ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រៅពី​នយោបាយ​-សន្តិសុខ លោក ចន ឃែរី ឲ្យ​តម្លៃ​​ការ​អភិរក្ស​​កេរដំណែល​វប្បធម៌ខ្មែរ


លោក John Kerry រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទស្សនា​សារមន្ទីរ​ជាតិ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។
លោក John Kerry រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទស្សនា​សារមន្ទីរ​ជាតិ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។

​លោក ចន ឃែរី បាន​ឆ្លៀត​ឱកាស​រយៈពេល​មួយ​ម៉ោង​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ​កម្ពុជា ដែល​មាន​កំណើត​ឆ្នាំ​១៩២០ នៅ​ជិត​ព្រះបរម​រាជវាំង ដែល​មាន​តាំង​វត្ថុបុរាណ​ជាង​១.៦០០​មុខ​នៃ​វត្ថុបុរាណ​ជាង​១៧.០០០​មុខ​នៅ​សារមន្ទីរ​នេះ។

ក្រៅ​ពី​ធ្វើ​ការ​ពិភាក្សា​បញ្ហា​នយោបាយ​ សេដ្ឋកិច្ច​ អំពើ​ពុករលួយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សហ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ទំនាក់​ទំនង​អាមេរិក​អាស៊ាន​ លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​ចំណាប់​អារម្មណ៍​របស់​លោក​ទាក់ទង​នឹង​វត្ថុ​បុរាណ​ចោរ​លួច​ ហើយ​ដែល​រដ្ឋាភិបាល​ ស.រ.អា.​បាន​ជួយ​ក្នុង​ការ​ប្រគល់​មក​ឲ្យ​ប្រទេស​កម្ពុជា​វិញ ដែល​ជា​ប្រទេស​កំណើត​របស់​វត្ថុ​បុរាណ​ទាំង​នេះ។

អំឡុង​ទស្សនកិច្ច​ដ៏​មមាញឹក​រយៈពេល​២​ថ្ងៃ លោក​ប្រមុខ​ការទូត ​ស.រ.អា.​បាន​ឆ្លៀត​ឱកាស​រយៈពេល​មួយ​ម៉ោង​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ​កម្ពុជា ដែល​មាន​កំណើត​ឆ្នាំ​១៩២០ នៅ​ជិត​ព្រះបរម​រាជវាំង ដែល​មាន​តាំង​វត្ថុបុរាណ​ជាង​១.៦០០​មុខ​នៃ​វត្ថុបុរាណ​ជាង​១៧.០០០​មុខ​នៅ​សារមន្ទីរ​នេះ។​

ក្នុង​សន្និសីទ​ព័ត៌មាន​មុន​ពេល​បញ្ចប់​ទស្សនកិច្ច លោក ចន ឃែរី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​អំពី​កម្មវិធី​របស់​លោក​នៅ​សារមន្ទីរ​ជាតិ​យ៉ាង​ដូច្នេះ​ថា៖

«ព្រឹក​មិញ ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ​ ដែល​ជា​កន្លែង​ដែល​វត្ថុ​បុរាណ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​មក​វិញ។ សារមន្ទីរ​នេះ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​អស្ចារ្យ ដែល​ជា​រតនសម្បត្តិ​ពី​អតីតកាល ដែល​ប្រាប់​ពី​ការ​អភិវឌ្ឍ​របស់​មនុស្ស​ជាតិ​នៅ​ក្នុង​ពិភពលោក នៅ​ក្នុង​តំបន់​នេះ‍»។

នៅ​សារមន្ទីរ​ជាតិ​លោក ចន ឃែរី ត្រូវ​បាន​លោក​ ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​លោក​ គង់ វីរៈ ប្រធាន​សារមន្ទីរ​ជាតិ ហើយ​និង​មន្ត្រី​សារមន្ទីរ​ជាតិ​នានា​ទទួល​ស្វាគមន៍ ​និង​នាំ​ទៅ​ទស្សនា​កន្លែង​សំខាន់ៗ​សម្រាប់​លោក​ទស្សនា ជាពិសេស​រោង​ជាង​ជួសជុល​វត្ថុបុរាណ​បាក់បែក ហើយ​ជា​ពិសេស​នោះ​គឺ​វត្ថុបុរាណ​ដែល​ស.រ.អា.​បាន​ជួយ​ស្វែង​រក ​និង​បញ្ជូន​មក​កម្ពុជា​វិញ​ តាម​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​នោះ។

ថ្មីៗ​រដ្ឋាភិបាល​ ស.រ.អា.​បាន​ជួយ​ក្នុង​ការ​បញ្ជូន​វត្ថុបុរាណ​ ដែល​អ្នក​ទិញ​នៅ​ស.រ.អា.​ស្ម័គ្រ​ចិត្ត​ប្រគល់​ឲ្យ​ប្រទេស​កម្ពុជា​វិញ និង​តតាំង​នៅ​តុលាការ​ក្នុង​ករណី​ ដែល​អ្នក​ទិញ​នៅ​ស.រ.អា.​មិន​ព្រម​ប្រគល់​វត្ថុបុរាណ​ជា​ច្រើន ដែល​មិន​អាច​កាត់​ថ្លៃ​បាន ដែល​រួម​មាន​រូប​ចម្លាក់​ផងដែរ។

ទស្សនកិច្ច​របស់​លោក ចន ឃែរី នៅ​សារមន្ទីរ​ជាតិ​ដែល​មាន​ដាក់​តាំង​វត្ថុបុរាណ​១.៦០០​នៃ​វត្ថុបុរាណ​១៧.០០០​នោះ មាន​អត្ថន័យ​ធំធេង​សម្រាប់​ប្រទេស​កម្ពុជា។

លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​បាន​ប្រាប់ VOA ថា ​ស.រ.អា.​ និង​ប្រទេស​កម្ពុជា​មាន​អនុស្សរណៈ​យោគយល់​គ្នា​បី​អាណត្តិ​ គឺ​តាំង​ពី​ឆ្នាំ​២០០៣​ក្នុង​ការ​ប្រគល់​វត្ថុ​សិល្បៈ​បុរាណ​មក​ឲ្យ​ប្រទេស​ដើម​វិញ។

លោក​រដ្ឋលេខាធិការ​ ជុច ភឿន បាន​ឲ្យ​ដឹង​ថា គោលបំណង​ធំ​បំផុត​នៃ​ទស្សនកិច្ច​របស់​លោក​ ចន ឃែរី នៅ​សារមន្ទីរ​ជាតិ​គឺ​ស.រ.អា.​ចង់​ដឹង​ថា តើ​វត្ថុបុរាណ​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ខំ​ព្យាយាម​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​នោះ​បាន​ទទួល​ការ​ថែទាំ​កម្រិត​ណា។ លោក​ពន្យល់​ថា៖

«យើង​បាន​គិត​ថា​ ប្រហែល​ជា​លោក​ចង់​ដឹង​អំពី​បុរាណវត្ថុ​ដែល​បាន​វិល​ពី​សារមន្ទីរ Metropolian (ញូវយ៉ក) ក្តី ដូច​ជា​មក​ពី Sotheby ដែល​យក​រូប​ទៅ​ដាក់​តាំង​លក់ ហើយ​ក្តី​ក្តាំ​គ្នា ហើយ​រដ្ឋាភិបាល​អាមេរិក​ជួយ​កម្ពុជា​ក្នុង​វិស័យ​នេះ​ ក្នុង​វិស័យ​តុលាការ គឺ​ថា ត​ក្តី​ឈ្នះ​ដោយ​សារ​រដ្ឋាភិបាល​(អាមេរិក)​តែ​ម្តង។ ដូច្នេះ​កាយវិការ​នេះ យើង​កាត់​ថ្លៃ​មិន​បាន​ទេ។ ហើយ​ប្រហែល​យើង​ចាត់​ទុក​ថា ប្រហែល​គាត់​ចង់​ដឹង​រឿង​ហ្នឹង​ថា​ តើ​បុរាណ​វត្ថុ​នោះ​មក​ដល់​ប្រទេស​កម្ពុជា​មែន​ដែរ​ឬ​អត់? ដូច្នេះ​ការណ៍​ជាក់​ស្តែង​មែន ហើយ​យើង​កំពុង​តែ​ថែ​ទាំ‍»។

លោក ជុច ​ភឿន ​មាន​ប្រសាសន៍​ថា ដោយ​យល់​ពី​បំណង​ទស្សនកិច្ច​នេះ ក្រសួង​បាន​នាំ​លោក​ ចន ឃែរី ទៅ​ទស្សនា​រោង​ជាង​អភិរក្ស​ជួសជុល​វត្ថុបុរាណ​ដែល​បាក់បែក។ បន្ទាប់​មក​មន្ត្រី​សារមន្ទីរ​ក៏​ជូន​លោក​ទស្សនា​វត្ថុបុរាណ​ផ្សេងៗ​ដែល​ក្នុង​នោះ​វត្ថុបុរាណ​ប្រគល់​ដោយ​ស.រ.អា.​ថ្មី​នេះ​ផង​ដែរ។

លោក​អំពាវនាវ​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត ដែល​មាន​វត្ថុបុរាណ​របស់​ប្រទេស​ដទៃ គួរ​ធ្វើ​តាម​ស.រ.អា.​ដែល​ជា​គំរូ​ដ៏​ល្អ។

«អារម្មណ៍​របស់​យើង​ដែល​យើង​ឃើញ​បុរាណវត្ថុ​យើង​ដែល​គេ​យក​ទៅ​ដាក់​ដេញ​ថ្លៃ​អញ្ចឹង គឺ​ថា​មិន​ល្អ។ ដូច្នេះ​យើង​បាន​សុំ​ឲ្យ​ប្រទេស​នានា ដែល​រក​ស៊ី​លក់ដូរ​បុរាណវត្ថុ​ហ្នឹង តាម​រយៈ​ឯកជន​ក្តី តាម​រយៈ​សារមន្ទីរ​ក្តី សូម​ឲ្យ​យក​តម្រាប់​តាម​សហរដ្ឋ​អាមេរិក ពីព្រោះ​នេះ​ជា​អំពើ​ដ៏​ល្អ​មួយ ដែល​បុរាណវត្ថុ​ខ្មែរ លែង​មាន​វត្តមាន​ទៅ​ក្នុង​ទឹកដី​នៃ​សហរដ្ឋ​អាមេរិក។ បើ​មាន​ពេល​ណា គឺ​ថា រដ្ឋាភិបាល​នឹង​ចាប់​បញ្ជូន​បុរាណវត្ថុ​ទាំង​នោះ ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ‍»។

​លោក​រដ្ឋលេខាធិការ​ ជុច ភឿន​ និយាយ​ដោយ​បង្ហាញ​ទឹក​មុខ​សោកស្តាយ​ថា វត្ថុបុរាណ​របស់​ខ្មែរ​ត្រូវ​បំផ្លាញ​ក្នុង​សម័យ​សង្គ្រាម និង​ដោយ​ចោរកម្ម​ដែល​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​វត្ថុ​បុរាណ​មិន​អាច​កាត់​ថ្លៃ​បាន។

«ការ​វាយ​បំបាក់​ត្រឹម​ក​ជើង កាត់​ផ្តាច់ ហើយ​ដឹក​យក​តែ​តួ​អង្គ​បុរាណវត្ថុ​ហ្នឹង​ទេ តែ​អត់​យក​បល្ល័ង្គ​ ឬ​ព្រះថែន​ហ្នឹង​នៅ​កន្លែង​ដើម‍»៕

XS
SM
MD
LG