អ្នកជំនាញខាងជំងឺឆ្លងជប៉ុនម្នាក់និយាយថា លោកមិនគិតថា ការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុងតូក្យូដែលត្រូវគេគ្រោងម្តងទៀតនោះ អាចធ្វើឡើងនៅឆ្នាំក្រោយនោះទេ ពីព្រោះតែអ្វីដែលលោកទស្សន៍ទាយថា មានជាប់ទាក់ទិននឹងការគំរាមកំហែងមេរោគកូរ៉ូណា។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយតាមសន្និសីទវីដេអូកាលពីថ្ងៃចន្ទនៅក្លឹបអ្នកយកព័ត៌មានបរទេសរបស់ជប៉ុន លោក Kentaro Iwata សាស្រ្តាចារ្យជំងឺឆ្លងនៅសាកលវិទ្យាល័យកូបេបាននិយាយថា ពីព្រោះតែកីឡាអូឡាំពិក ជាប់ទាក់ទិនការនាំកីឡាករ និងទស្សនជនមកពីប្រទេសទាំងអស់ទូទាំងពិភពលោក មានការប្រថុយប្រថានខ្លាំងពេកចំពោះការធ្វើឲ្យមានការចាប់ផ្តើមឡើងវិញនូវការផ្ទុះជំងឺកូវីដ១៩។
លោក Iwata បានប្រសាសន៍ទៀតថា ការប្រកួតកីឡាអូឡាំពិកជាបញ្ហាដែលជប៉ុនអាចត្រួតត្រាមេរោគកូរ៉ូណានោះបាន ហើយបន្ទាប់មកប្រទេសផ្សេងទៀតនៅក្នុងពិភពលោកធ្វើដូចគ្នាបានដែរ។ លោកបាននិយាយទៀតថា ប្រសិនបើ ពួកគេមិនធ្វើការផ្លាស់ប្តូរនីតិវិធីទេ ដូចជាកម្រិតការចូលរួមរបស់អ្នកមើលនោះទេ លោកនៅតែមិនមានសង្ឃឹម ទោះជាថ្នាំវ៉ាក់សាំងចាក់ការពារត្រូវបានបង្កើតនៅពេលនោះក៏ដោយ។
គណៈកម្មាធិការរៀបចំកីឡាអូឡាំពិករបស់ជប៉ុនរួមជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានលើកពេលវេលានៃការប្រកួតកីឡារដូវក្តៅទៅឆ្នាំក្រោយ ពីព្រោះតែការរាលដាលជាសាកលនូវមេរោគកូរ៉ូណានេះ។ ទីភ្នាក់ងារព័ត៌មាន Associated Press រាយការណ៍ថា លោក Toshiro Muto អគ្គនាយកគណៈកម្មាធិការរៀបចំអូឡាំពិករបស់ជប៉ុនក៏បានសម្តែងនូវបារម្ភអំពីការប្រកួតកីឡាដែលត្រូវធ្វើនៅឆ្នាំក្រោយនោះដែរ។
កីឡាអូឡាំពិកជារឿយៗទាក់ទាញកីឡាករ និងកីឡាករជនពិការ គ្រូបង្ហាត់ប្រហែល១ម៉ឺន១ពាន់នាក់។ អ្នកទស្សនាបរទេសរាប់ម៉ឺននាក់ក៏ចូលរួមពិធីនេះផងដែរ៕