គិតត្រឹមថ្ងៃអង្គារអាជ្ញាធរបានរកឃើញបណ្តុំអ្នកឆ្លងចំនួន៥៥០ក្រុមទូទាំងប្រទេស៕