មេដាយសម្រាប់កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកឆ្នាំ២០២០នៅទីក្រុង តូក្យូ នឹងផលិតឡើងពីលោហធាតុដែលចម្រាញ់ចេញពីទូរស័ព្ទដៃចាស់ៗដែលគេបោះចោល។
គណៈកម្មាធិការរៀបចំកីឡាអូឡាំពិកនិយាយថា ពួកគេកំពុងតែស្នើដល់សាធារណជនជប៉ុនឲ្យបរិច្ចាគទូរស័ព្ទដៃចាស់ៗឬគ្រឿងអេឡិចត្រូនិចចាស់ៗដទៃទៀត ដើម្បីប្រមូលលោហធាតុប្រមាណ៨តោនសម្រាប់ផលិតមេដាយមាស ប្រាក់ និងសំរឹទ្ធចំនួន៥០០០គ្រឿង សម្រាប់ផ្តល់ជូនដល់ជ័យលាភីនៅក្នុងការប្រកួតកីឡាទាំង២នេះ។
ចាប់ផ្តើមពីខែមេសានេះទៅ ប្រអប់ពិសេសមួយសម្រាប់បរិច្ចាគទូរស័ព្ទដៃចាស់ៗនឹងត្រូវដាក់នៅតាមការិយាល័យនិងហាងលក់ទូរស័ព្ទដៃនានា។
យោងតាមសារព័ត៌មាន BBC លោក Koji Murofushi ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកទីក្រុង តូក្យូ ឆ្នាំ ២០២០នេះ បានមានប្រសាសន៍ថា «គម្រោងដែលនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋជប៉ុនអាចចូលរួមនៅក្នុងការផលិតមេដាយនេះបាន គឺពិតជាល្អខ្លាំងណាស់។ ធនធាននៅលើផែនដីយើងមានកម្រិត ដូច្នេះការកែច្នៃធនធានទាំងនេះឡើងវិញនឹងធ្វើឲ្យយើងគិតគូរដល់បរិស្ថាន»។
វិធានការនេះត្រូវបានទទួលការគាំទ្រពីអតីតកីឡាករទទួលបានមេដាយមាសរបស់អាមេរិក លោក Ashton Eaton។ លោកបានបង្ហោះសារលើបណ្តាញសង្គម Tweeter ថា លោកចង់ឈប់ចូលនិវត្តន៍ ហើយមកប្រកួតដណ្តើមយកមេដាយមួយក្នុងចំណោមមេដាយផលិតពីសំណល់កែច្នៃទាំងនេះ។
នេះមិនមែនជាលើកទីមួយទេ ដែលសំណល់កែច្នៃត្រូវបានប្រើប្រាស់ដើម្បីផលិតមេដាយអូឡាំពិកនោះ។ នៅក្នុងការប្រកួតកីឡាអូឡាំពិកកាលពីឆ្នាំ២០១៦នៅទីក្រុង Rio មេដាយសំរឹទ្ធនិងមេដាយប្រាក់ត្រូវបានផលិតឡើងដោយផ្នែក ពីផលិតផលកែច្នៃឡើងវិញ៕